ធនាគារជាតិ​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​ធនាគារ​៣​​ទៀត​ក្រោយ​អាមេរិក​ដាក់​ទណ្ឌកម្ម​​រឿង​ឆបោក​អនឡាញ និង​លាងលុយ

0
103
អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូប៖ គេហទំព័រ CPP
អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូប៖ គេហទំព័រ CPP

ធនាគារ​ចំនួន ៣​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ទើប​ដកហូត​អាជ្ញាប័ណ្ណ​ថ្មីៗ​នេះ គឺ​សុទ្ធតែ​ជា​ស្ថាប័នហិរញ្ញវត្ថុ​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​លាង​លុយកខ្វក់​ដែល​បាន​មក​អំពើ​ឆបោក​តាម​អនឡាញ។ ធនាគារ​ទាំងនោះ​រួមមាន ធនាគារ ស៊ីស៊ីយូ (CCU Bank) ធនាគារ ហេង ហ្វឹង (Heng Feng Bank) និង​ធនាគារ អេចអេច ឬ ហេង ហ៊ី (HH Bank)។ អ្នកឃ្លាំមើល​លើកឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​ប្រឈម​ដួលរលំ ហើយ​អ្នក​វិនិយោគ​អន្តរជាតិ​នឹង​គ្មាន​ទំនុកចិត្ត​ដោយសារតែ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​បង្កើត​ឡើង​សម្រាប់​ប្រើប្រាស់​ជា​ឧបករណ៍​របស់​បណ្ដាញ​ឧក្រិដ្ឋជន​លាងលុយកខ្វក់។

ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​៣ ខែសីហា បាន​ប្រកាស​ដក​អាជ្ញាប័ណ្ណ​ធនាគារ​ចំនួន ៣​ស្ថាប័ន និង​ចាត់ចែង​បង្គាប់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន ២ ដើម្បី​ធ្វើជា​អ្នក​ជម្រះបញ្ជី​ទូទាត់​សង​លុយ​អតិថិជន​ដែល​បាន​ជាប់​គាំង​លុយ​ក្នុង​ធន​គារ​ទាំងនោះ​។ ធនាគារ​ដែល​ធនាគារ​ជាតិ​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​រួមមាន ធនាគារ ស៊ីស៊ីយូ (CCU Bank) ធនាគារ ហេង ហ្វឹង (Heng Feng Bank) និង​ធនាគារ អេ​ច​អេ​ច ឬ ហេង ហ៊ី (HH Bank)។

ធនាគារជាតិ​កម្ពុជា​ប្រកាស​ថា នឹង​បន្ត​តាមដាន​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​ការអនុវត្ត​ការ​ជម្រះបញ្ជី​ទូទាត់​សង​លុយ​អតិថិជន ដើម្បី​ការពារ​ផលប្រយោជន៍​ដល់​អ្នក​ដែល​ដាក់​លុយ​ផ្ញើ​នៅក្នុង​ធនាគារ​ទាំងនេះ។

ការ​ដក​អាជ្ញាប័ណ្ណ​ធនាគារ​ទាំងនេះ ធនាគារជាតិ​កម្ពុជា​មិនបាន​បកស្រាយ និង​ពន្យល់​ឱ្យ​បាន​ច្បាស់លាស់​ឡើយ។

ទោះជា​យ៉ាងណា ចំណាត់​របស់​ការ​ធនាគារ​ជាតិ​កម្ពុជា​នេះ​គឺ​កើតឡើង​បន្ទាប់ពី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ និង​បុគ្គល​សំខាន់​ដែល​មាន​ភាគហ៊ុន និង​គ្រប់គ្រង​ធនាគារ​ទាំងនេះ ដោយ​ចោទ​ថា ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​លាង​លុយកខ្វក់​ដែល​ភាគច្រើន​បាន​មកពី​អំពើ​ឆបោក​តាម​អនឡាញ។

កាលពី​ខែ​ឧសភា ឆ្នាំ​២០២៦ ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ម្ចាស់​ក្រុមហ៊ុន ហេង ហ្វឹង គ្រុប (Heng Feng Group) គឺ​លោក អៃ ប៉ោង (Aik Paung) និង​លោក សៃ អ៊ុង លីន (Sai Aung Linn) និង​អង្គភាព​ពាក់ព័ន្ធ​រួម​ទាំង​ធនាគារ ហេង ហ្វឹង (Heng Feng Bank) ផង​ដោយ​ចោទ​ថា ពាក់ព័ន្ធ​នឹង​ការ​លាង​លុយកខ្វក់ និង​ជាប់​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​យក​មក​បង្ខំ​ឱ្យ​បម្រើ​ការងារ​ឆបោក​តាម​អនឡាញ​នៅក្នុង​ក្រុមហ៊ុន និង​កាស៊ីណូ​ស៊ីហួ (Xihu) ក្នុង​ខេត្ត​ព្រះសីហនុ និង​ក្រុមហ៊ុន​កាស៊ីណូ​នៅក្នុង​បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្តកោះកុង។ អាមេរិក​លាតត្រដាង​ថា លោក អៃ ប៉ោង និង​លោក សៃ អ៊ុងលីន គឺជា​អ្នកជំនួញ​កើត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ទទួល​បាន​សញ្ជាតិ​ខ្មែរ និង​មាន​ដៃគូ​ជំនួញ​អាជីវកម្ម​ជាមួយ​សមាជិក​ព្រឹទ្ធសភា​លោក កុក អាន និង​ប្រធាន​ក្រុមហ៊ុន (K99 Group) លោក ឬ​ទ្ធី រស្មី ក្នុង​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅក្នុង​ប្រទេស​កម្ពុជា។

កាលពី​ថ្ងៃទី​២៣ ខែមិថុនា ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក បានសម្រេច​ដាក់ចេញ​ចំណាត់ការ​ថ្មី​បន្ថែម​ទៀត​ប្រឆាំង​នឹង​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ព្រីនស៍ គ្រុប (Prince Group TCO) របស់​មេខ្លោង​ឧក្រិដ្ឋកម្ម ចេន ហ្ស៊ី (Chen Zi) ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន។ ចំណាត់ការ​ថ្មី​នោះ​គឺ​ការ​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​លើ​បុគ្គល​ចំនួន ៩ នាក់ មាន​ដើមកំណើត​ចិន និង​ក្រុមហ៊ុន​ចំនួន ២៦ ដែល​ក្រសួង​រតនាគារ​អាមេរិក​ចោទ​ថា មាន​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​នៃ​ក្រុមហ៊ុន​ព្រីនស៍​គ្រុប (Prince Group) របស់ លោក ចេន ហ្ស៊ី នៅ​កម្ពុជា។ ក្នុង​ចំណោម​បុគ្គល និង​ក្រុមហ៊ុន​ដែល​រង​ទណ្ឌកម្ម​នេះ​ក៏​មាន​លោក ចេន បូ (Chen Bo) ប្រធាន​ធនាគារ ស៊ី​ស៊ី​យូ (CCU) ដែរ​។ លោក ចេន បូ (Chen Bo) គឺជា​អ្នកជំនួញ​ជនជាតិ​ចិន​ទទួល​បាន​សញ្ជាតិ​ខ្មែរ និង​ត្រូវ​បាន​សហរដ្ឋអាមេរិក​រកឃើញ​ថា ប្រើប្រាស់​ធនាគារ ស៊ី​ស៊ីយូ (CCU) ធ្វើ​ឧបករណ៍​លាងលុយកខ្វក់​ជំនួស​ធនាគារ​ព្រីសន៍​លោក ចេន ហ្ស៊ី បន្ទាប់ពី​រង​ទណ្ឌកម្ម​បង្កក​ទ្រព្យ។

ចំណែក ធនាគារ អេចអេច ឬ​ហេង ហ៊ី (HH Bank) នៃ​ក្រុមហ៊ុន ហេង​ហ៊ី គ្រុប (Heng He Group) គឺ​មាន​ប្រធាន​គ្រប់គ្រង​ឈ្មោះ ចេន អៃលេន (Chen Ailen) និង​លោក ស៊ូ លាងហ្សេង (Su Laingsheng)។ ឯកសារ​របស់​ធនាគារ អេចអេច (HH Bank) បង្ហាញ​ថា ក្មួយប្រុស​បង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ក៏​មាន​ភាគហ៊ុន និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​នេះ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ អាមេរិក​ធ្លាប់​លាតត្រដាង​ថា ធនាគារ រួម​ទាំង​អង្គភាព​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន ហេងហ៊ី គ្រុប (Heng He Group) ក៏​មាន​មហាសេដ្ឋី​ខ្មែរ​គឺ​លោក ទ្រី ភាព ចូលរួម​សហការ​អភិវឌ្ឍ​ឧហ្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​បាវិត ខេត្តស្វាយរៀង និង​ខេត្តពោធិ៍សាត់​ផង​ដែរ​។ ក្រសួង​រតនាគារ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន ហេង​ហ៊ី គ្រុប (Heng He Group) ធនាគារ​អេចអេច (HH Bank) និង​ប្រធាន​ក្រុមហ៊ុន​នេះ​ដោយ​ចោទ​ថា ពាក់ព័ន្ធ​យ៉ាងសកម្ម​នឹង​អំពើ​លាងលុយកខ្វក់ ពលកម្ម​ដោយ​បង្ខំ និង​ការ​ជួញដូរ​មនុស្ស​ទៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

វិធានការ​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក រួម​មានការ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល និង​ក្រុមហ៊ុន​ដែល​រង​ទណ្ឌកម្ម ហាមឃាត់​មិន​ឱ្យ​ពួកគេ​ប្រើប្រាស់ ឬ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក ព្រមទាំង​ហាមឃាត់​បុគ្គល និង​ក្រុមហ៊ុន​អាមេរិក​មិន​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ជាមួយ​បណ្ដាញ​ឆបោក​អនឡាញ​ទាំងនេះ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣​តុលា លោក គឹម សុខ លើកឡើង​ថា ធនាគារ​មួយចំនួន​នៅ​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​ជនជាតិ​ចិន គឺ​មាន​រដ្ឋាភិបាល និង​សមាជិក​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន គឺជា​គាំទ្រ និង​កាង​ការពារ ដើម្បី​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​លាងលុយកខ្វក់​ដែល​បាន​មក​ពី​អំពើ​ឧក្រិដ្ឋកម្ម​។ លោក​ពន្យល់​ថា គ្មាន​ប្រទេស​ក្រីក្រ​ណា​ដូចជា​ប្រទេស​កម្ពុជា​ដែល​មាន​ប្រជាជន​ក្រីក្រ គ្មាន​សេដ្ឋកិច្ច​ជឿនលឿន និង​សម្បូរ​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នោះ​ទេ។

លោក គឹម សុខ បន្ថែម​ទៀត​ថា ការ​បន្ត​ដក​អាជ្ញាប័ណ្ណ​ធនាគារ​ជា​បន្តបន្ទាប់​មកនេះ​ក៏​ជា​យុទ្ធសាស្ត្រ​រំដោះខ្លួន​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដើម្បី​គេច​ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់ ដោយ​មិន​រំពឹង​ថា អាជ្ញាធរ​នាំ​យក​អ្នក​ពាក់ព័ន្ធ​មក​អនុវត្ត​ច្បាប់​ឡើយ។

លោក គឹម សុខ៖ «ប្រព័ន្ធ​ធនាគារ​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​សហគមន៍​អន្តរជាតិ​មិនទាន់​រកឃើញ ក្រុម​គ្រួសារ ហ៊ុន នៅតែ​ដំណើរការ​លាងលុយកខ្វក់​ដដែល​។ ការព្រួយបារម្ភ​មួយទៀត ប្រព័ន្ធ​ធនាគារ​ដែល​សហគមន៍​អន្តរជាតិ​រក​ឃើញ​ពី​ការ​ពាក់ព័ន្ធ​ទៅនឹង​លាងលុយកខ្វក់ ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ ក្រុមគ្រួសារ ហ៊ុន គ្រាន់តែ​បិទ​ចោល រួចហើយ​មិន​នាំ​អ្នកទទួលខុសត្រូវ​ឱ្យទៅ​ប្រឈម​ចំពោះមុខ​ច្បាប់​ទេ​។ ក្រុម​គ្រួសារ ហ៊ុន ធ្វើ​មិនដឹងមិនឮ ហើយ​មិន​ដោះស្រាយ​ការ​ទូទាត់​ប្រាក់​របស់​អតិថិជន​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ទីបំផុត​ទៅ ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា ធ្លាក់​ទៅក្នុង​វិបត្តិ​នៃ​ការលាង​លុយកខ្វក់​ក្នុង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​។ កាលណា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ច្របូកច្របល់​បែបនេះ សេដ្ឋកិច្ច​កម្ពុជា​អាច​ដួល​រលំ​តែម្ដង ដោយសារតែ​ពុំ​មាន​ទំនុកចិត្ត​ពី​អ្នក​វិនិយោគ​នៅ​ក្រៅ​ប្រទេស»។

ចំណែក អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​លោក សេង វណ្ណលី យល់ថា ចំណាត់ការ​របស់​ធនាគារ​ជាតិ​កម្ពុជា​ដក​អាជ្ញាប័ណ្ណ ធនាគារ​ចំនួន ៣​បន្ទាប់ពី​មានទណ្ឌ​កម្ម និង​ការ​លាតត្រដាង​ពី​ក្រសួង​រតនាគារ​អាមេរិក​បែបនេះ​ឆ្លុះបញ្ចាំង​ពី​យន្តការ​ត្រួតពិនិត្យ និង​ការវាយតម្លៃ​ហានិភ័យ​ផ្ទៃក្នុង​របស់​ធនាគារជាតិ​កម្ពុជា​មាន​ភាព​ទន់ខ្សោយ ឬ​ខ្វះ​សមត្ថភាព​ក្នុង​ការ​ស៊ើបអង្កេត​ដោយ​ខ្លួនឯង​។ លោក​បន្ថែម​ថា កម្សោយ​នៃ​ប្រព័ន្ធ​ដឹកនាំ​បែបនេះ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ទំនុកចិត្ត​អតិថិជន​មាន​លុយ​បញ្ញើ​ទូទៅ​លើ​ធនាគារ​ក្នុងស្រុក និង​ជះ​ផល​អាក្រក់​លើ​វិស័យសេដ្ឋកិច្ច រូ​ម​ទាំង​ការ​វិនិយោគ​នៅ​កម្ពុជា។

លោក សេង វណ្ណលី៖ «ការ​លេចចេញ​ព័ត៌មាន​ដែល​ថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​ក្នុងស្រុក​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​បម្រើ​ឱ្យ​បទល្មើស​ឆបោក និង​ការ​លាង​លុយកខ្វក់ គឺជា​ស្នាម​ប្រឡាក់​យ៉ាង​ធំ​លើ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​។ វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​អន្តរជាតិ​មានការ​រារែក​ក្នុង​ការ​វិនិយោគ និង​បង្កើន​តម្លៃ​ដើមទុន​នៃ​ការ​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឱ្យ​ធនាគារ​អន្តរជាតិ​ធំៗ​កាត់បន្ថយ ឬក៏​ផ្ដាច់ទំនាក់ទំនង​ហិរញ្ញវត្ថុ​ជាមួយ​ធនាគារ​នៅ​កម្ពុជា​ផង​ដែរ»។

មកដល់ពេលនេះ យ៉ាងហោចណាស់ មាន​ធនាគារ និង​ក្រុមហ៊ុន គ្រឹះស្ថាន ហិរញ្ញវត្ថុ ធំៗ ចំនួន ៦ នៅ​កម្ពុជា ដែល​កំពុង​បង្កក​លុយ​អតិថិជន និង​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ ។ ក្នុង នោះ រួមមាន ធនាគារ ព្រីនស៍ (Prince Bank) ធនាគារ ផេនដា (Panda Bank) ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ធនាគារ ស៊ី​ស៊ី​យូ (CCU Bank) ធនាគារ ហេង ហ្វឹ​ង (Heng Feng Bank) និង​ធនាគារ អេ​ច​អេ​ច (HH Bank)​។ ជាមួយគ្នា​នេះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយចំនួន​ដូចជា ធនាគារ អេភីឌី (APD Bank) របស់​កូនប្រុស​អតីត​សមាជិក​ព្រឹទ្ធសភា​លោក ឡាវ ម៉េងឃីន ក៏​កំពុង​លេចឡើង​នូវ​សញ្ញា​ក្ស័យធន​បណ្ដើរៗ​ហើយ និង​បាន​ប្រកាស​បង្កក​លុយ​អតិថិជន​ផង​ដែរ​។

អ្នកឃ្លាំមើល និង​មន្ត្រី​រដ្ឋាភិបាល​ក្រៅប្រទេស​លើកឡើង​ថា ការ​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​របស់​សហរដ្ឋអាមេរិក​លើ​ស្ថាប័ន​ធនាគារ​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​បទ​លាងលុយកខ្វក់ អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ប្រឈម​នឹង​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​។ ពួកគាត់​ពន្យល់​ថា នៅពេល​ប្រព័ន្ធ​ធនាគារ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ធ្វើជា​ឧបករណ៍​លាង​លុយ​បណ្ដាញ​ឧក្រិដ្ឋជន​នោះ អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​នឹង​ខ្លាច​រអារ​មិន​ហ៊ាន​ចូល​មក​ពាក់ព័ន្ធ ឬ​រកស៊ី​សហការ​ជាមួយ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ឡើយ ដោយសារតែ​ព្រួយ​បារម្ភ​ទទួលរង​ទណ្ឌកម្ម​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ