

មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា បានអះអាងថា ពលរដ្ឋវៀតណាមបន្តចូលភ្ជួរស្រែលើដីរបស់ពលរដ្ឋខ្មែរ នៅភូមិអង្គញ់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ លោកថាពលរដ្ឋខ្មែរបានត្រឹមតែឈរមើល ចំណែកអាជ្ញាធរមូលដ្ឋានមិនបានចាត់វិធានការរារាំងឡើយ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា នៅព្រឹកថៃ្ងទី៤ ខែសីហា ពលរដ្ឋវៀតណាមប្រើត្រាក់ទ័រភ្ជួរស្រែនៅលើដីរបស់ប្រជាពលរដ្ឋខ្មែរ នៅភូមិអង្គញ់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។
លោក អ៊ុំ សំអាន បានបន្ថែមថា នេះជាករណីថ្មីមួយនៃការរំលោភយកដីធ្លីនៅតាមព្រំដែន ដែលបានកើតមានជាបន្តបន្ទាប់ក្នុងរយៈពេលកន្លង មក។ លោក ថា អាជ្ញាធរមូលដ្ឋានមិនហ៊ានចាត់វិធានការទប់ស្កាត់នោះទេ ដោយសារតែភាពជិតស្និទ្ធផ្នែកនយោបាយរវាងមេដឹកនាំកម្ពុជា និងវៀតណាម។ លោកបានអះអាងថា មន្ត្រីដែលហ៊ានរារាំងសកម្មភាពរបស់ភាគីវៀតណាម អាចប្រឈមនឹងការដកចេញពីតំណែង ឬការដាក់ទណ្ឌកម្ម។
លោក អ៊ុំ សំអាន៖ «មូលហេតុដែលអាជ្ញាធរមិនហ៊ានទៅរារាំងវៀតណាមដែលភ្ជួរស្រែ រំលោភយកដីស្រែរបស់ពលរដ្ឋខ្មែរនេះ ដោយសារតែលោក ហ៊ុន សែន ជំពាក់គុណវៀតណាម គាត់បានកាន់អំណាចដោយសារវៀតណាមលើកបន្តុប ដូច្នេះអាជ្ញាធរដែនដីអត់ហ៊ានជាមួយវៀតណាមទេ។ បើសិនជាគាត់ហ៊ានទៅរារាំងមិនឲ្យវៀតណាមភ្ជួរស្រែយកដីខ្មែរយើង ប្រាកដជាថ្នាក់លើស្តីបន្ទោស ហើយអាចដក ពួកគាត់ចេញពីតំណែង»។
លោកបានអះអាងថា វៀតណាមបានរំលោភយកដីខ្មែរប្រមាណ ៣គីឡូម៉ែត្រ នៅភូមិអង្គញ់ និងភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ លោក ថា ផ្ទះពលរដ្ឋ៦ខ្នង ដែលបច្ចុប្បន្ននៅសល់តែ២ខ្នង បានស្ថិតនៅក្នុងទឹកដីដែលវៀតណាមគ្រប់គ្រង ហើយពលរដ្ឋនៅទីនោះត្រូវបានស្នើឱ្យទទួលសញ្ជាតិវៀតណាម ប៉ុន្តែពួកគេបានបដិសេធ។
លោក អ៊ុំ សំអាន បន្ថែមទៀតថា វៀតណាមបានចាប់យកគោ នង្គ័ល ក្របី របស់ប្រជាពលរដ្ឋ ផាកពិន័យ ហើយនៅពេល ប្រជាពលរដ្ឋទៅប្តឹងប៉ូលិសគឺប៉ូលិសធ្វើមិនដឹង និងមិនហ៊ានទៅអន្តរាគមន៍ ដោយសំអាងថា ជាតំបន់ស ហាមប្រជាពលរដ្ឋកុំឲ្យធ្វើស្រែចម្ការ នៅតំបន់នោះ។
ប្រជាពលរដ្ឋម្នាក់បានប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថា ទាហានវៀតណាម តែងចាប់យកគោ នង្គ័ល ក្របី ពីពលរដ្ឋខ្មែរនៅពេលពួកគាត់ទៅភ្ជួរស្រែនៅលើដីស្រែរបស់ពួកគាត់។ វៀតណាម ចាត់ទុកជាតំបន់ស មិនទាន់បោះបង្គោលនៅឡើយ ប៉ុន្តែតំបន់សនោះ វៀតណាមអាចគ្រប់គ្រងបាន អាចធ្វើកសិកម្មបាន ប៉ុន្តែខ្មែរធ្វើមិនបាននោះទេ។
រដ្ឋាភិបាលកម្ពុជា ធ្លាប់បដិសេធជាបន្តបន្ទាប់នូវការចោទប្រកាន់ថា កម្ពុជាបានបាត់បង់ទឹកដីទៅឱ្យវៀតណាម។ អាជ្ញាធរបានអះអាងថា ការបោះបង្គោល និងការខណ្ឌសីមាព្រំដែន ត្រូវបានអនុវត្តស្របតាមសន្ធិសញ្ញា ផែនទី និងឯកសារច្បាប់ ដែលភាគីទាំងពីរបានទទួលស្គាល់។
ទោះជាយ៉ាងណា មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលមួយចំនួន បានសម្ដែងការព្រួយបារម្ភថា ការពន្លឿនការបោះបង្គោលព្រំដែនលើផ្នែកដែលនៅសេសសល់ អាចនាំឱ្យកម្ពុជាបាត់បង់ដីបន្ថែមទៅវៀតណាម។ ពួកគេក៏បានរិះគន់ថា ការបោះបង្គោលព្រំដែនដែលសម្រេចបានប្រមាណ ៨៤% ត្រូវបានអនុវត្តដោយផ្អែកលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨៥ ដែលពួកគេចាត់ទុកថា មិនស្របតាមរដ្ឋធម្មនុញ្ញ។
ក្នុងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ មានប្រើផែនទី UTM ខ្នាត ១/៥០ ០០០ របស់ទាហានអាមេរិកាំងចំនួន៤០ផ្ទាំង ដែលផ្ទុយនឹងមាត្រា២នៃរដ្ឋធម្មនុញ្ញដែលតម្រូវឱ្យប្រើផែនទីខ្នាត ១/១០០ ០០០ ជាមួយវៀតណាម។ មាត្រា៥៥នៃរដ្ឋធម្មនុញ្ញនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១តម្រូវឱ្យលុបចោលសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨២ ឆ្នាំ១៩៨៣និងឆ្នាំ១៩៨៥ សម័យវៀតណាមត្រួតត្រាកម្ពុជា។
កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង១២៧០គីឡូម៉ែត្រ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលសរុបចំនួន ៣១៤ បង្គោល រួចរាល់ហើយ ដែលស្មើនឹង ៨៤% ខណៈ ១៦%ទៀត កំពុងចរចាគ្នានៅឡើយ ហើយភាគីកម្ពុជា-វៀតណាម សុទ្ធតែបង្ហាញឆន្ទៈចង់បញ្ចប់ការបោះបង្គោលដែលនៅសេសសល់ចំនួន ១៦%នេះឱ្យបានឆាប់៕









