

ពលរដ្ឋខ្មែរមួយចំនួនដែលធ្លាប់ត្រូវបណ្ដាញឧក្រិដ្ឋជនបង្រៀនឱ្យធ្វើការងារជាអ្នកឆបោកតាមអនឡាញកំពុងក្លាយជាគោលដៅបង្ក្រាបរបស់សមត្ថកិច្ច បន្ទាប់ពីពួកគាត់បង្ខំចិត្តបន្តប្រតិបត្តិការឆបោកតាមអនឡាញនៅតាមផ្ទះ ឬបន្ទប់ជួល។ អ្នកធ្លាប់ធ្វើការក្នុងវិស័យនេះឱ្យដឹងថា អតីតបុគ្គលិកឆបោកតាមអនឡាញមួយចំនួនដែលបាត់បង់ការងារ ក៏បានធ្លាក់ខ្លួនប្រព្រឹត្តអំពើឆក់ប្លន់ជាដើម។ ចំណែក មន្ត្រីសិទ្ធិមនុស្សលើកឡើងថា ពលរដ្ឋខ្មែរដែលចូលប្រឡូកក្នុងការងារឆបោកតាមអនឡាញ ក៏ជាជនរងគ្រោះនៃការល្បួងរបស់បណ្ដាញឧក្រិដ្ឋជនដោយសន្យាផ្តល់ប្រាក់ឈ្នួលខ្ពស់ ខណៈទីផ្សារការងារនៅកម្ពុជាមានភាពចង្អៀត និងមានប្រាក់ឈ្នួលថោក។
ក្នុងពេលអាជ្ញាធរបង្កើនយុទ្ធនាការដាក់គោលដៅបង្ក្រាបពលរដ្ឋខ្មែរ និងជនបរទេសដែលសម្ងំបន្តប្រតិបត្តិការឆបោកអនឡាញនៅតាមផ្ទះ ឬបន្ទប់ជួល មេខ្លោងធំៗ និងឧកញ៉ាគ្រាក់ដែលរងការចោទកាងពីក្រោយឧស្សាហកម្មឆបោកអនឡាញនេះកំពុងរស់នៅក្រៅសំណាញ់ច្បាប់។ មិនតែប៉ុណ្ណោះក្រុមមន្ត្រីឧកញ៉ាឈ្មួញមានកេរ្តិ៍ឈ្មោះអាស្រូវទាំងនោះថែមទាំងទទួលបានការគាំពារ និងដើរហែហមរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ជារឿយៗ។
បុគ្គលិកដែលធ្លាប់ធ្វើការងារឆបោកតាមអនឡាញនៅខេត្តព្រះសីហនុប្រាប់ទូរទស្សន៍អាស៊ីសេរីថា ពលរដ្ឋខ្មែរជាច្រើននៅតែប្រថុយប្រថានបន្តលួចសម្ងំធ្វើការងារឆបោកតាមអនឡាញតាមផ្ទះ ឬបន្ទប់ជួល ព្រោះភាគច្រើនពួកគាត់គ្មានជំនាញ ឬបទពិសោធន៍ការងារផ្សេង ក្រៅពីការងារឆបោកដែលធ្លាប់ធ្វើជាមួយបណ្ដាញជនជាតិចិនអស់រយៈពេលជាច្រើនឆ្នាំ។ ម្យ៉ាងទៀតទោះបីជាយុវជនខ្មែរដឹងថា ការងារនេះជាបទល្មើសឧក្រិដ្ឋក៏ដោយ ក៏ពួកគាត់នៅតែបង្ខំចិត្តបន្តធ្វើដោយសារតែទទួលបានប្រាក់ឈ្នួលខ្ពស់ពីក្រុមជនជាតិចិន និងពិបាករកការងារផ្សេងមកជំនួស។
ប្រភពដដែលឱ្យដឹងទៀតថា ពលរដ្ឋខ្មែរមួយចំនួនដែលបានបោះបង់ការងារឆបោកតាមអនឡាញ មិនមែនដោយសារចង់ឈប់នោះទេ ប៉ុន្តែដោយសារអាជ្ញាធរបានបើកយុទ្ធនាការបង្ក្រាបបិទអគារមជ្ឈមណ្ឌលឆបោកមួយចំនួន។ អតីតបុគ្គលិកដដែលឱ្យដឹងទៀតថា យុវជនខ្មែរខ្លះក្រោយបាត់បង់ការងារនេះ បានធ្លាក់ខ្លួនក្លាយជាក្មេងទំនើង និងប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា លួច ឆក់ប្លន់ ជាដើម។
ពលរដ្ឋលាក់ឈ្មោះ៖ «អនឡាញសឹងតែថា មួយកំពង់សោមបិទស្អាតចែសហ្មង ហើយបើថា នៅកន្លែងបើកអត់យូរទេបិទហើយ។ បើមនុស្សនៅតែមានអ៊ីចឹងតែសុទ្ធតែសេរីឆក់ប្លន់។ ស្ទាវៗមានអីទេដាច់លុយហើយស្អីក៏ហ៊ានធ្វើដែរ ដេញកាប់ក៏មាន។ ឥឡូវរង្វង់មូលតោពីរ ក្លាយជារបស់ស្ទាវៗហើយ មិនមែនមិនអង្គុយទេ ភាគច្រើនមកដាក់តារាងកាប់គ្នាបណ្ដោយ»។
អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនពលរដ្ឋខ្មែរ និងជនបរទេសចម្រុះជាតិសាសន៍រាប់ម៉ឺននាក់ ក្នុងយុទ្ធនាការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញអស់រយៈពេលជិតមួយឆ្នាំកន្លងមក។ ប៉ុន្តែក្រោយសមត្ថកិច្ចចុះបង្ក្រាបទីតាំង និងអគារមជ្ឈមណ្ឌលឆបោកធំៗមួយចំនួន បណ្ដាញឧក្រិដ្ឋជនបានផ្លាស់ប្ដូរយុទ្ធសាស្ត្រប្រតិបត្តិការ ដោយបង្ខំឱ្យបុគ្គលិកខ្មែរ និងជនបរទេសដែលត្រូវបង្ខាំង បន្តធ្វើសកម្មភាពឆបោកតាមអនឡាញដោយសម្ងំពីផ្ទះល្វែង បន្ទប់ជួល និងអគារតូចៗជំនួសវិញ។
ជាក់ស្ដែង កាលពីខែមេសា អាជ្ញាធរខេត្តកំពតបានឃាត់ខ្លួនពលរដ្ឋខ្មែរ ៤នាក់ ដោយចោទប្រកាន់ថា ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញដែលធ្វើសកម្មភាពពីក្នុងផ្ទះ។ រីឯករណីចុងក្រោយ កាលពីដើមខែកក្កដា សមត្ថកិច្ចខេត្តបន្ទាយមានជ័យក៏បានឡោមព័ទ្ធ និងឃាត់ខ្លួនយុវជនខ្មែរម្នាក់ ព្រមទាំងដកហូតកុំព្យូទ័រ និងសម្ភារៈមួយចំនួន ដោយចោទថា ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។
ទោះបីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តបើកយុទ្ធនាការចុះបង្ក្រាបទីតាំងឆបោកតាមអនឡាញស្ទើររាល់ថ្ងៃក៏ដោយ ស្ថាប័នអន្តរជាតិ និងអ្នកជំនាញផ្នែកឧក្រិដ្ឋកម្មនៅតែរិះគន់ថា វិធានការនេះផ្តោតជាចម្បងលើការបិទទីតាំង និងចាប់ខ្លួនបុគ្គលិកដែលភាគច្រើនជាជនរងគ្រោះ ខណៈមេខ្លោងសំខាន់ៗ និងបុគ្គលមានអំណាចដែលរងការចោទប្រកាន់ថា ពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកតាមអនឡាញ នៅតែរស់នៅក្រៅសំណាញ់ច្បាប់។
ទន្ទឹមនឹងនេះ បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញនៅតែបន្តផ្សព្វផ្សាយជ្រើសរើសបុគ្គលិកតាមបណ្ដាញសង្គម ដោយអះអាងថា អាចធ្វើការពីផ្ទះ និងសន្យាផ្តល់ប្រាក់ឈ្នួលខ្ពស់។ អ្នកឃ្លាំមើលព្រួយបារម្ភនេះគឺជាកលល្បិចរបស់បណ្ដាញឧក្រិដ្ឋជនដែលនឹងបន្តទាក់ទាញឱ្យពលរដ្ឋខ្មែរ ជាពិសេសយុវជនដែលកំពុងខ្វះការងារឱ្យធ្លាក់ចូលក្នុងបណ្ដាញឧក្រិដ្ឋកម្មនេះបន្ថែមទៀត។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា លើកឡើងថា ប្រសិនបើយុវជនខ្មែរទទួលបានឱកាសការងារស្របច្បាប់ មានប្រាក់ឈ្នួលសមរម្យពួកគាត់នឹងមិនងាយធ្លាក់ខ្លួនជាជនរងគ្រោះក្នុងអន្ទាក់ការងាររបស់បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញនោះឡើយ។ លោកបន្តថា ពលរដ្ឋដែលប្រឡូកក្នុងការងារឆបោកតាមអនឡាញ ក៏ជាជនរងគ្រោះដែរ ព្រោះត្រូវបានឧក្រិដ្ឋជនអូសទាញដោយផ្ដល់ប្រាក់ឈ្នួលខ្ពស់ ខណៈការងារស្របច្បាប់ក្នុងស្រុកភាគច្រើនបានចំណូលតិច។
លោក ប៉ោ មករា៖ «កន្លងមកដែលខ្ញុំមើលឃើញហ្នឹង ការដោះស្រាយរបស់កម្ពុជាហ្នឹង វាហាក់បីដូចជា វែកចក វាមិនមែនស្រង់ចកចេញពីទឹកទេ អ៊ីចឹងជាបញ្ហាមួយដែលធ្វើទៅ វាអត់មានប្រសិទ្ធភាព ប្រសិនបើនោះគ្រាន់តែជាវែកចកចេញ ហើយចកហ្នឹងចូលមកវិញ។ យ៉ាងណាមិញ ដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ បញ្ហាអំពើពុករលួយហ្នឹង គឺត្រូវតែមានឆន្ទៈនយោបាយខ្ពស់ ក្នុងការកាត់សាច់ស្អុយចោលចេញ»។
ចំណែកឯ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ប្រៀបធៀបឧស្សាហកម្មឆបោកតាមអនឡាញថា ប្រៀបដូចជា «មេរោគមហារីក» ដែលបណ្ដាញឧក្រិដ្ឋជនចិនបាននាំចូល និងចម្លងរាលដាលដល់ពលរដ្ឋខ្មែរ។ លោកព្រមានដល់ពលរដ្ឋខ្មែរដកខ្លួនឱ្យឆ្ងាយពីការងារបែបឧក្រិដ្ឋកម្មនេះ ព្រោះអំពើឆបោកមិនត្រឹមតែធ្វើឱ្យជនរងគ្រោះបាត់បង់ទ្រព្យសម្បត្តិ និងរងការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញអនាគតខ្លួនឯង និងអាចប្រឈមទទួលទោសតាមផ្លូវច្បាប់ផងដែរ។
លោក ឌីថេ ហូយ៉ា៖ «ប្រសិនបើយើងមិនអាចចាត់វិធានការមេខ្លោងឆបោកនេះបានទេ អ្នកដែលមានឈ្មោះអាក្រក់ៗធំៗជាមេបណ្ដាញ ទាំងនៅក្នុងប្រទេសកម្ពុជា ទាំងជនជាតិចិននៅក្រៅប្រទេស មេរោគនេះវានឹងពង្រីកបង្កើតដំពូនកូនជាចៅគ្រប់កន្លែងហើយ។ អ៊ីចឹង អ្វីដែលរដ្ឋាភិបាលត្រូវគិតគឺថា ធ្វើយ៉ាងណា កម្ចាត់មេខ្លោងជាពិសេសអ្នកដែលមានឈ្មោះពាក់ព័ន្ធធំៗទាំងក្នុងស្រុក ទាំងក្រៅស្រុកទាំងអស់នោះ ត្រូវតែបោសសម្អាត។ នៅពេលដែលបោសមេខ្លោងអស់ហើយ ដូចជាយើងជីកស្មៅជីកទាំងឫសអ៊ីចឹង»។
អ្នកឃ្លាំមើល និងមន្ត្រីគណបក្សប្រឆាំងលើកឡើងថា ដរាបណារដ្ឋាភិបាលគ្មានឆន្ទៈដោះស្រាយបញ្ហាអំពើពុករលួយ លុបបំបាត់និទ្ទណ្ឌភាព និងបញ្ឈប់ការអនុវត្តច្បាប់ដោយស្តង់ដារពីរនោះ កម្ពុជានឹងមិនអាចលុបបំបាត់ឧស្សាហកម្មឆបោកតាមអនឡាញបានឡើយ។ ពួកគាត់លើកឡើងថា ការចាប់ខ្លួនតែបុគ្គលិក និងជនរងគ្រោះដែលពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ មិនមែនជាដំណោះស្រាយលុបបំបាត់អំពើឧក្រិដ្ឋកម្មឱ្យដល់ឫសគល់ឡើយ។ ពួកគាត់សង្កត់ធ្ងន់ថា ដរាបណាមេខ្លោងធំៗ អ្នកមានអំណាច និងក្រុមឧកញ៉ាដែលរងការចោទប្រកាន់ថា កាងឧស្សាហកម្មឆបោកតាមអនឡាញ នៅតែមានសេរីភាពរស់នៅក្រៅសំណាញ់ច្បាប់ ឧក្រិដ្ឋកម្មឆបោកអនឡាញនឹងនៅតែបន្តវិវត្តកាន់តែស្មុគស្មាញ និងរីករាលដាលកាន់តែខ្លាំងនៅកម្ពុជា៕








