អ្នកឃ្លាំមើល​សង្គម​ជំរុញ​កម្ពុជា​ប្រើ​យន្តការ​អន្តរជាតិ ដើម្បី​ឆ្លើយតប​ជម្លោះព្រំដែន​ជាមួយ​ថៃ

0
50
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន (ឆ្វេង) និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow)។ រូប៖ ក្រសួងការបរទេសកម្ពុជា
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន (ឆ្វេង) និង​រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow)។ រូប៖ ក្រសួងការបរទេសកម្ពុជា

អ្នកឃ្លាំមើល​សង្គម ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​ទាំង​យន្តការ​ច្បាប់​អន្តរជាតិ ការទូត ការ​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ និង​ការ​កសាង​សម្ព័ន្ធភាព​អន្តរជាតិ ដើម្បី​ឆ្លើយតប​ចំពោះ​ការ​រំលោភបំពាន​លើ​អធិបតេយ្យភាព​កម្ពុជា​។ ការ​អះអាង​នេះ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ជាបន្ទាន់​នូវ​ការសាងសង់​លេណដ្ឋាន​យោធា​ថ្មី​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ថ្មដា និង​ផែនការ​ពង្រីក​បណ្ដាញ​អគ្គិសនី​របស់​ថៃ​ទៅកាន់​តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ ៣៥០ ព្រមទាំង​ឱ្យ​ភាគី​ថៃ​ដក​កងកម្លាំង​ចេញពី​តំបន់​ដែល​បាន​កាន់កាប់​ដោយ​ខុសច្បាប់ ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​តវ៉ា​របស់​កម្ពុជា​តាមរយៈ​លិខិត​ការទូត​ទៅកាន់​ថៃ មិន​ធ្វើ​ឱ្យ​ថៃ​បញ្ឈប់​សកម្មភាព​នៅ​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ​នោះ​ទេ ពីព្រោះ​កម្ពុជា​បាន​ផ្ញើ​លិខិតតវ៉ា​ទៅកាន់​ភាគី​ថៃ​ជាច្រើនលើក​រួច​មក​ហើយ​។ លោក​ថា កម្ពុជា​គួរ​ចាត់វិធានការ​ផ្លូវច្បាប់ និង​ការទូត​បន្ថែម​ទៀត ដោយ​ប្រើប្រាស់​យន្តការ​អន្តរជាតិ ដូចជា តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​យន្ត​ការដែល​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន និង​ការ​ដក​កងកម្លាំង​ចេញពី​តំបន់​ដែល​បាន​កាន់កាប់​ដោយ​ខុសច្បាប់។

លោក អ៊ុំ សំអាន អះអាង​ថា កម្ពុជា​គួរ​ប្រើ​យន្តការ​អន្តរជាតិ ដើម្បី​ធ្វើ​ឱ្យ​បញ្ហា​នេះ​ក្លាយជា​បញ្ហា​ដែល​មាន​ការចាប់អារម្មណ៍ និង​ការចូលរួម​ពី​សហគមន៍​អន្តរជាតិ​។ ហើយ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ពង្រឹងសមត្ថភាព​ការពារ​ជាតិ ដោយ​បំពាក់​សព្វាវុធ​ទំនើប​ដល់​កងកម្លាំងប្រដាប់អាវុធ និង​ការ​ពង្រឹង​សមត្ថភាព​ការពារ​ដែនអាកាស និង​ព្រំដែន។

លោក អ៊ុំ សំអាន៖ «ក្រៅ​ពី​ធ្វើ​លិខិត​តវ៉ា​នេះ កម្ពុជា​ត្រូវធ្វើ​ម៉េច​ប្រញាប់​ប្តឹង​ថៃ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ប្តឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ប្តឹង​ថៃ​ទៅកាន់​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​៩១ ហើយ​និង​ប្តឹង​ថៃ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​ទាមទារ​ឲ្យ​ថៃ​ត្រូវតែ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា​ផង​ដែរ»។

លោក អ៊ុំ សំអាន ក៏បាន​អំពាវនាវ​ឱ្យ​កម្ពុជា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច និង​ប្រទេស​លោក​សេរី ដើម្បី​ស្វែងរក​ការ​គាំទ្រ​ផ្នែក​ការទូត​នៅពេល​មាន​វិបត្តិ​ព្រំដែន ពីព្រោះ​ការ​រក្សា​ជំហរ​អព្យាក្រឹត​របស់​ប្រទេស​មហាមិត្ត ម៉ឺន​ឆ្នាំ វៀតណាម ហើយ​និង​មិត្ត​ដែកថែប​ចិន ក្នុង​ជម្លោះ​កម្ពុជា​-​ថៃ ធ្វើ​ឱ្យ​កម្ពុជា​ពិបាក​ទទួល​បាន​ការ​គាំទ្រ​ដែល​ខ្លួន​ចង់បាន។

ការ​អះអាង​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ជាបន្ទាន់​នូវ​ការសាងសង់​លេណដ្ឋាន​យោធា​ថ្មី​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ថ្មដា និង​ផែនការ​ពង្រីក​បណ្ដាញ​អគ្គិសនី​របស់​ថៃ​ទៅកាន់​តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ ៣៥០ ព្រមទាំង​ទាមទារ​ឱ្យ​ភាគី​ថៃ​ដក​កងកម្លាំង​ចេញពី​តំបន់​ដែល​បាន​កាន់កាប់​ដោយ​ខុសច្បាប់ ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃទី​១០ ខែសីហា ក្រសួងការបរទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​បន្ត​សាងសង់​លេណដ្ឋាន​យោធា​ថ្មី​នៅ​ថ្ងៃទី​៦ ខែសីហា ដោយ​រំលោភ​ចូលក្នុង​ទឹកដី​កម្ពុជា​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ថ្មដា ស្ថិត​ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ នៅ​ថ្ងៃទី​៧ ខែសីហា រដ្ឋាភិបាល​ថៃ​ក៏បាន​ប្រកាស​ផែនការ​ពង្រីក​បណ្ដាញ​អគ្គិសនី​ជាតិ​របស់​ខ្លួន​ទៅកាន់​តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ ៣៥០ ផង​ដែរ។ កម្ពុជា​ចាត់ទុក​សកម្មភាព​ទាំងនេះ​ថា​ជា​ការ​ប៉ុនប៉ង​ពង្រឹង​ការ​កាន់កាប់​ទឹកដី​ដោយ​ខុសច្បាប់ និង​ជា​ការ​រំលោភ​លើ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀងទ្វេភាគី​ស្ដីពី​ការកំណត់​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា តំបន់​ដែល​មាន​ការ​ចម្រូងចម្រាស​ទាំងនេះ ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ដោយ​ផ្អែកលើ​ផែនទី​មាត្រដ្ឋាន ១/២០០.០០០ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គណៈកម្មការ​កំណត់​ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម ស្របតាម​អនុសញ្ញា​បារាំង​–​សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧​។ សកម្មភាព​របស់​ថៃ​រំលោភ​លើ​មាត្រា​ទី​៥ នៃ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការវាស់វែង និង​កំណត់ព្រំដែន​គោក​ឆ្នាំ​២០០០ (MoU 2000) ព្រមទាំង​វិធានការ​កាត់បន្ថយ​ភាព​តានតឹង​ដែល​មាន​ចែង​ក្នុង​សេចក្ដីប្រកាស​រួម​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​–​ថៃ (GBC) កាលពី​ខែ​ធ្នូ ឆ្នាំ​២០២៥។

ក្រសួងការបរទេស​បញ្ជាក់​ថា កម្ពុជា​មិន​ទទួលស្គាល់​ជាដាច់ខាត​នូវ​ខ្សែបន្ទាត់​ព្រំដែន ឬ​ការ​ទាមទារ​ទឹកដី​ជា​ឯកតោភាគី​របស់​ប្រទេស​ថៃ​ឡើយ និង​ទាមទារ​ឱ្យ​ថៃ​បញ្ឈប់​សកម្មភាព​ទាំងនេះ និង​ដក​កងកម្លាំង​ចេញពី​តំបន់​ដែល​បាន​កាន់កាប់​ដោយ​ខុសច្បាប់​។ ខ្សែបន្ទាត់​ព្រំដែន​មិនអាច​ផ្លាស់ប្ដូរ​បាន​តាមរយៈ​ការប្រើ​កម្លាំង​នោះ​ទេ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ចេញ​លិខិតតវ៉ា​រាប់​សិប​លើក​ដោយ​គ្មាន​វិធានការ​ឆ្លើយតប​ជាក់ស្តែង ឬ​គ្មាន​ការ​ទាមទារ​ឱ្យ​មាន​ទណ្ឌកម្ម​ផ្លូវការ​ណាមួយ អាច​ធ្វើ​ឱ្យ​ភាគី​ថៃ​មើលឃើញ​ថា កម្ពុជា​មានតែ​ចំណាត់ការ​លើ​ក្រដាស ប៉ុន្តែ​ខ្វះ​ឆន្ទៈ ឬ​សមត្ថភាព​ក្នុង​ការ​បកស្រាយ និង​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ឱ្យ​មាន​ទម្ងន់​។ លោក​ថា វា​មិន​ត្រឹមតែ​មិនអាច​បញ្ឈប់​សកម្មភាព​ទាំងនោះ​បានទេ ប៉ុន្តែ​ថែមទាំង​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ផ្លូវចិត្ត​របស់​កងទ័ព និង​ប្រជាពលរដ្ឋ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ដែល​រង់ចាំ​មើល​ចំណាត់ការ​ដែល​មាន​ទម្ងន់ និង​ម៉ឺងម៉ាត់​ជាង​នេះ​ពី​ខាង​រដ្ឋាភិបាល។

លោក សេង វណ្ណលី បន្ថែមទៀត​ថា ប្រសិនបើ​ការ​តវ៉ា​ទ្វេភាគី​ក្លាយជា​គ្មាន​ន័យ កម្ពុជា​មិន​គួរ​បន្ត​ចាញ់បោក​យុទ្ធសាស្ត្រ​ពន្យារពេល​របស់​ភាគី​ម្ខាង​ទៀត​នោះ​ទេ​។ កម្ពុជា​គួរតែ​ផ្លាស់​ប្តូរ​ពី​ជំហរ​អសកម្ម ទៅជា​ជំហរ​សកម្ម ដោយ​មិន​ត្រូវ​រង់ចាំ​ឱ្យ​ស្ថានការណ៍​រំលោភបំពាន​កាន់តែ​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​ត្រូវ​នាំ​យក​បញ្ហា​នេះ​ទៅកាន់​យន្តការ​អន្តរជាតិ​ភ្លាមៗ ដូចជា​ការ​ដាក់​ពាក្យ​បណ្តឹង​ផ្លូវការ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឬ​ការ​ទាមទារ​ឱ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ចាត់វិធានការ​បន្ធូរបន្ថយ​ភាព​តានតឹង​ជាបន្ទាន់​។ ការ​បន្ត​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រើប្រាស់​យន្តការ​អន្តរជាតិ ឬ​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ម៉ឺងម៉ាត់ គឺជា​ការ​បរាជ័យ​ផ្នែក​យុទ្ធសាស្ត្រ​ការពារ​ព្រំដែន និង​ជា​ការ​ខាតបង់​ប្រៀប​ការទូត​របស់​ជាតិ។

ទាក់ទង​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ នៅ​តំបន់​ប្រាសាទ​តា​ក្របី នេះ​ដែរ កងទ័ព​ភូមិភាគ​ទី​២​របស់​ថៃ បាន​ឃោសនា​ឱ្យ​ពលរដ្ឋ​ថៃ​ចូលរួម​ក្នុង​កម្មវិធី​រត់ប្រណាំង នៅ​តំបន់​ប្រាសាទ​តា​ក្របី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ចុងឆ្នាំ​២០២៦ ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រាសាទបុរាណ​ខ្មែរ​មួយ​នេះ និង​រម្លឹក​ដល់​អ្នកចូលរួម​ឱ្យ​ដឹង​គុណ​យោធា​ថៃ។

ក្នុងនោះ យោធា​ថៃ​បាន​អនុម័ត​គម្រោង​សាងសង់​ផ្លូវ ជីក​ប្រព័ន្ធ​ទឹក និង​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​នៅ​តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ​៣៥០ ក្នុង​រដូវវស្សា​នេះ ដើម្បី​ប្រែក្លាយ​អតីត​សមរភូមិ​មួយ​នេះ ក្លាយទៅជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​និង​ធ្វើជា​ខ្សែក្រវាត់​ការពារ​ព្រំដែន​អចិន្ត្រយ៍៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ