

ទាហានខ្មែរបានអះអាងថា យោធាថៃបានពង្រីកសកម្មភាពឈ្លានពានដោយឈូសឆាយ និងរាយបន្លាលួសបិទផ្លូវល្បាតរបស់ទាហានខ្មែរនៅតំបន់បង្គោលព្រំដែនលេខ២៤ ដល់២៦ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ភាគីទាហានថៃបានអះអាងថា ការបិទផ្លូវនេះគឺធ្វើឡើងនៅក្នុងទឹកដីថៃ ដើម្បីពង្រឹងសន្តិសុខតាមព្រំដែន ប៉ុន្តែទាហានខ្មែរអះអាងថា សកម្មភាពភាពរាយបន្លាលួសរបស់យោធាថៃ ធ្វើឡើងនៅក្នុងតំបន់កាន់កាប់របស់កម្ពុជា។
ទាហានខ្មែរមួយរូបបានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីថា បច្ចុប្បន្នទាហានថៃបានពង្រីកការឈ្លានពាន រាយបន្លាលួស និងឈូសឆាយសាងសង់ផ្លូវចូលក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ ចាប់ពីទីតាំងបង្គោលព្រំដែនលេខ២៤ ដល់២៦ ស្ថិតនៅភូមិសាស្ត្រឃុំគោកមន ឃុំអំពិល និងតំបន់ជប់គគីរ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាប់នឹងខេត្តបុរីរម្យ(Buriram) របស់ថៃ។
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ទាហានខ្មែររូបនេះអះអាងថា ទីតាំងដែលយោធាថៃបានព័ទ្ធបន្លាលួសយកនោះ រួមមានទាំងផ្លូវដើរល្បាត និងទីតាំងប្រតិបត្តិការរបស់ទាហានខ្មែរ ដែលពួកគាត់បានរក្សាការឈរជើងក្នុងតំបន់នេះ ក្រោយពីមានបទឈប់បាញ់លើកទី២ កាលពីចុងឆ្នាំ២០២៥។
ពាក់ព័ន្ធនឹងករណីនេះ នាយសេនាធិការយោធាថៃ លោក ឆាយ៉ាព្រឹក្ស ដួងប្រាក់ផាត (Chaiyapruek Duangprapat) បានអះអាងកាលពីថ្ងៃទី១២ ខែកក្កដា ថា ការរាយបន្លាលួសនៅតំបន់ព្រំដែននេះធ្វើឡើងបន្ទាប់ពីយោធាថៃបានទទួលសេចក្ដីរាយការណ៍ពីពលរដ្ឋថៃដែលស្វែងរកអនុផលព្រៃឈើ ហើយបានប្រទះជាមួយក្រុមទាហានខ្មែរដែលកំពុងបំពេញប្រតិបត្តិការល្បាតនៅក្នុងព្រៃដោយចៃដន្យ។
លោក ឆាយ៉ាព្រឹក្ស បានលើកឡើងថា បច្ចុប្បន្នយោធាថៃបានសម្រួលកម្លាំងទ័ព រាយបន្លាលួស និងឈូសឆាយព្រៃដើម្បីសាងសង់ផ្លូវក្នុងតំបន់ព្រំដែនជប់គគីរ រហូតដល់ទីតាំងបង្គោលព្រំដែនលេខ២៤ ដល់២៦ ដើម្បីកាន់កាប់ និងផ្ដាច់ផ្លូវដើរល្បាតរបស់ទាហានចូលក្នុងតំបន់នេះជារៀងរហូត។ មន្ត្រីជាន់ខ្ពស់យោធាថៃរូបនេះបញ្ជាក់ថា យោធាថៃក៏នឹងបង្ហោះដ្រូនដើម្បីឃ្លាំមើលសកម្មភាពរបស់ទាហានខ្មែរនៅក្នុងតំបន់នេះដើម្បីល្បាត និងពង្រឹងសន្តិសុខនៅតាមព្រំដែនទៀតផង។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយរឿងនេះបានទេ នៅថ្ងៃទី១៣ ខែកក្កដា។ ចំណែកអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងក្រសួងការបរទេស ក៏មិនទាន់ចេញសេចក្ដីថ្លែងការណ៍អំពីរឿងនេះនោះដែរ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មានប្រសាសន៍ថា ភាគីកម្ពុជាគួរតែប្រើប្រាស់សិទ្ធិការពារខ្លួន ដែលស្របតាមច្បាប់របស់អង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់សកម្មភាពឈ្លានពានរបស់យោធាថៃតាមភាពជាក់ស្ដែង ក៏ប៉ុន្តែត្រូវធ្វើយ៉ាងណា ដើម្បីជៀសវាងជម្លោះប្រដាប់អាវុធ។ ទោះជាយ៉ាងណា លោកសង្ស័យថា មូលហេតុដែលទាហានខ្មែរមិនអាចទប់ស្កាត់សកម្មភាពឈ្លានពានរបស់យោធាថៃបាន គឺដោយសារមានបញ្ជាពីថ្នាក់លើមិនឱ្យធ្វើសកម្មភាព និងរក្សាភាពស្ងៀមស្ងាត់។
លោក ម៉ែន ណាត៖ «ទាហានជួរមុខហ្នឹង ស្ដាប់ៗទៅពួកគាត់រាយការណ៍ទៅថ្នាក់លើ បានតែត្រឹមរាយការណ៍ទេ ក៏ប៉ុន្តែគ្មានថ្នាក់លើហ្នឹងក្រសួងការពារជាតិកម្ពុជា និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អត់ទាន់មានវិធានការអីថ្មីក្នុងការទប់ស្កាត់ថៃទេ។ បានតែឱ្យអ្នកនាំពាក្យរដ្ឋាភិបាល កម្ពុជាហ្នឹង អង្គុយសូត្រមេរៀន នៅភ្នំពេញហ្នឹង អំពីរឿងការតវ៉ាដាច់អហង្ការអី ក៏ប៉ុន្តែ តវ៉ាទៅលើលិខិតហ្នឹង ភាពជាក់ស្ដែងនៅលើព្រំដែនអត់បានធ្វើទេ»។
តំបន់បង្គោលព្រំដែនលេខ២៤ ដល់២៦ ដែលយោធាថៃកំពុងធ្វើសកម្មភាពសាងសង់ផ្លូវ និងរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជានេះ គឺជាទីតាំងបង្គោលព្រំដែនរណបដែលមានភាពចម្រូងចម្រាស ព្រោះភាគីកម្ពុជា និងថៃនៅមិនទាន់មានការឯកភាពគ្នាលើការកំណត់ព្រំប្រទល់ និងចុះវាស់វែងនៅឡើយ។ កាលពីថ្ងៃទី២៧ ខែមិថុនា ក្រសួងការបរទេសកម្ពុជា បានចេញលិខិតតវ៉ាមួយ ប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃ ដែលបានចូលឈូសឆាយ និងរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជា នៅតំបន់បង្គោលព្រំដែនលេខ២៦នេះ។
ក៏ប៉ុន្តែមួយថ្ងៃក្រោយមក កងទ័ពជើងគោកថៃ បានចេញលិខិតបដិសេធដោយអះអាងថា សកម្មភាពរាយបន្លាលួសរបស់យោធាថៃនេះ គឺធ្វើឡើងនៅក្នុងទឹកដីថៃ ដើម្បីការពារសន្តិសុខតាមព្រំដែន និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់។
យ៉ាងណាក៏ដោយចុះ ទាហានខ្មែរដែលកំពុងឈរជើងនៅតាមព្រំដែន បានអះអាងថា គ្រប់ទីតាំងទាំងអស់ដែលយោធាថៃបានសាងសង់ផ្លូវ ជីកប្រឡាយ ឬឈូសឆាយ គឺតែងតែរំលោភចូលក្នុងទឹកដីកម្ពុជា។ ពួកគាត់ថា នៅរយៈកាលចុងក្រោយនេះ យោធាថៃបានពង្រីកការអភិវឌ្ឍនៅតាមព្រំដែនយ៉ាងឆាប់រហ័ស ដែលកត្តានេះបានក្លាយជាការគំរាមកំហែងដ៏ធំសម្រាប់កងទ័ពខ្មែរក្នុងការការពារ និងឈរជើងនៅក្នុងទីតាំងដែលមានភូមិសាស្ត្រទាប និងមានភាពទន់ខ្សោយខាងផ្នែកយោធា៕









