

យោធាថៃបានបើកឱ្យប្រជាពលរដ្ឋថៃចូលមកទស្សនាក្នុងតំបន់ ដែលជាអតីតមូលដ្ឋានទ័ពខ្មែរក្រហម ឬផ្ទះតាម៉ុក និងតំបន់ប្រាសាទដូនទួល ដែលជាប្រាសាទបុរាណខ្មែរ បន្ទាប់ពីកម្ពុជាបាត់បង់ការគ្រប់គ្រង។ ទាហានខ្មែរអះអាងថា តំបន់ទាំងនេះ គឺស្ថិតក្នុងទឹកដីកម្ពុជា និងជាអតីតមូលដ្ឋានយោធាចុងក្រោយរបស់កងទ័ពខ្មែរក្រហម ដែលបានបង្កើតចលនាតស៊ូប្រយុទ្ធក្នុងសង្គ្រាមកាលពីទសវត្សឆ្នាំ៨០។
បន្ទាប់ពីផ្អាកសង្គ្រាមតាមព្រំដែនមិនដល់មួយឆ្នាំផងនោះ ពេលនេះយោធាថៃបានអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្លួនកក់សំបុត្រ ដើម្បីចូលទៅទស្សនាតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ របស់កម្ពុជាហើយ។ ទីតាំងដែលយោធាថៃបើឱ្យទស្សនានោះ រួមមានផ្ទះដែលជាមរតករបស់កម្មាភិបាលខ្មែរក្រហម ឬដែលគេហៅថា ផ្ទះតាម៉ុក ដែលស្ថិតនៅលើខ្នងភ្នំដងរែក ជាប់នឹងប្រាសាទព្រះវិហារ និងប្រាសាទដូនទួល ដែលស្ថិតនៅក្បែរភូមិសាស្ត្រភ្នំខ្មោច។
ផ្អែកតាមការផ្សព្វផ្សាយរបស់ឧទ្យានជាតិរបស់ថៃ នៅតំបន់ភ្នំព្រះវិហារ យោធាថៃបានបើកឱ្យប្រជាពលរដ្ឋថៃកក់សំបុត្រធ្វើដំណើរកម្សាន្តតាមរថយន្ត ដើម្បីចូលទៅទស្សនាតំបន់ផ្ទះតាម៉ុក និងប្រាសាទដូនទួល នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១៨ ខែតុលា នេះ ដោយស្ថិតក្នុងការរឹតបន្តឹងសន្តិសុខ និងកំណត់ចំនួនអ្នកចូលរួមមិនឱ្យលើសពី ៧០០នាក់ក្នុងមួយថ្ងៃ។ ក្រោយការប្រកាសនេះ មានប្រជាពលរដ្ឋថៃរាប់ពាន់នាក់បានចុះឈ្មោះកក់សំបុត្រចូលទៅទស្សនាក្នុងតំបន់សមរភូមិក្ដីនេះ។
យ៉ាងណាមិញ ទាហានខ្មែរម្នាក់ ដែលកំពុងជើងនៅទិសប្រាសាទព្រះវិហារ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា តំបន់ផ្ទះតាម៉ុក ឬផ្ទះក្រហម និងប្រាសាទដូនទួល គឺស្ថិតក្នុងទឹកដីកម្ពុជា ហើយត្រូវយោធាថៃចូលកាន់កាប់ដោយខុសច្បាប់ ជាបន្តបន្ទាប់ ក្នុងអំឡុង និងក្រោយសង្គ្រាមស៊ីវិល។ លោកបញ្ជាក់ថា ផ្ទះតាម៉ុក ដែលស្ថិតនៅក្បែរប្រាសាទព្រះវិហារ នេះ គឺជាអតីតទីបញ្ជាការកងទ័ពខ្មែរក្រហម ស្ថិតក្រោមការគ្រប់គ្រងរបស់បងធំទី៥ ខ្មែរក្រហម ឈ្មោះ ឈិត ជឿន ហៅតាម៉ុក កាលពីសម័យសង្គ្រាមទសវត្សឆ្នាំ៨០ និងជាមូលដ្ឋានតស៊ូរបស់ខ្មែរក្រហមចុងក្រោយ។

អតីតទាហានខ្មែរក្រហមផ្ដាច់ខ្លួនរូបនេះ បានអះអាងទៀតថា ថៃបានចូលមកកាន់កាប់ផ្ទះតាម៉ុក នៅតំបន់ក្បែរប្រាសាទព្រះវិហារ បន្ទាប់ពីតាម៉ុក ដែលជាមេដឹកនាំរឹងរូសតែម្នាក់គត់ ដែលមិនព្រមធ្វើសមាហរណកម្ម ឬចុះចូលជាមួយរដ្ឋាភិបាលនោះ បានរត់ភៀសខ្លួនទៅកាន់តំបន់អន្លង់វែង ក្នុងខេត្តឧត្តរមានជ័យ កាលពីឆ្នាំ១៩៩៨។ លោកបន្តថា ក្រោយចូលកាន់កាប់តំបន់ផ្ទះតាម៉ុក ដោយស្ងាត់ៗហើយនោះ យោធាថៃបានដាក់ពង្រាយយោធាក្នុងតំបន់នេះ ហើយរដ្ឋាភិបាលកម្ពុជា ក៏មិនបានទាមទារមកវិញនោះដែរ ដោយសារកាលនោះ កម្លាំងទ័ពរបស់កម្ពុជាមានសភាពទន់ខ្សោយ ខណៈលោក ហ៊ុន សែន ដែលជាមេដឹកនាំកម្ពុជានៅសម័យនោះ បានផ្ដោតសំខាន់ទៅលើការពង្រឹងអំណាច និងការតាមកម្ចាត់ទ័ពខ្មែរក្រហមដែលនៅសេសសល់។
ចំណែកនៅតំបន់ប្រាសាទដូនទួល វិញ ទាហានខ្មែរដដែល បានអះអាងថា តំបន់ប្រាសាទនេះ ក៏ជាមូលដ្ឋានយោធារបស់ខ្មែរក្រហមដូចគ្នាដែរ ប៉ុន្តែកម្ពុជាបានបាត់បង់ការគ្រប់គ្រង ក្រោយសង្គ្រាមតាមព្រំដែនកាលពីឆ្នាំ២០០៨ ដោយសារទីតាំងភូមិសាស្រ្តរបស់ប្រាសាទនេះ មានលក្ខណៈជាល្បាក់ថ្ម និងច្រាំងចោទនៅខាងកម្ពុជា និងជំរាលទៅខាងទឹកដីថៃ ដែលកត្តានេះ បានក្លាយជាឧបសគ្គក្នុងការប្រយុទ្ធ និងការការពារសម្រាប់កងទ័ពខ្មែរ។ លោកបន្តថា កាលពីឆ្នាំ២០១១ កម្ពុជា និងថៃបានផ្ទុះអាវុធម្ដងទៀត នៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទដូនទួល នេះ ដោយកាលនោះភាគីទាំងពីរបានបាញ់កាំភ្លើងធំផ្លោងដាក់គ្នាជាច្រើនគ្រាប់ ដែលបណ្ដាលឱ្យមានទាហានរបស់ភាគីទាំងសងខាង ស្លាប់ និងរបួសជាច្រើននាក់ ក៏ប៉ុន្តែយោធាថៃ បានបន្តការឈរជើងក្នុងតំបន់នេះដដែល។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៦ ខែតុលា។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន លើកឡើងថា ផ្អែកតាមផែនទីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ដែលបានភ្ជាប់ជាមួយការសម្រេចសាលក្រមរបស់តុលាការអន្តរជាតិ ICJ កាលពីឆ្នាំ១៩៦២ បានបញ្ជាក់ថា ផ្ទះតាម៉ុក និងតំបន់មួយចំនួនទៀត ដែលយោធាថៃកំពុងឈរជើងនោះ គឺស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា។ លោកបន្តថា សាលក្រមរបស់តុលាការ (ICJ) ក៏បានសម្រេចឱ្យកម្ពុជាឈ្នះក្តីរឿងប្រាសាទព្រះវិហារ និងតំបន់ជុំវិញ កាលពីឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដូច្នេះកម្ពុជាត្រូវតែទាមទារយកដី និងផ្ទះតាម៉ុក ដែលយោធាថៃកំពុងកាន់កាប់នោះមកវិញ ស្របតាមសាលក្រមរបស់ ICJ ។
លោក អ៊ុំ សំអាន៖ «ប្រាសាទដូនទួល ក៏ដូចគ្នាដែរ កាលសម័យខ្មែរក្រហម សម័យសង្គមរាស្ត្រនិយម សម័យលន់ ណុល គឺជាប្រាសាទរបស់យើង ហើយក៏ជាតំបន់សមរភូមតស៊ូ ក៏ប៉ុន្តែទើបតែបាត់បង់ ហើយមេដឹកនាំកម្ពុជាក៏មិនបាន ទាមទារប្រាសាទនេះនោះទេ»។
យ៉ាងណាក៏ដោយចុះ ទាហានខ្មែរបានលើកឡើងថា ក្រោយសង្គ្រាមតាមព្រំដែន កាលពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១១ កម្ពុជានៅតែអាចរក្សាបាននូវតុល្យភាពកម្លាំងការពារដែលឈរជើងនៅតាមបណ្ដោយជួរភ្នំដងរែក នៅឡើយ ដោយកាលនោះកម្ពុជាអាចរក្សាការឈរជើងបាននៅតំបន់ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងទីតាំងយុទ្ធសាស្រ្តសំខាន់ៗជាច្រើនទីតាំងទៀត។
ក៏ប៉ុន្តែពួកគាត់បន្តថា ក្រោយសង្គ្រាមកាលពីឆ្នាំ២០២៥ មកនេះ កម្ពុជាបានបាត់បង់ការគ្រប់គ្រងក្នុងតំបន់ប្រាសាទបុរាណ យ៉ាងតិចចំនួន៥ និងទីតាំងយុទ្ធសំខាន់ៗជាច្រើនទៀត ទៅកាន់ប្រទេសថៃ។ ពួកគាត់បារម្ភថា នៅពេលអនាគត មេដឹកនាំកម្ពុជា អាចនឹងបោះបង់សិទ្ធិទាមទារទឹកដីទាំងនោះពីប្រទេសថៃមកវិញ ដូចដែលមេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ពីភាពស្របច្បាប់របស់យោធាថៃ ដែលបានសាងសង់របងជញ្ជាំងព្រំដែនអចិន្ត្រៃយ៍ នៅតំបន់ព្រំដែនក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដូចគ្នាដែរ៕









