លោក ហ៊ុន សែន ទទួលស្គាល់​ថា ខ្លួន​ពុំ​បាន​ពង្រឹង​វិស័យ​យោធា​រហូត​ថៃ​ឈ្លានពាន​ទឹកដី

0
57
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ក្នុង​សុន្ទរកថា​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៦ លោក ហ៊ុន សែន បាន​ទទួលស្គាល់​ថា ការ​មិន​បាន​រៀបចំ និង​ពង្រឹង​វិស័យ​ការពារ​ជាតិ​ឱ្យ​បាន​គ្រប់គ្រាន់ គឺជា​កំហុស​របស់​លោក​ផ្ទាល់ ក្នុង​អំឡុង​ពេល​ដែល​លោក​កាន់អំណាច​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍។

ការ​ទទួល​ស្គាល់​នេះ​បាន​បង្ក​ឱ្យ​មាន​សំណួរ​ថ្មី​ពី​សំណាក់​អ្នកសង្កេតការណ៍ និង​អ្នក​រិះគន់​ថា ប្រសិនបើ​លោក​ដឹង​ថា កម្ពុជា​មិន​មាន​ការ​ត្រៀមខ្លួន​ផ្នែក​យោធា​គ្រប់គ្រាន់ មិន​មាន​សព្វាវុធ​ទំនើប​គ្រប់គ្រាន់ និង​មិន​មាន​សមត្ថភាព​ការពារ​ជាតិ​រឹងមាំ​ទេ ហេតុអ្វី​បានជា​ថ្នាក់ដឹកនាំ​បន្ត​ប្រើ​វោហា​សាស្ត្រ និង​សកម្មភាព​នយោបាយ​ដែល​អាច​បង្កើន​ភាព​តានតឹង និង​ជំរុញ​ឱ្យ​ស្ថានការណ៍​ព្រំដែន​ឈាន​ទៅ​រក​ការ​ប្រឈមមុខ​ដាក់គ្នា​កាន់តែ​ខ្លាំង?

អ្នកវិភាគ​ខ្លះ​លើកឡើង​ថា ការ​ទទួលស្គាល់​ថា ប្រទេស​មិនបាន​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម គួរតែ​នាំទៅរក​គោលនយោបាយ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​វិបត្តិ និង​ការ​បញ្ចៀស​ជម្លោះ​។ ប៉ុន្តែ​ផ្ទុយទៅវិញ មេដឹកនាំ​ជាន់ខ្ពស់​បាន​បន្ត​ប្រើ​សុន្ទរកថា​ជាតិនិយម​ខ្លាំងៗ និង​ការ​គំរាម​ឆ្លើយតប ដែល​អ្នក​រិះគន់​មួយចំនួន​យល់ថា បាន​រួម​ចំណែក​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ និង​សន្តិសុខ​កាន់តែ​តានតឹង​។​

អ្នក​រិះគន់​ខ្លះ​ក៏​ចោទសួរ​ផង​ដែរ​ថា បើ​លោក ហ៊ុន សែន ពិតជា​ដឹង​ថា កម្ពុជា​ខ្វះ​សមត្ថភាព​យោធា និង​ទទួល​ស្គាល់​ថា នេះ​ជា​កំហុស​របស់​ខ្លួន ហេតុអ្វី​បានជា​លោក​ប្រើប្រាស់​សុន្ទរកថា និង​សកម្មភាព​នយោបាយ​ដែល​អាច​ជំរុញ​ឱ្យ​មាន​ការ​ប្រឈម​មុខ​ជាមួយ​ប្រទេសជិតខាង​? តើ​នេះ​ជា​ការ​សម្រេចចិត្ត​ប្រកបដោយ​ទំនួល​ខុសត្រូវ​ដែរឬទេ?

លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង និង​ជា​ប្រមុខ​រដ្ឋាភិបាល​និរទេស បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ទោះបីជា​លោក ហ៊ុន សែន សារភាព​ថា ខកខាន​មិនបាន​ពង្រឹង​វិស័យ​ការពារ​ជាតិ​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​អំឡុង​ពេល​ដែល​លោក​កាន់អំណាច​ក៏ដោយ ក៏​ការ​លើកឡើង​បែបនេះ​គ្រាន់តែ​ជា​ការ​ដោះសា​ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ​ប៉ុណ្ណោះ។ «»

លោក សម រង្ស៊ី ថែមទាំង​អះអាង​ថា ការ​ទទួល​ស្គាល់ថា​បាន​បរាជ័យ​ក្នុង​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ មិនអាច​ក្លាយជា​លេស​ដើម្បី​គេច​ផុត​ពី​ការទទួលខុសត្រូវ​បាន​ទេ ពីព្រោះ​លោក ហ៊ុន សែន គឺជា​អ្នក​ដែល​បាន​កាន់អំណាច និង​កំណត់​គោលនយោបាយ​សន្តិសុខ​ជាតិ​អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​កន្លងមក។

ការ​ទទួលស្គាល់​កំហុស​នៅថ្ងៃ​នេះ​របស់​លោក ហ៊ុន សែន ក៏​បង្ក​សំណួរ​អំពី​ការទទួលខុសត្រូវ​ផង​ដែរ ដ្បិត​លោក​បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ជាង ៣៨ ឆ្នាំ និង​មានការ​គ្រប់គ្រង​ដោយ​ផ្ទាល់​លើ​ការរៀបចំ​ថវិកាជាតិ ក៏ដូចជា​គោលនយោបាយ​សន្តិសុខ​ជាតិ។

ទន្ទឹមនឹង​ការ​សារភាព​កំហុស​របស់​ខ្លួន ទាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​វាយប្រហារ​លើ​អ្នក​រិះគន់ និង​អ្នក​បញ្ចេញ​មតិផ្ទុយ​ពី​រដ្ឋាភិបាល​។ ក្នុង​សុន្ទរកថា​ដដែល លោក ហ៊ុន សែន បាន​ព្រមាន​អ្នកប្រឆាំង និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ថា រដ្ឋាភិបាល​នឹង​មិន​អត់ឱន​ចំពោះ​អ្វី​ដែល​លោក​ហៅថា «​ការ​បង្ក​អស្ថិរភាព​» នោះ​ទេ​។​

ទោះជា​យ៉ាងណា អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​បាន​រាយការណ៍​ថា អ្នក​រិះគន់​ជាច្រើន​ត្រូវ​បាន​ចាប់ខ្លួន ឬ​ប្រឈមមុខ​នឹង​ការ​គំរាមកំហែង ដោយសារ​ការ​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន និង​ការរិះគន់​អំពី​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជាមួយ​ប្រទេស​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ