លោក ហ៊ុន ម៉ាណែត បន្ត​វាយប្រហារ​លើ​បក្ស​ប្រឆាំង​ដែល​រិះគន់​រឿង​បាត់​ដី​ទៅ​ថៃ

0
116
របងព្រំដែនដែលថៃសង់ឯកតោភាគី (ឆ្វេង) និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំខាងលើ) និងអតីតតំណាងរាស្ត្រ លោក អ៊ុំ សំអាន (ក្រោម)។
របងព្រំដែនដែលថៃសង់ឯកតោភាគី (ឆ្វេង) និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំខាងលើ) និងអតីតតំណាងរាស្ត្រ លោក អ៊ុំ សំអាន (ក្រោម)។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តវាយប្រហារលើបក្សប្រឆាំងដែលរិះគន់រដ្ឋាភិបាលថា បាន ធ្វើឱ្យបាត់ទឹកដីទៅថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងភូមិសាស្ត្រ​ខេត្ត​បាត់ដំបង។ ការបន្តវាយប្រហាររបស់លោក ហ៊ុន ម៉ាណែត នេះ ដោយសំអាងលើអ្នកប្រើប្រាស់ បណ្ដាញសង្គម​ថៃខ្លះ​អះអាង ដោយគ្មានមូលដ្ឋានថា ពលរដ្ឋថៃបានបាត់ដីស្រែជាង ១០០​ហិកតារ ទៅខាងខ្មែរ ក្រោយពីថៃធ្វើរបងបេតុងតាមព្រំដែន។ មន្ត្រីបក្សប្រឆាំង​ថា ការយក​ព័ត៌មាន​ថៃ ដែលគ្មាន​មូលដ្ឋាន ដើម្បីវាយប្រហារអ្នករិះគន់ គឺជាគ្រោះថ្នាក់សម្រាប់ជាតិ ព្រោះ​ជា​ការការពារ​សត្រូវឈ្លាន​ពាន​ទឹកដី​កាន់​តែស្រប​ច្បាប់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅតែប្រកាន់ជំហរ និងរកអំណះអំណាង ដើម្បី​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក មិន​បាន​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី ទៅប្រទេស​ថៃ​នោះ​ឡើយ។ នៅថ្ងៃទី២៨ ខែតុលានេះ លោក​បានបង្ហោះសារ​ជាថ្មី នៅលើ​គណនី​ហ្វេសប៊ុក ថា អ្នក​នយោបាយខ្មែរ​នៅ​ក្រៅប្រទេសមួយក្រុម តែងតែចោទរាជរដ្ឋាភិបាលដោយគ្មាន​ភស្តុតាងឬឯកសារ ថាបានធ្វើឱ្យ​បាត់ដី នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ តាមរយៈការ​បោះបង្គោលព្រំដែនបណ្ដោះអាសន្ន និងធ្វើបេតុង ដោយឯកតោភាគីរបស់ថៃ។

លោកបន្តថាអ្នកនយោបាយបក្សប្រឆាំងទាំងនោះតែងតែយកព័ត៌មានពីប្រភពដែលផ្សព្វផ្សាយដោយបណ្ដាញព័ត៌មានថៃ ប៉ុន្តែ លោកថានៅពេលដែលព័ត៌មានថៃ​បានចុះផ្សាយជាសាធារណៈ​ថា ការធ្វើរបងបេតុង ជាឯកតោភាគីរបស់ថៃនេះ បានធ្វើឲ្យពលរដ្ឋថៃចំនួន ៦៦គ្រួសារ បាត់ដី​ចម្ការជាង១០០(១៣៨) ហិកតារ ចូលខាងកម្ពុជា ប៉ុន្តែបែរជាក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេស​ទាំងនោះ​រក្សាភាពស្ងៀមស្ងាត់។

លោក ហ៊ុន ម៉ាណែត បានចោទជាសំណួរថាតើ ខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះ មានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដីឬក៏យ៉ាងណា។ លោក ហ៊ុន ម៉ាណែត សន្និដ្ឋានថា កាលដែលអ្នកប្រឆាំងមិនហ៊ាននិយាយពាក់ព័ន្ធនឹងការ​ផ្សាយរបស់សារព័ត៌មាន​ថៃ​ដែលថា ប្រជាជនថៃបានបាត់ដីនោះ ខ្លាចទទួលស្គាល់ព័ត៌មាននោះជាព័ត៌មានពិត និង បដិសេធថាអ្វីដែលសារព័ត៌មានថៃចុះផ្សាយនោះជាព័ត៌មានមិនពិត។ លោក ហ៊ុន ម៉ាណែត អះអាងថា ជម្រើសទាំងនេះ ទោះជាជម្រើសមួយណាក៏មិនល្អសម្រាប់អ្នកប្រឆាំងនោះដែរ ដូច្នេះ​ហើយ ទើបអ្នកប្រឆាំងមិនហ៊ានធ្វើអត្ថាធិប្បាយ។

បើទោះបីជា លោក ហ៊ុន ម៉ាណែត បានយកព័ត៌មានថៃ​មកសំអាង​ថា ថៃពិតជាបាត់ដី​ដើម្បី​វាយ​បក​អ្នករិះគន់​នៅ​ក្រៅប្រទេសក្ដី ព័ត៌មានដែលលោក ហ៊ុន ម៉ាណែត យកមកសំអាងនោះ ប្រហែល ជាមិនមែន​ជាស្ថាប័នព័ត៌មានប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវនោះទេ ព្រោះសារព័ត៌មាន​ធំៗរបស់ថៃជាច្រើនគ្មានស្ថាប័នណាមួយចុះផ្សាយដូចការអះអាងរបស់លោក ហ៊ុន ម៉ាណែត នោះឡើយ។ ក៏ប៉ុន្តែ ឃើញមានគណនីហ្វេសប៊ុកមួយឈ្មោះជាភាសាថៃថា «ចមយុទ្ធ» ដែលប្រែជាខ្មែរ​ថា អ្នកប្រយុទ្ធ។

គណនីហ្វេសប៊ុកនេះបានរៀបរាប់ ដូចអ្វីដែល លោក ហ៊ុន ម៉ាណែត យកមកសំអាង ដែលថា មានប្រជាជនថៃចំនួន៦៦គ្រួសារ ដែលមានដីចម្ការជាង១០០ហិកតារបានបាត់ ក្រោយពីថៃ​បាន​ធ្វើ​របងបេតុងដោយឯកតោភាគីនៅតាមព្រំដែនកម្ពុជា-ថៃ។ ប៉ុន្តែអត្ថបទ និងរូបភាព ដែលអ្នក​ប្រើប្រាស់បណ្ដាញសង្គមថៃរូបនេះ យកមកបង្ហោះនោះ គឺជារូបបង្កើតពីកម្មវិធីបញ្ញាសិប្បនិមិត្ត AI ប៉ុណ្ណោះ។ អ្នកឃ្លាំមើលព្រមានថា ការប្រើប្រាស់ព័ត៌មានមិនពិតរបស់ លោក ហ៊ុន ម៉ាណែត ដើម្បីបិទបាំងទោសកំហុសខ្លួន ពុំផ្ដល់ផលចំណេញដល់ប្រទេសជាតិនោះទេ ផ្ទុយទៅវិញ វា​ក្លាយ​ជាភស្តុតាងស្របច្បាប់ដល់ភាគីថៃ ដើម្បីអះអាងថា ថៃមិនបានធ្វើរបងបេតុងរំលោភដីខ្មែរ។

ពាក់ព័ន្ធនឹងបញ្ហាបង្គោលព្រំដែនលេខ៥២ ដល់៥៩នេះដែរ កន្លងទៅនេះ មានសារឆ្លើយឆ្លងគ្នា​ជាច្រើន រវាងលោក ហ៊ុន ម៉ាណែត និង លោក អ៊ុំ សំអាន ដោយលោក ហ៊ុន ម៉ាណែត បាន​អញ្ជើញឱ្យលោក អ៊ុំ សំអាន ចូលមកជជែក ដេញដោលគ្នានៅលើទឹកដីខ្មែរដោយផ្ទាល់ ដើម្បី​បញ្ជាក់ថា កម្ពុជាពិតជា បានបាត់បង់ទឹកដី ឬមិនបាត់បង់។ ប៉ុន្តែ លោក អ៊ុំ សំអាន ស្នើឱ្យលោក ហ៊ុន ម៉ាណែត ស្នើទៅព្រះមហាក្សត្រឱ្យលើកលែងទោសលោក ជាមុនសិន ប៉ុន្តែ លោកហ៊ុន ម៉ាណែត បានបដិសេធ ដោយគ្រាន់តែធានាសុវត្ថិភាព។

ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ​ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន លើកឡើងថា លោក ហ៊ុន ម៉ាណែត មិនគួរយកព័ត៌មានថៃ​ដែលគ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ដើម្បីវាយប្រហារអ្នករិះគន់នោះទេ ព្រោះការធ្វើបែបនេះគ្រាន់តែដើម្បីស្អំ​ចិត្ត​ពលរដ្ឋប៉ុណ្ណោះ។ លោក អ៊ុំ សំអាន នៅតែរក្សាជំហរថា កម្ពុជាបានបាត់ទឹកដីជាច្រើននៅចន្លោះ​បង្គោល​លេខ៥២ ដល់៥៩ ជាពិសេសនៅក្នុងភូមិព្រះពុទ្ធ និងភូមិស្វាយស ស្រុកកំរៀង ខេត្ត​បាត់ដំបង។

លោក អ៊ុំ សំអាន៖ «ក្ដីបារម្ភរបស់ខ្ញុំ នៅពេលដែលមេដឹកនាំដូចជា លោក ហ៊ុន ម៉ាណែតនេះ ចេញការពារផលប្រយោជន៍ឱ្យថៃ ខ្ញុំយល់ថា ទឹកដីរបស់យើងនឹងបន្តបាត់បង់ថែមទៀតហើយ នៅ តាមព្រំដែនដែលថាកំពុងតែឈ្លានពានតាមរយៈការរាយលួសបន្លាដាក់ទូកុងតឺន័រ ជីកប្រឡាយ ធ្វើរបងបេតុងស្រេចតែអ៊ីចឹង អត់មានការរារាំងពីសំណាក់ លោក ហ៊ុន ម៉ាណែត»។

ជុំវិញរឿងនេះដែរ អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ថា ការយកព័ត៌មានដែលចេញផ្សាយដោយភាគីថៃមកប្រើប្រាស់ជាទឡ្ហីករណ៍ឆ្លើយតបនឹងការរិះគន់ របស់លោក ហ៊ុន ម៉ាណែត មិនទាន់គ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងមន្ទិលសង្ស័យផ្នែកច្បាប់ និងបច្ចេកទេសនៅឡើយទេ។ លោកអះអាងថា បញ្ហាសំខាន់មិនមែនស្ថិតនៅលើប្រភព​ព័ត៌មាន​ថៃ ឬកម្ពុជានោះទេ ប៉ុន្តែស្ថិតនៅលើកម្រិតនៃភស្តុតាងដើម្បីបញ្ជាក់ថា មិនមានការបាត់បង់​ទឹកដី។

លោកមើលឃើញថា ចំណុចខ្សោយដ៏សំខាន់ក្នុងវិធីសាស្ត្រតស៊ូមតិរបស់លោក ហ៊ុន ម៉ាណែត គឺការទាញសេចក្ដីសន្និដ្ឋានជាទូទៅចេញពីករណីដាច់ដោយឡែក មកគ្របដណ្ដប់លើបញ្ហា​ព្រំដែន​​ទាំងមូល។ លោកបន្តថា ការដែលអ្នកធ្វើចម្ការថៃលែងអាចចូលប្រើប្រាស់ដីប្រមាណ ១៣៨ហិកតារ នៅទីតាំងមួយ មិនបានបញ្ជាក់ដោយស្វ័យប្រវត្តិថា តំបន់ផ្សេងទៀត ជាពិសេសចន្លោះបង្គោលលេខ ៥២–៥៩ គ្មានបញ្ហាប្រឈម ឬគ្មានការទន្ទ្រាននោះទេ។ ដូច្នេះលោកថា ការដោះស្រាយវិវាទព្រំដែនតម្រូវឱ្យមានការបង្ហាញផែនទីផ្លូវការ កូអរដោនេ ជាក់លាក់ និងកំណត់ហេតុបច្ចេកទេសឱ្យបានច្បាស់លាស់។

ជាមួយគ្នានេះដែរ លោកថាភាគីអ្នករិះគន់ក៏ត្រូវមានកាតព្វកិច្ចបង្ហាញ​ភស្តុតាង​ជាក់លាក់​ដូចគ្នា​ថា តើដីបាត់បង់នៅត្រង់ណា ទំហំប៉ុន្មាន និងយោងលើឯកសារច្បាប់អ្វី ដោយមិនត្រូវចោទ​ប្រកាន់​ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ បន្ថែមពីនេះលោកថា ការដាក់សម្ពាធឱ្យ​សាធារណជន ឬអ្នករិះគន់ជ្រើសរើស រវាងការទទួលស្គាល់ ឬ ការបដិសេធ លើព័ត៌មានថៃ គឺជាការបង្កើតជម្រើសចង្អៀត និងខ្វះភាពបត់បែនផ្នែកចរិតលក្ខណៈនយោបាយ។

លោកអះអាងថា ក្នុងសង្គមប្រជាធិបតេយ្យ អ្នករិះគន់អាចទទួលស្គាល់ថា មានសេចក្ដីរាយការណ៍​នោះ ប៉ុន្តែគេនៅតែមានសិទ្ធិស្នើសុំពិនិត្យឯកសារដើម ឬបន្តសាកសួរអំពីស្ថានភាពនៅទីតាំងផ្សេងៗទៀត។ លោកបន្ត​ថា ការដែលលោក ហ៊ុន ម៉ាណែត ចោទអ្នកប្រឆាំងថា គិតតែពីរិះគន់ ដល់ពលរដ្ឋថៃបាត់ទឹកដីមិន​ហ៊ានធ្វើអត្ថាធិប្បាយ មិនមែនជាភស្តុតាងបញ្ជាក់ថា ពួកគេទទួលស្គាល់កំហុស ឬមានចេតនាទុច្ចរិត ដូចលោក ហ៊ុន ម៉ាណែត អះអាងនោះទេ។
លោក សេង វណ្ណលី លើកឡើងថា ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាអ្នកដឹកនាំប្រទេស ការឆ្លើយតបដែលមានទម្ងន់ និងទទួលបានការទុកចិត្តពីពលរដ្ឋ មិនមែនជាការវាយប្រហារ​លើបុគ្គល ឬចេតនារបស់អ្នករិះគន់នោះទេ ប៉ុន្តែជាការបង្ហាញមូលដ្ឋានបច្ចេកទេស និងឯកសារ​ច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យសាធារណជនអាចពិនិត្យបានដោយតម្លាភាព។ ទន្ទឹមគ្នានោះ​លោក ហ៊ុន ម៉ាណែត គួរតែចុះទៅពិនិត្យមើល ហើយធ្វើការវាស់វែង និងផ្ទៀងផ្ទាត់​តាមឯកសារ​ច្បាប់ច្បាស់លាស់ និងឯករាជ្យ គឺជាកិច្ចការដែលត្រូវធ្វើមិនមែន យកព័ត៌មានលើបណ្ដាញ​សង្គម​មកធ្វើសេចក្ដីសន្តិដ្ឋាននោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ