អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​​កម្ពុជា​ប្រាប់​សមាជិក​អាស៊ាន​ពី​ថៃ​បន្ត​ឈ្លានពាន​កម្ពុជា ពេល​ប្រជុំ​នៅ​វៀតណាម

0
56
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី វៀតណាម​លោក ផាម មិញជីញ (Pham Minh Chinh) ក្នុង​ពិធី​សម្ពោធ​ច្រកព្រំដែន កាល​ពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី វៀតណាម​លោក ផាម មិញជីញ (Pham Minh Chinh) ក្នុង​ពិធី​សម្ពោធ​ច្រកព្រំដែន កាល​ពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ប្រាប់​ដល់​សមាជិក​អាស៊ាន ជុំវិញ​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ភាគី​ថៃ ងាក​មក​គោរព​ច្បាប់​អន្តរជាតិ និង​បញ្ឈប់​ជាបន្ទាន់​នូវ ទង្វើ​ឈ្លានពាន យក​ដី​ខ្មែរ​ជា​បន្តបន្ទាប់។ ការ​លើកឡើង​នេះ ស្រប​ពេល លោក ហ៊ុន ម៉ាណែត កំពុង​មាន​វត្តមាន​ជួប​ជាមួយ មេដឹកនាំ​វៀតណាម និង ចូលរួម​វេទិកា​អនាគត​អាស៊ាន ដែល​នឹង ធ្វើឡើង​នៅ ក្រុង​ហាណូយ នៅ​ថ្ងៃទី៨ ខែ​មិថុនា។

បើ​ទោះបីជា​យន្តការ​អាស៊ាន បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ ដោយសារតែ​គោរព​គោលការណ៍ មិន​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​របស់​សមាជិក​ខ្លួន​ក្ដី អ្នកឃ្លាំមើល​បញ្ហា​នយោបាយ និង​សង្គម​នៅតែ​មាន​ជំនឿថា សមាជិក​អាស៊ាន​អាច​មាន​មធ្យោបាយ​ក្នុង​ការ​ចរចា និង​សម្របសម្រួល ដល់​សមាជិក​ខ្លួន ដែល​កំពុង​តែ​មាន​ជម្លោះ​រវាង​រដ្ឋ និង​រដ្ឋ ឆ្ពោះ​ទៅ​រក​ការគោរព​ច្បាប់​អន្តរជាតិ និង​បញ្ឈប់​រាល់​ទង្វើ​ឈ្លានពាន​ដែល​មិន​ស្រប​ទៅ​នឹង​ច្បាប់​អន្តរជាតិ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៨ ខែមិថុនា​ថា ក្នុង​ស្ថានភាព​ដែល​កម្ពុជា និង​វៀតណាម កំពុង​តែ​មាន​ទំនាក់ទំនង​ស្អិតល្មួត​នេះ​កម្ពុជា​អាច​លើកឡើង​ពី​បញ្ហា ដែល​កម្ពុជា​កំពុងតែ​ជួប​ប្រទេស​ជាមួយ​ថៃ ដើម្បី​ជួយ​បញ្ចុះបញ្ចូល​វៀតណាម ធ្វើ​យ៉ាងណា ឱ្យ​ភាគី​ថៃ ងាក​ទៅ​រក​ការគោរព​ច្បាប់​អន្តរជាតិ​។ ទន្ទឹមគ្នា​នោះ កម្ពុជា​ក៏​នឹង​ចូលរួម​វេទិកា​អនាគត​អនាគត​អាស៊ាន នៅ​ទីក្រុង​ហាណូយ ដូច្នេះ គឺជា​ឱកាស​ដែល ភាគី​កម្ពុជា ត្រូវ​ជំរុញ ឱ្យ​សមាជិក​អាស៊ាន ងាក​មក​គាំទ្រ​កម្ពុជា ដើម្បី​ដាក់​សម្ពាធ​ភាគី​ថៃ តាមរយៈ​ការទូត។

លោក ឯម សុវណ្ណរ៉ា៖ «កម្ពុជា​គួរតែ​ជំរុញ​ឱ្យ​មាន​ការ​គាំទ្រ​ពី​ភាគី​វៀតណាម និង​សមាជិក​អាស៊ាន​ដទៃទៀត ដោយ​ប្រើ​យន្តការ​ច្បាប់​អាស៊ាន​នៅក្នុង​ការ សហគមន៍​នយោបាយ​សន្តិសុខ​អាស៊ាន​ហ្នឹង ដើម្បី​រក​វិធីសាស្ត្រ និង​យន្តការ​ជជែក​គ្នា ឱ្យ​សមប្រកប​ទៅ​នឹង​គោលការណ៍​ច្បាប់ និង​អធិបតេយ្យភាព​របស់​កម្ពុជា​ព្រោះ​កម្ពុជា​អត់​មាន​ប្រើ​គោលការណ៍​ច្បាប់ ដើម្បី​ចំណេញ​ដី​ពី​ប្រទេស​ណា​នោះ​ទេ​។ មានតែ​យន្តការ​នេះ​ទើប​អាច​រក្សា​បាន​ខ្លះ​នូវ ដី​ដែល​មាន​តាំងពី​អតីតកាល និង​មាននៅ​ក្នុង​ច្បាប់​ស្រាប់»។

ការ​លើកឡើង​នេះ ស្រប​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រួម​នឹង​គណៈប្រតិភូ​ជាន់ខ្ពស់ ជាច្រើន​រូប កំពុង​តែ​មាន​វត្តមាន នៅ​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​៨​ដល់​៩ ខែ​មិថុនា ដើម្បី​ជួបពិភាក្សា​ទ្វេភាគី​ជា​មេដឹកនាំ​វៀតណាម និង​ចូល​ចូលរួម​វេទិកា​អនាគត​អាស៊ាន​លើក​ទី៣។

ក្រសួងការបរទេស​កម្ពុជា​បាន​លើកឡើង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី៧ ខែ​មិថុនា ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះ មាន​ជំនួប​ពិភាក្សា​ទ្វេភាគី ជាមួយ​នាយករដ្ឋមន្ត្រី សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ឡេ មិញហ៊ឹង ដើម្បី​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា អំពី​មធ្យោបាយ​នានា​ក្នុង​ការ ធ្វើ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី កាន់តែ​ស៊ីជម្រៅ​ខណៈ​ដែល​ប្រទេស​ទាំងពីរ​នឹង ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំក្រោយ​។ ជាមួយគ្នា​នោះ លោក ហ៊ុន ម៉ា​ណែ​ត ក៏​គ្រោង​នឹង​លើក​យក​មក​ពិភាក្សា​ផង​ដែរ នូវ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ផលប្រយោជន៍ និង​ជា​ក្ដី​បារម្ភ​រួម។

ទន្ទឹមគ្នា​នោះ​លោក ហ៊ុន ម៉ាណែត នឹង​ជួប​សម្ដែង​ការគួរសម​ដាច់ដោយឡែក​ជាមួយ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត និង​ជា​ប្រធាន​រដ្ឋ​វៀតណាម លោក តូ ឡឹម និង ប្រធាន​រដ្ឋសភា​ជាតិ​វៀតណាម លោក ជិន ថាញ់មិន។ បន្ថែម​ពីលើ​នោះ ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ក៏​នឹង​ថ្លែង​សុន្ទរកថា គន្លឹះ​ក្នុង​ពិធី​បើក «​វេទិកា​អនាគត​អាស៊ាន​» ក្រោម​ប្រធានបទ “​រួមគ្នា​ស្ថាបនា​អនាគត​របស់​យើង​៖ សន្តិភាព វិបុលភាព និង​ប្រជាជន​ជា​ស្នូល​» ។ ក្នុង​វេទិកា​នេះ ផ្ដោត​សំខាន់ លើ​ការ​លើក​កម្ពស់​វិស័យ ពាណិជ្ជកម្ម ការ​វិនិយោគ និង​សហប្រតិបត្តិការ សេដ្ឋកិច្ច​នៅក្នុង​អាស៊ាន។

នៅក្នុង​វេទិកា​អាស៊ាន​លើក​ទី​៣​នេះ គេ​សង្កេតឃើញ​ថា ហាក់​ពុំ​មាន​របៀបវារៈ​ណាមួយ ដែល​នឹង​និយាយ​ពី​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់ ឬ​បញ្ហា​ជម្លោះព្រំដែន​រវាង​កម្ពុជា​និង​ថៃ​នោះ​ទេ ។ ប៉ុន្តែ​យ៉ាងណា អ្នកឃ្លាំមើល នៅតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ឆ្លៀត​ប្រើប្រាស់​វេទិកា​នេះ ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​អាស៊ាន ឱ្យ​ងាក​មក​គាំទ្រ​កម្ពុជា ដាក់​សម្ពាធ​ឱ្យ​ភាគី​ថៃ គោរព​ច្បាប់​អន្តរជាតិ ហើយ​ត្រូវ​យក​បញ្ហា​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ ទៅ​ទៅ ដោះស្រាយ​នៅ​លើ​ឆាក​អន្តរជាតិ។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត មើល​ឃើញ​ថា ជំនួប​របស់​មេដឹកនាំ​វៀតណាម និង លោក ហ៊ុន ម៉ាណែត នឹង​គ្មាន​ការ​លើកឡើង​ណាមួយ​ពាក់ព័ន្ធ​បញ្ហា​ថៃ ឈ្លានពាន​ទឹកដី​កម្ពុជា​នោះ​ទេ ព្រោះ លោក ហ៊ុន ម៉ាណែត ខ្លាច​ប៉ះពាល់​អារម្មណ៍​មេដឹកនាំ​វៀតណាម ខណៈ​កន្លងទៅ វៀតណាម ក៏បាន​ឈ្លានពាន​ទឹកដី​កម្ពុជា​ទាំង​ដែន​គោក​និង​ដែនសមុទ្រ ដោយ​ប្រើប្រាស់​តាម​ផែនទី​គូសវាស​ដោយ​វៀតណាម ហើយ​បដិសេធ​ចោល​ផែនទី​បារាំង។ ដូច្នេះ​លោក​ថា ករណី​នេះ​ហើយ ដែល​ប្រទេស​ថៃ​បាន​យក​គំរូ​តាម​វៀតណាម។

បន្ថែម​ពីលើ​ស​នោះ លោក​ថា កម្ពុជា​អាច​នឹង​លើកឡើង​ខ្លះៗ​ពី​បញ្ហា​ថៃ ឈ្លានពាន​កម្ពុជា នៅ​លើ​វេទិកា​អាស៊ាន ប៉ុន្តែ ក្នុង​លក្ខខណ្ឌ​បញ្ជាក់​បន្ថែម ពី​ជំហរ​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់ យន្តការ​ផ្សះផ្សា ដោយ​បង្ខំ​របស់​អង្គការ​សហប្រជាជាតិ UNCLOS​រឿង​តំបន់​ដែន សមុទ្រ ត្រួតស៊ីគ្នា រវាង​កម្ពុជា និង​ថៃ​។ ជាមួយគ្នា​នោះ លោក​បញ្ជាក់​ថា វា​មាន​ហេតុផល​តិច​តូច​ណាស់ ដែល​វៀតណាម​ជួយ​កម្ពុជា ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ព្រោះ​ក្នុង​ប្រវត្តិសាស្ត្រ​កន្លងមក​វៀតណាម និង​ថៃ តែងតែ មាន​មហិច្ឆតា ក្នុង​ការ​បែក​ចែក ទឹកដី​កម្ពុជា​ជា​ពីរ​ចំណែក ម្ខាង​ទន្លេមេគង្គ ភាគ​ខាងលិច ឱ្យទៅ​ថៃ និង​ម្ខាង​ទៀត ភាគ​ខាងកើត​ឱ្យទៅ​ប្រទេស​វៀតណាម។

លោក ម៉ែន ណាត៖ «​បើ​ឱ្យ​លោក ហ៊ុន ម៉ាណែត លើក​ទៅកាន់​វៀតណាម ក៏​លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​លើក​ទេ ព្រោះ​វៀតណាម​ទើបតែ​ដណ្ដើម​កោះត្រល់ និង​កោះ​ក្រចកសេះ​ពី​កម្ពុ​ជាថ្មីៗ​នេះ​ទេ ។ អ៊ីចឹង​បើ លោក ហ៊ុន ម៉ាណែត ចង់​ជំរុញ​ឱ្យ​វៀតណាម​ជួយ​កម្ពុជា ក៏​វៀតណាម​ជួយ​មិន​បាន​ដែរ​។ ចំពោះ​មេដឹកនាំ​អាស៊ាន​ដទៃទៀត អាច​លោក ហ៊ុន ម៉ាណែត នឹង​និយាយ​ពន្យល់​ខ្លះៗ ប៉ុន្តែ ខ្ញុំ​មើលទៅ​មួយ​រយៈ​នេះ លោក ហ៊ុន ម៉ាណែត មិនសូវ​ជំរុញ​ការទូត​នឹង​ឱ្យ​បាន​ខ្លាំងក្លា ហើយក៏​មិន​មាន​ផែនការ​អ្វី​ច្បាស់លាស់ ក្នុង​ការ​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ​ដែរ»។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នេះ​ដែរ នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល ក៏បាន​ទៅ​ចូលរួម​ដែរ ហើយ​បាន​ចុះ​កិច្ច​ព្រៀង​រកស៊ី​មួយចំនួន ជាមួយ​ប្រទេស​វៀតណាម លើ​វិស័យ​សំខាន់ៗ រួមមាន កសិកម្ម ការ​លក់​រាយ​ហិរញ្ញវត្ថុ ថាមពល តំបន់​ឧស្សាហកម្ម និង​ការ​ផលិត។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញ ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅកាន់​ប្រទេស​វៀតណាម និង​ចូលរួម​វេទិកា​អាស៊ាន នៅ​ទីក្រុង​ហាណូយ គឺជា​រឿង​ល្អ​ហើយ ប៉ុន្តែ កម្ពុជា​ត្រូវ​បង្ហាញ​គោលជំហរ​ឱ្យ​បាន​ច្បាស់​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ប្រាប់​ដល់​សមាជិក​អាស៊ាន ក្នុងនាម​កម្ពុជា​ជា​ជនរងគ្រោះ​ពី​ឈ្លានពាន​ទឹកដី​សំណាក់​ប្រទេស​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ