

រដ្ឋាភិបាល ឯករាជ្យ២៣តុលា ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រាប់ភាគីថៃឲ្យលើកយកបង្គោលព្រំដែនលេខ៧៣ ទៅដាក់នៅទីតាំងដើម មុននឹងចាប់ផ្តើមយន្តការផ្សះផ្សាដោយចាប់បង្ខំ បន្ទាប់ពីថៃបានលួចរំកិលបង្គោលព្រំដែនសម័យបារាំងលេខ៧៣ ចូលដីខ្មែរប្រមាណ៧០០ម៉ែត្រ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា បង្គោលព្រំដែនលេខ៧៣ ជាបង្គោលព្រំដែនចុងក្រោយគេបង្អស់នៅចាំយាម ស្ថិតនៅក្នុងខេត្តកោះកុង។ លោកថា បង្គោលព្រំដែនលេខ៧៣ នេះមានសារៈសំខាន់ ពីព្រោះតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និង ផែនទីឧបសម្ព័នភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ បញ្ជាក់ថា ព្រំដែនសមុទ្រកម្ពុជា-សៀមគឺចេញពីបង្គោលព្រំដែនលេខ៧៣ឆ្ពោះទៅចំណុចខ្ពស់បំផុតនៃកោះគុត។
លោក អ៊ុំ សំអាន បន្ថែមទៀតថា នៅពេលបង្គោលព្រំដែនលេខ៧៣ រំកិលចូលដីកម្ពុជា វាមិនគ្រាន់តែនាំឲ្យបាត់បង់ដីគោកកម្ពុជានោះទេ វាថែមទាំងនាំឲ្យបាត់បង់ដែនសមុទ្រខ្មែរមួយផ្នែក និងកោះគុតដែលជាកម្មសិទ្ធិខ្មែរ ពាក់កណ្តាលផងដែរ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ លោក អ៊ុំ សំអាន បានឲ្យដឹងទៀតថា លោក ហ៊ុន ម៉ាណែត ធ្លាប់បាននិយាយថា បង្គោលព្រំដែនលេខ៧៣នេះ មិនទាន់ឯកភាពគ្នានៅឡើយទេ ដោយសារបង្គោលព្រំដែននេះ មិនស្ថិតនៅទីតាំងចាស់ ដូច្នេះបង្គោលព្រំដែននេះ ត្រូវបានថៃរំកិលចូលដីខ្មែរយ៉ាងជ្រៅ។ ហេតុនេះ កម្ពុជាត្រូវតែប្រាប់អោយថៃលើកយកបង្គោលព្រំដែនលេខ៧៣នេះទៅដាក់នៅទីតាំងដើម មុននឹងចាប់ផ្តើមយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ(UNCLOS)។
លោក អ៊ុំ សំអាន៖ «អ៊ីចឹងហើយបានខ្ញុំស្នើឲ្យលោក ហ៊ុន ម៉ាណែត ធ្វើម៉េចចរចារឺបង្ខំឲ្យថៃហ្នឹងព្រមលើកយកបង្គោលព្រំដែនលេខ៧៣នេះទៅដាក់នៅទីតាំងចាស់សិន មុននឹងចាប់ផ្តើមយន្តការផ្សះផ្សាដោយចាប់បង្ខំ បើមិនអ៊ីចឹងទេ គឺថាប្រាកដជា យើងបាត់ផលប្រយោជន៍របស់កម្ពុជា នៅលើដែនសមុទ្រនិងនៅលើកោះគុតផងដែរ»។
លោក អ៊ុំ សំអាន អះអាងថា ថៃមិនមែនគ្រាន់តែរំកិលបង្គោលព្រំដែនលេខ៧៣ ទេ សូម្បីតែបង្គោលព្រំដែនលេខ៤២និង៤៣ នៅភូមិព្រៃចាន់ក៏ត្រូវបានថៃលួចរំកិល ចូលដីខ្មែរប្រមាណ២គីឡូម៉ែត្រកន្លះផងដែរ។
ទាក់ទងទៅនឹង អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិ សមុទ្រ (UNCLOS) នេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានប្រាប់សារព័ត៌មាន Asia Times ថា យន្តការផ្សាះផ្សាដោយបង្ខំ គឺដើម្បីដោះស្រាយបញ្ហាតំបន់សមុទ្រ ត្រួតស៊ីគ្នា រវាងកម្ពុជា និងថៃ គឺជាមធ្យោបាយមួយ ដែលធ្វើឱ្យកម្ពុជា និងថៃ បញ្ចៀសបាននូវការប្រឈមមុខដាក់គ្នា ហើយជ្រើសរើសមាគ៌ាសន្តិភាព។
បើតាមលោក ប្រាក់ សុខុន កម្ពុជាបានសម្រេចចាប់ផ្ដើមយន្តការផ្សះផ្សាដោយបង្ខំ ដើម្បីការពារអធិបតេយ្យភាពដែនសមុទ្រ បន្ទាប់ពីថៃលុបអនុស្សរណៈនៃការយោគយល់ គ្នាស្ដីពីតំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រកម្ពុជា-ថៃ ដែលមានរយៈពេល២៥ឆ្នាំ ដោយឯកតោភាគី។
បច្ចុប្បន្ន កម្ពុជាបានតែងតាំងអ្នកជំនាញផ្នែកច្បាប់ពីររូប ដើម្បីចូលរួមដោះស្រាយវិវាទដែន សមុទ្រ ក្នុងយន្តការផ្សះផ្សាដោយបង្ខំ។ អ្នកទាំងពីររូប គឺលោក Peter Taksøe-Jensen ដែលជាអ្នកការទូតដាណឺម៉ាក ហើយលោកក៏ធ្លាប់ជាអតីតប្រធានគណៈកម្មការ UNCLOS ក្នុងជម្លោះសមុទ្ររវាងអូស្ត្រាលី (Australia) និងទីម័រឡេស្តេ (Timor-Leste)។ អ្នកជំនាញមួយរូបទៀត គឺលោក Jean-Marc Thouvenin អ្នកជំនាញផ្នែកច្បាប់បារាំង ដែលមានបទពិសោធន៍ច្រើននៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ខ្សែបន្ទាត់ព្រំដែនតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ គឺចាប់ផ្តើមពីកំណាត់ខ្សែព្រំដែនលេខ១ក្នុងខេត្តឧត្តរមានជ័យដល់លេខ៧៣ នៅចាំយាម ខេត្តកោះកុង។ បង្គោលព្រំដែនទាំងនេះត្រូវបានបោះពីឆ្នាំ១៩១៩ដល់ឆ្នាំ១៩២០ នាសម័យបារាំង។
ចំណែកឯ កំណាត់ខ្សែព្រំដែនតាមអនុសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ កំណាត់ខ្សែព្រំដែននេះគឺគ្មានបង្គោលព្រំដែននោះទេ ដោយចាប់ផ្តើមពីខេត្តព្រះវិហារ ផ្នែកខាងត្បូងនិងបញ្ចប់នៅតំបន់មុំបីនៃខេត្តព្រះវិហារផ្នែកខាងជើង។ ទោះបីកំណាត់ខ្សែព្រំដែននៅខេត្តព្រះវិហារគ្មានបង្គោលព្រំដែនក៏ពិតមែន ក៏កំណាត់ខ្សែព្រំដែននេះមានផែនទីខ្នាត ១/២០០ ០០០ បន្សល់ទុកពីអាណានិគមបារាំង ដើម្បីកំណត់ព្រំដែនកម្ពុជា-ថៃ។
រីឯ កំណាត់ខ្សែព្រំដែន ពីខេត្តឧត្តរមានជ័យដល់ខេត្តកោះកុងក៏មានផែនទីខ្នាត ១/២០០ ០០០ ដើម្បីកំណត់ព្រំដែនកម្ពុជា-ថៃផងដែរ។ ផែនទីខ្នាត ១/២០០ ០០០ មានចំនួន១១ផ្ទាំង ដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤និងឆ្នាំ១៩០៧ ដែលមានបង្គោលព្រំដែនកម្ពុជា-ថៃសរុបចំនួន៧៤បង្គោល៕







