

ប្រមុខការពារជាតិ និងមេដឹកនាំថៃ បានលើកឡើងថា ប្រទេសថៃមិនមានក្ដីបារម្ភ បន្ទាប់ពីកម្ពុជាទទួលបានរថក្រោះ ៣៩គ្រឿងពីប្រទេសចិននោះឡើយ ព្រោះសព្វាវុធទាំងនោះគឺជាយុទ្ធុបករណ៍ចាស់ ដែលត្រូវបានគេយកមកកែច្នៃ និងអភិវឌ្ឍបន្ថែម។ ក៏ប៉ុន្តែមេដឹកនាំ និងយោធាថៃ បានព្រមានថា ថៃមិនព្រងើយកន្តើយនោះឡើយ ប្រសិនបើវាបង្កការគំរាមកំហែងមកលើប្រទេសថៃ ដោយកងទ័ពថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធ។
មជ្ឈដ្ឋាននានានៅក្នុងប្រទេសថៃ កំពុងមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីមានវីដេអូមួយត្រូវបានចែកចាយផ្សាយលើបណ្ដាញសង្គម ដែលបង្ហាញពីការដឹកជញ្ជូនរថពាសដែកជាច្រើនគ្រឿង។ សារព័ត៌មាន និងប្រភពយោធាថៃមួយចំនួន អះអាងថា រថពាសដែកទាំងនោះ គឺជារថក្រោះប្រភេទ T-59D ដែលចិនផ្តល់ឱ្យកម្ពុជា ដើម្បីពង្រឹងសមត្ថភាពការពារជាតិ។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក អាឌុល ប៊ុនថាំចារើន (Adul Boonthamcharoen) បានថ្លែងនៅថ្ងៃទី១០ ខែមិថុនា ថា ការបញ្ជូនរថក្រោះរបស់ចិនទៅកាន់កម្ពុជា ប្រសិនបើពិតជាកើតមានឡើងមែន គឺជារឿងកិច្ចព្រមព្រៀងចាស់រវាងចិន និងកម្ពុជា ដែលបានធ្វើឡើងមុនពេលផ្ទុះការប្រយុទ្ធគ្នាតាមព្រំដែនកម្ពុជា-ថៃ។ លោកថា ថៃមិនមានសិទ្ធិហាមឃាត់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនោះទេ។ ទោះជាយ៉ាងណា ប្រមុខក្រសួងការពារជាតិថៃរូបនេះ បានសង្កត់ធ្ងន់ថា «ថៃនឹងមិនព្រងើយកន្តើយឡើយ ប្រសិនបើការបញ្ជូនសម្ភារៈយោធានេះបង្កការគំរាមកំហែងដល់សន្តិសុខជាតិថៃ ឬត្រូវបានដាក់ពង្រាយនៅតំបន់ព្រំដែន ដែលកំពុងមានភាពតានតឹង»។
លោកអះអាងថា យោធាថៃទទួលបានរបាយការណ៍ស៊ើបអង្កេតមួយ ដែលបញ្ជាក់ថា រថក្រោះប្រភេទ T-59D ទាំងនេះ មិនទាន់ត្រូវបានបញ្ជូនទៅកាន់តំបន់ព្រំដែនថៃនៅឡើយទេ។ លោក អាឌុល ក៏បានបញ្ជាក់ថា ភាគីថៃកំពុងតាមដានយ៉ាងជិតស្និទ្ធ ចំពោះព័ត៌មានដែលថាកម្ពុជា កំពុងបង្កើនសព្វាវុធ និងឧបករណ៍យោធាទំនើបៗមួយចំនួន។ លោកថាកម្ពុជា និងថៃ មានសេចក្ដីថ្លែងការណ៍រួមមួយ ដែលកំណត់មិនឱ្យភាគីណាមួយ ចល័តកម្លាំងទ័ព ឬសម្ភារៈយោធាធុនធ្ងន់ ទៅកាន់តំបន់ព្រំដែន ក្នុងរបៀបដែលអាចបង្កការគំរាមកំហែងដល់ភាគីម្ខាងទៀត។
ចំណែកនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក៏ថ្លែងដែរថា ការបញ្ជូនរថក្រោះរបស់ចិនទៅឱ្យកម្ពុជា គឺជារឿងរវាងចិន និងកម្ពុជា ហើយមិនមែនជាការងារ ដែលថៃអាចទៅជ្រៀតជ្រែកបានឡើយ។ ទោះជាយ៉ាងណា លោក អានុទីន បានប្រើភាសារឹងត្អឹង ដោយព្រមានថា កងទ័ពថៃ បានត្រៀមខ្លួនរួចជាស្រេច ប្រសិនបើមានការប៉ះទង្គិចជាថ្មី។ លោកអះអាងថា ថៃមិនបានឈ្លានពានកម្ពុជាឡើយ ហើយថាប្រសិនបើកម្ពុជាចង់ទាមទារទឹកដី ឬបង្កការប្រយុទ្ធម្ដងទៀត កម្ពុជាត្រូវគិតឱ្យច្បាស់។
ប្រភពព័ត៌មាន និងការបញ្ជាក់ពីភាគីកម្ពុជា
ប្រតិកម្មរបស់មេដឹកនាំថៃ កើតឡើងបន្ទាប់ពីវីដេអូមួយ ដែលត្រូវបានគេចែកលើបណ្ដាញសង្គមកម្ពុជា ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃ យកទៅផ្សាយបន្ត និងអះអាងថា ជាសកម្មភាពដឹកជញ្ជូនរថក្រោះ T-59D ដែលចិនផ្តល់ឱ្យកម្ពុជា។ ប្រភពថៃមួយចំនួន រាយការណ៍ថារថក្រោះចំនួន ៣៩គ្រឿងនេះ គឺជារបត់កាលដំបូង នៃចំនួនសរុប ៩៣គ្រឿង ដែលត្រូវបញ្ជូនមកកម្ពុជា។ ទោះជាយ៉ាងណា ព័ត៌មានអំពីចំនួន ស្ថានភាពកិច្ចព្រមព្រៀង និងទីតាំងដាក់ពង្រាយរថក្រោះនេះ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយថៃខ្លះ អះអាងថា រថក្រោះទាំងនេះ ត្រូវបានដឹកចេញពីកំពង់ផែព្រះសីហនុ ហើយបញ្ជូនទៅកាន់អង្គភាពយោធាមួយ ដែលពាក់ព័ន្ធនឹងបញ្ជាការដ្ឋានកងអង្គរក្ស។ ក៏ប៉ុន្តែ ទូរទស្សន៍អាស៊ីសេរី ក៏នៅមិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មាននេះ ដោយឯករាជ្យបាននៅឡើយទេ។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ អំពីសកម្មភាពដឹកជញ្ជូនរថក្រោះនេះភាគីកម្ពុជានៅមិនទាន់ចេញប្រតិកម្មជាផ្លូវការនៅឡើយទេ។ ទូរទស្សន៍អាស៊ីសេរី ក៏នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី១០ ខែមិថុនានេះ។
ទោះជាយ៉ាងណា មន្ត្រីយោធាកម្ពុជាម្នាក់ ដែលបម្រើការនៅកងរថក្រោះ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ចិនធ្លាប់ចុះកិច្ចព្រមព្រៀងផ្ដល់រថក្រោះ T-59D ដល់កម្ពុជាជិត ១០០គ្រឿង តាំងពីកម្ពុជា និងចិន ចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នា «នាគមាស» ជាលើកដំបូងនៅឆ្នាំ២០១៦ មកម្ល៉េះ។
លក្ខណៈបច្ចេកទេសនៃរថក្រោះ T-59D
រថក្រោះ T-59D មិនមែនជារថក្រោះផលិតថ្មីទាំងស្រុងនោះទេ។ វាជាការកែច្នៃទំនើបកម្មពីរថក្រោះប្រភេទ ៥៩ របស់ចិន ដែលមានមូលដ្ឋានពីរថក្រោះ T-54 A សម័យសហភាពសូវៀត។ កំណែ T-59D ត្រូវបានកែលំអដោយបំពាក់កាណុងទំហំ ១០៥ មីលីម៉ែត្រ ប្រព័ន្ធគណនាបាញ់ ប្រព័ន្ធមើលពេលយប់ ឧបករណ៍វាស់ចម្ងាយដោយឡាស៊ែរ និងសមត្ថភាពការពារប្រឆាំងគ្រាប់បាញ់មួយចំនួន ទោះបីជាកែលំអឡើងវិញក៏ដោយ អ្នកជំនាញយោធាជាច្រើន ចាត់ទុករថក្រោះប្រភេទនេះ ថាមិនអាចប្រៀបធៀបដោយផ្ទាល់ ជាមួយរថក្រោះជំនាន់ថ្មីៗនៅតំបន់បានទេ ក៏ប៉ុន្តែវាអាចបង្កើនសមត្ថភាពរបស់អង្គភាពជើងគោក សម្រាប់ការការពារ និងគាំទ្រប្រតិបត្តិការយោធាជាក់ស្ដែង។
ទស្សនៈរបស់អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិល
ជុំវិញរឿងនេះ ប្រមុខស្ថាប័នធិបតេយ្យភាពជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន លើកឡើងថា ការទិញសព្វាវុធ ឬទទួលជំនួយយោធាពីបរទេស មិនមែនជារឿងចម្លែកនោះឡើយ ព្រោះប្រទេសណាក៏មានសិទ្ធិធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឯងដែរ។ ទោះជាយ៉ាងណា លោកថាប្រសិនបើកម្ពុជាពិតជាទទួលបានរថក្រោះពីចិនក៏ដោយ ក៏កម្ពុជានៅមិនទាន់មានសមត្ថភាព បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ថៃបានទេ ដោយសារសមត្ថភាពយោធារបស់កម្ពុជានៅទាបជាងថៃ ជាពិសេសលើវិស័យទ័ពអាកាស។
លោក អ៊ុំ សំអាន៖ «គោដំបៅខ្នង ខ្លួនឯងឈ្លានពានទឹកដីកម្ពុជា យកទឹកដីកម្ពុជាទៅគ្រប់គ្រង ខ្លាចគេវាយដណ្ដើមមកវិញ នៅពេលគេទិញសព្វាវុធ បែរជាខ្លាចសម្បើមម្ល៉េះ? ហើយផលិតដ្រូនក្នុងស្រុកជាច្រើន ទិញយន្តហោះចម្បាំងពីស៊ុយអែត ទិញសព្វាវុធពីប្រទេសផ្សេងៗ កម្ពុជាមិនដែលដឹងមានប្រតិកម្មផងហ្នឹង»។
លោក អ៊ុំ សំអាន បន្ថែមថា ការពង្រឹងសមត្ថភាពយោធារបស់កម្ពុជា គួរតែផ្ដោតលើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី មិនមែនប្រើសម្រាប់បង្កភាពតានតឹង ឬបើកផ្លូវឱ្យមានការប្រយុទ្ធជាថ្មីនោះទេ។
យុទ្ធសាស្ត្រការពារជាតិ និងការបង្ការជម្លោះ
ក្រោយការប្រយុទ្ធតាមព្រំដែន និងបទឈប់បាញ់គ្នាលើកទីពីរ កម្ពុជានិងថៃ បានបន្តពង្រឹងវិស័យការពារជាតិ ដោយប្រើយុទ្ធសាស្ត្ររៀងៗខ្លួន។ កម្ពុជាត្រូវបានប្រភពសន្តិសុខថៃអះអាងថា កំពុងពង្រឹងសមត្ថភាពទ័ពជើងគោក ទ័ពអាកាស និងទ័ពជើងទឹក ក្នុងនោះកម្ពុជាទទួលបាននាវាចម្បាំងកម្រិតស្រាលប្រភេទ Type 056 ពីចិន ហើយប្រភពថៃអះអាងថា ភ្នំពេញក៏បានស្វែងរកសព្វាវុធបន្ថែមពីចិន និងប្រទេសមួយចំនួននៅអឺរ៉ុបខាងកើតផងដែរ។
ចំណែកប្រទេសថៃវិញ ថៃបានបន្តធ្វើទំនើបកម្មយោធារបស់ខ្លួន ដោយបញ្ជាទិញយន្តហោះចម្បាំង Gripen E/F ជំនាន់ថ្មីពីប្រទេសស៊ុយអែត(Sweden) បន្ថែមពីលើសមត្ថភាពអាកាសដែលថៃមានស្រាប់។ ទ័ពអាកាសថៃក៏បន្តធ្វើសមយុទ្ធយោធាជាមួយសម្ព័ន្ធមិត្ត និងដៃគូសន្តិសុខ ដូចជា សហរដ្ឋអាមេរិក(USA) កូរ៉េខាងត្បូង (South Korea) និងសិង្ហបុរី (Singapore)។ ទ័ពជើងគោក និងទ័ពជើងទឹកថៃ ក៏បានធ្វើសមយុទ្ធធំៗជាច្រើន និងទទួលបានសព្វាវុធទំនើបៗពីប្រទេសសម្ព័ន្ធមិត្ត។
អ្នកសង្កេតការណ៍យល់ថា ការផ្សព្វផ្សាយព័ត៌មានអំពីរថក្រោះ T-59D កើតឡើងក្នុងបរិបទ ដែលភាពតានតឹងកម្ពុជា-ថៃ នៅមិនទាន់រលាយបាត់ទាំងស្រុង។ ដូចនេះការផ្សព្វផ្សាយព័ត៌មានយោធា ពិសេសព័ត៌មានដែលមិនទាន់មានការបញ្ជាក់ច្បាស់ពីភាគីពាក់ព័ន្ធ អាចបង្កឱ្យមានការភ័យខ្លាច ការបកស្រាយខុស និងការបង្កើនភាសាជាតិនិយមនៅប្រទេសទាំងពីរ។ ក្នុងបរិបទនេះ អ្នកវិភាគមួយចំនួនជំរុញឱ្យកម្ពុជា និងថៃ ប្រើប្រាស់យន្តការទំនាក់ទំនងយោធា កិច្ចប្រជុំទ្វេភាគី និងការទូតតំបន់ ដើម្បីបញ្ជាក់ព័ត៌មានពាក់ព័ន្ធនឹងការចល័តសព្វាវុធ និងកម្លាំងទ័ព។ ពួកគេថាការបើកចំហព័ត៌មានជាក់លាក់ និងការប្រើប្រាស់ភាសាដោយប្រុងប្រយ័ត្ន គឺជានិយមសំខាន់ សម្រាប់ទប់ស្កាត់កុំឱ្យភាពតានតឹងតាមព្រំដែន វិលត្រឡប់ទៅរកការប្រយុទ្ធសាជាថ្មី៕









