យោធា​ថៃ​ដក​កម្លាំង​ទ័ព និង​អាវុធ​ធុន​ធ្ងន់​មួយ​ចំនួន​ចេញ​ពី​តំបន់​ព្រំដែន​កម្ពុជា

0
46
សកម្មភាពទាហានថៃបានដាក់ទូកុងតឺន័របិទផ្លូវនៅក្បែរកាស៊ីណូ នៅច្រកអានសេះ ខេត្តព្រះវិហារ កាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក អ៊ុំ សំអាន
សកម្មភាពទាហានថៃបានដាក់ទូកុងតឺន័របិទផ្លូវនៅក្បែរកាស៊ីណូ នៅច្រកអានសេះ ខេត្តព្រះវិហារ កាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក អ៊ុំ សំអាន

យោធា​ថៃ​បាន​ដក​កងទ័ព និង​សព្វាវុធ​ធុន​ធ្ងន់​មួយចំនួន ចេញពី​តំបន់​ព្រំដែន​កម្ពុជា​។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម របស់​ក្រុម​ទាហាន​ថៃ​ដែល​កំពុង​ឈរជើង​ក្នុង​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ពេល​ថ្មីៗ​នេះ​។ អ្នកឃ្លាំមើល​យល់​ថា ការ​ដក​កម្លាំង​ទ័ព​របស់​យោធា​ថៃ អាច​ជា​ការកាត់បន្ថយ​ការ​ចំណាយ ឬ​ផ្លាស់ប្ដូរ​កម្លាំង​ថ្មី និង​មិន​បណ្ដាល​ឱ្យ​មាន​ការប្រែប្រួល​ស្ថានការណ៍​នៅ​តាម​ព្រំដែន​នោះ​ឡើយ។

ទាហាន​ថៃ ដែល​ឈរជើង​នៅ​តាម​តំបន់​កម្ពុជា​-​ថៃ នៅពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ពី​សកម្មភាព​ដក​កម្លាំង និង​ប្រមូល​សព្វាវុធ​ធុន​ធ្ងន់​មួយចំនួន​ចេញពី​តំបន់​សមរភូមិ ដែល​ដណ្ដើម​បាន​ពី​កម្ពុជា។ នៅ​លើ​បណ្ដាញ​សង្គម ដែល​ក្រុម​ទាហាន​បាន​បង្ហោះ​ជា​បន្តបន្ទាប់ ដោយ​លាគ្នា ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ទោះជា​យ៉ាងណា ពួកគេ​បាន​ប្រកាស​ថា នឹង​ត្រឡប់មកវិញ ប្រសិនបើ​មាន​សង្គ្រាម​ផ្ទុះឡើង​សាជាថ្មី។

ក្នុង​នោះ ទាហាន​ថៃ​បាន​បង្ហាញ​ពី​សកម្មភាព​ប្រមូល​គ្រាប់កាំភ្លើង​ចេញពី​ក្នុង​រថក្រោះ ដោយមាន​ទាំង​គ្រាប់​បំពាក់​ក្បាល​ចុះ​ទម្លុះ​ក្រោះ​ដែក និង​គ្រាប់​ផ្ទុះ​កម្រិត​ខ្លាំង​យក​មក​តម្រៀប​ទុក ខណៈ​រថក្រោះ​ប្រភេទ Stingray និង Scorpion ជាច្រើន​គ្រឿង ត្រូវ​បាន​ដឹក​តាម​រថយន្ត​ចេញពី​តំបន់​ព្រំដែន​ខេត្ត​ស៊ីសាកេត ដែល​ជាប់​តំបន់​មុំ​បី និង​តំបន់​ប្រាសាទ​តា​ក្របី របស់​កម្ពុជា។

ពាក់ព័ន្ធ​នឹង​ការ​ដក​កម្លាំង​ទ័ព និង​សព្វាវុធ​ចេញពី​តំបន់​ព្រំដែន​នេះ ស្ថាប័ន​យោធា​ថៃ​មិនទាន់​ចេញ​មក​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​។ ទោះជា​យ៉ាងណា កន្លងមក រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ លោក ណាត់តាផន ណាក់ផានិច (Nattapon Nakpanich) ធ្លាប់​បាន​លើកឡើង​ពី​ផែនការ​កាត់បន្ថយ​ចំនួន​កងទ័ព ដែល​ឈរជើង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​វិស័យ​ការពារ​ជាតិ​ថៃ។

ទោះជា​បែបនេះ​ក្ដី ទាហាន​ថៃ​មួយចំនួន បាន​លើកឡើង​នៅក្នុង​បណ្ដាញ​សង្គម​ថា សព្វាវុធ​ដែល​ដឹក​ចេញពី​តំបន់​ព្រំដែន នឹង​ត្រូវ​គេ​បញ្ជូន​ដើម្បី​យក​ទៅ​ជួសជុល និង​ធ្វើ​ទំនើបកម្ម ឱ្យ​កាន់តែ​ខ្លាំង ខណៈ​នៅ​តំបន់​ព្រំដែន ទាហាន​ថៃ​បាន​រក្សាទុក​អាវុធ​ធុន​ធ្ងន់​ដែល​ចាំបាច់​នៅ​ដដែល។

ស្របគ្នា​នេះ​ដែរ ទាហាន​ខ្មែរ ដែល​កំពុង​ឈរជើង​នៅ​តំបន់​ជាំ​តែ ក្នុង​ខេត្តព្រះវិហារ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា ទាហាន​ថៃ​នៅតែ​ឈរជើង​ការពារ​នៅ​តំបន់​រាយ​បន្លា​លួស និង​កាយ​ប្រឡាយ ដោយ​ពួកគេ​បាន​បណ្ដេញ និង​គំរាម​មក​លើ​ទាហាន​ខ្មែរ មិន​ឱ្យ​ចូល​ទៅ​ក្បែរ​នោះ​ឡើយ​។ ទាហាន​ខ្មែរ​រូប​នេះ​បន្ត​ថា មកដល់ពេលនេះ ទាហាន​ថៃ នៅតែ​មាន​ប្រៀប​ជាង​ទាហាន​ខ្មែរ ទាំង​ទីតាំង​ភូមិសាស្ត្រ កម្លាំង​ប្រយុទ្ធ និង​អាវុធ ហើយ​នេះ​មិនទាន់​រាប់បញ្ចូល​ទ័ពអាកាស​របស់​ថៃ​នៅឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការ​ដក​កម្លាំង​ទ័ព​របស់​យោធា​ថៃ អាច​ជា​កា​កែសម្រួល​យុទ្ធសាស្ត្រ និង​ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ ក្នុង​អន្តរកាល​នៃ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​នៅក្នុង​ប្រទេស​ថៃ​។ ទោះជា​យ៉ាងណា លោក​បន្ត​ថា ការ​ដក​កម្លាំង​ទ័ព​មួយចំនួន របស់​យោធា​ថៃ​នេះ មិនបាន​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ចំពោះ​ស្ថានការណ៍​នៅ​តាម​ព្រំដែន​នោះ​ឡើយ ដោយ​យោធា​ថៃ នៅតែ​បន្តកាន់កាប់​ទឹកដី​កម្ពុជា នៅ​តាម​ព្រំដែន ខណៈ​រដ្ឋាភិបាល​កម្ពុជា នៅតែ​បង្ហាញ​គោលជំហរ​ទន់ជ្រាយ ក្នុង​ការ​ប្ដឹង​ថៃ​តាម​យន្តការ​ច្បាប់​អន្តរជាតិ។

លោក ម៉ែន ណាត៖ «ថៃ​គេ​អាច​ប្រែប្រួល​យុទ្ធសាស្ត្រ​ពេលណា​ក៏បាន តាម​ស្ថានភាព​ជាក់ស្ដែង​។ ម្ល៉ោះហើយ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន ទាំង​ផ្នែក​ការទូត​នៅ​លើ​ឆាក​អន្តរជាតិ ទាំង​ការរៀបចំ​ឯកសារ​ដើម្បី​ប្ដឹង​ថៃ និង​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន រួម​ទាំង​កែសម្រួល​បញ្ហា​ផ្ទៃក្នុង​ដែរ ដូចជា​ការ​ធ្វើ​ទំនើបកម្ម​ផ្នែក​យោធា និង​ការ​បោសសម្អាត​អំពើពុករលួយ»។

ទោះបីជា​យោធា​ថៃ​បាន​ដក​កម្លាំង​ទ័ព​មួយចំនួន​ក្ដី ក៏​យោធា​ថៃ​បាន​រក្សាទុក និង​ពង្រឹង​កម្លាំងយោធា​ដែល​ឈរជើង​នៅក្នុង​តំបន់​សំខាន់ៗ តាម​បណ្ដោយ​ព្រំដែន​ដដែល​។ ការ​ដក​កម្លាំង​ទ័ព​របស់​យោធា​ថៃ​នេះ ធ្វើឡើង​ស្របពេល​ដែល​យោធា​ថៃ បាន​ធ្វើ​សមយុទ្ធ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទាំង​លើគោក ដែនអាកាស និង​នៅ​លើ​ដែនសមុទ្រ ដោយមាន​ការចូលរួម និង​បណ្ដុះបណ្ដាល​ពី​សំណាក់​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ថៃ មាន​ដូចជា​សហរដ្ឋអាមេរិក និង​សិង្ហបុរី​ជាដើម។

ជាមួយ​គ្នា​នេះ មេបញ្ជាការ​កងទ័ពអាកាស​ថៃ​ធ្លាប់​បាន​អះអាង​ថា យោធា​ថៃ​មិន​បារម្ភ​ពី​ការ​ផ្ទុះឡើង​នៃ​សង្គ្រាម​តាម​ព្រំដែន​ជាមួយ​កម្ពុជា ជា​លើក​ទី​បី​នោះ​ឡើយ ដោយសារ​ទ័ពអាកាស​ថៃ អាច​គ្រប់គ្រង​ស្ថានការណ៍​របស់​កងទ័ព​ខ្មែរ​បាន​ទាំងស្រុង និង​អាច​បើក​ការវាយប្រហារ​ដោយ​ឆាប់រហ័ស​បាន​ភ្លាមៗ នៅពេល​មាន​សង្គ្រាម​ផ្ទុះឡើង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ