

រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ថា ថៃពន្យារពេលតែងតាំងប្រធាន និងសមាសភាពថ្មីនៃគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ដោយសារភាគីថៃ កំពុងអភិវឌ្ឍទីតាំងចំនួន៧៧ ដែលដណ្តើមយកបានក្រោយសង្គ្រាមឲ្យក្លាយទៅជាទឹកដីរបស់គេ។ ការអះអាងនេះបន្ទាប់ពី រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា នេះ ថា ភាគីថៃបានពន្យារពេលជាបន្តបន្ទាប់ក្នុងការតែងតាំងប្រធាន និងសមាសភាពថ្មីនៃ JBC និងមិនទាន់ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារនៅលើដីជាក់ស្តែង ដូចដែលភាគីទាំងពីរធ្លាប់បានឯកភាពគ្នានោះទេ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការពន្យារពេលរបស់ភាគីថៃម្ដងហើយម្ដងទៀត គឺជាចេតនារបស់ថៃមិនចង់ចរចា ជាមួយកម្ពុជានោះទេ។ លោកថា ថៃចង់អភិវឌ្ឍតំបន់ដែលគ្រប់គ្រងបានចំនួន៧៧ទីតាំង ក្រោយសង្គ្រាមឲ្យក្លាយទៅជាទឹកដីរបស់គេសិន នោះគេអាចនឹងចរចាជាមួយដោយបង្ខំឲ្យកម្ពុជាទទួលស្គាល់ ថាជាទឹកដីរបស់គេតែម្តង។
លោក អ៊ុំ សំអាន បន្ថែមទៀតថា ថៃយកលេសថាកម្ពុជាបានចាប់ផ្តើមយន្តការនៃការផ្សះផ្សាដោយបង្ខំ UNCLOS ហើយ ដូច្នេះ ថៃមិនចង់ចរចាជាមួយកម្ពុជាជាទ្វេភាគីនោះទេ ពីព្រោះយន្តការនៃការផ្សះផ្សាដោយបង្ខំ គឺមានភាគីទីបីមកចូលរួមសម្របសម្រួលហើយ ឈានទៅដល់កម្រិតអន្តរជាតិ ដូចថៃគេបានបញ្ជាក់ថា មិនចរចាព្រំដែនគោកជាមួយកម្ពុជានោះទេនៅពេលដែលកម្ពុជាឈានទៅយន្តការអន្តរជាតិ។
លោក អ៊ុំ សំអាន បន្ថែមថា ការពន្យារពេលនេះ ប៉ះពាល់ដល់ទឹកដីកម្ពុជាចំនួន ៧៧ទីតាំង នៅពេលណា ថៃអភិវឌ្ឍទីតាំង ទាំង៧៧ ឲ្យទៅជាតំបន់ទេសចរណ៍ ហើយមានសំណង់រឹង ដូចជាចាក់បេតុង សាងសង់រូបពុទ្ធបដិមា ដងទង់ជាតិថៃ ដូច្នេះការចរចាទ្វេភាគីគឺមិនអាចទាមទារយកទឹកដីកម្ពុជាបានមកវិញនោះទេ។
លោក អ៊ុំ សំអាន៖ «ដូច្នេះកម្ពុជា កុំអង្វរថៃតទៅទៀត ដែលសូមចរចាទ្វេភាគី ទោះបីបានចរចាទ្វេភាគី ក៏ថៃគេមិនប្រគល់ទឹកដីមកឲ្យយើងវិញដែរ អ៊ីចឹង ជម្រើសមានតែប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ ប្តឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ៩១ ទៅ អាហ្នឹងទើបអាចបានទឹកដីមកវិញ»។
ការអះអាងរបស់ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍រូបនេះ គឺបន្ទាប់ពីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ខែមិថុនា នេះថា គណៈកម្មការ JBC ភាគីកម្ពុជា បានផ្ញើកំណត់ទូតជាច្រើនលើកទៅភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស និងស្នើឱ្យបញ្ជូនក្រុមវាស់វែងចម្រុះចុះបំពេញការងារនៅតាមតំបន់ព្រំដែន។ ប៉ុន្តែ ភាគីថៃបានស្នើពន្យារពេលជាបន្តបន្ទាប់ ដោយលើកឡើងពីហេតុផលផ្សេងៗ រួមមាននីតិវិធីផ្ទៃក្នុង ការបោះឆ្នោតថ្នាក់ជាតិ ការតែងតាំងនាយករដ្ឋមន្ត្រីថ្មី និងការរៀបចំគណៈរដ្ឋមន្ត្រីថ្មីជាដើម។
ស្ថាប័នដដែលបានបញ្ជាក់ថា ទោះបីជារដ្ឋាភិបាលថ្មីរបស់ថៃបានចាប់ផ្តើមដំណើរការរួចហើយក៏ដោយ ក៏ភាគីថៃមិនទាន់បានតែងតាំងប្រធាន និងសមាសភាពថ្មីនៃ JBC ជាផ្លូវការនៅឡើយ។ គណៈកម្មការ JBC ភាគីកម្ពុជា បានផ្ញើកំណត់ទូតថ្មីមួយទៀត កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយស្នើឱ្យភាគីថៃបញ្ជូនក្រុមវាស់វែងចម្រុះចុះបំពេញការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានអះអាងថា ការពន្យារពេលនេះ ផ្ទុយទៅនឹងកំណត់ហេតុកិច្ចប្រជុំពិសេសរបស់ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានផ្តល់អាទិភាពដល់ការចុះវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័ស។
សេចក្ដីប្រកាសព័ត៌មានដដែល បានអះអាងទៀតថា នៅលើដីជាក់ស្តែង ភាគីថៃកំពុងបន្តកាន់កាប់ទឹកដីកម្ពុជា និងធ្វើសកម្មភាពខុសច្បាប់ក្នុងគោលបំណងបង្កើតស្ថានភាពថ្មី ទោះបីជាកម្ពុជាបានតវ៉ាតាមផ្លូវការទូតជាច្រើនលើកក៏ដោយ។ ភាគីកម្ពុជាបានបញ្ជាក់ថា ខ្លួនបន្តជំទាស់ចំពោះអ្វីដែលខ្លួនហៅថា សកម្មភាពឈ្លានពាន និងការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង ពីសំណាក់យោធាថៃ ហើយថា ខ្លួនមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះទេ។
យោងតាមមឯកសាររបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជា និងថៃ បានចុះវាស់វែង និងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនចំនួន ៧៤ទីតាំង ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ចន្លោះឆ្នាំ១៩១៩ ដល់ឆ្នាំ១៩២០។ ឯកសារបញ្ជាក់ថា ក្រោយពីបានកំណត់អំពីទីតាំងហើយ ភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងពិតប្រាកដនៃបង្គោលព្រំដែនចំនួន ៤២បង្គោល និងមិនទាន់ឯកភាពគ្នាចំនួន ៣២បង្គោល។
ក្រោយសង្គ្រាមឈ្លានពានរបស់ថៃទាំងពីរលើកក្នុងឆ្នាំ២០២៥គណបក្សប្រឆាំងបានរកឃើញថា ថៃកំពុងគ្រប់គ្រងទឹកដីខ្មែរសរុបមានចំនួន ៧៧ទីតាំង ដែលមានទំហំជាង ២៦.៤០០គីឡូម៉ែត្រការ៉េ ដែលស្មើនឹង ៧ដងនៃទំហំខេត្តតាកែវ។ ទាហានខ្មែរកំពុងគ្រប់គ្រងទឹកដីខ្មែរ១១ទីតាំងដែលមិនបាត់បង់ដោយសារសង្គ្រាមរួមមានប្រាសាទព្រះវិហារ ភ្នំខ្មោច ភ្នំ៣៣០ ៥មករា វាលឥន្ទ្រីយ៍ ភ្នំតាង៉ោល បង្គោល៨ ព្រលានថ្ម សំបុកឃ្មុំ តំបន់៧៥ និង ភ្នំ៣៩៨ ។ ដូច្នេះទីតាំងដែលច្បាំងគ្នាឬក្រោយផ្ទុះសង្គ្រាមគឺកម្ពុជាបាត់បង់ការគ្រប់គ្រងចំនួន៦៧ និងមុនផ្ទុះសង្គ្រាមទាំង២លើក កម្ពុជាបាត់បង់ទឹកដីចំនួន១០ទីតាំង៕









