

ទាហានខ្មែរអះអាងថា ទាហានថៃបានពង្រីកកម្លាំងទ័ព រាយបន្លាលួស និងធ្វើផ្លូវយុទ្ធសាស្ត្រ ព័ទ្ធយកទឹកដី និងទីតាំងឈរជើងសំខាន់របស់កម្ពុជា ជាច្រើនទីតាំង នៅព្រំដែនក្នុងតំបន់មុំបី ខេត្តព្រះវិហារ។ ទាហានខ្មែរអះអាងថា ស្ថានភាពនៅតំបន់មុំបីបច្ចុប្បន្ន ស្ថិតនៅក្នុងដំណាក់កាលត្រៀមប្រយុទ្ធគ្រប់ពេល ដោយភាគីកម្ពុជា និងភាគីថៃសុទ្ធតែបានត្រៀមខ្លួនដូចគ្នា។
តំបន់មុំបី នៅព្រំដែនខេត្តព្រះវិហារ ពេលនេះមានភាពស្ងប់ស្ងាត់ខុសពីធម្មតា ក្រោយព្រឹត្តិការណ៍ឈ្លោះប្រកែកគ្នារវាងទាហានខ្មែរជាមួយទាហានថៃ កាលពីប៉ុន្មានថ្ងៃមុន។ ក៏ប៉ុន្តែទាហានខ្មែរយល់ថា ភាពស្ងប់នេះមិនមែនជាសញ្ញាល្អនោះឡើយ ប៉ុន្តែគឺជាការត្រៀមខ្លួនប្រយុទ្ធ នៅពេលសង្គ្រាមផ្ទុះឡើងដោយប្រការណាមួយ។
ទាហានខ្មែរមួយរូប ដែលកំពុងឈរជើងនៅតំបន់ព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា គិតមកដល់ពេលនេះ យោធាថៃបានពង្រឹងកម្លាំងការពារនៅតំបន់មុំបី ដោយដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗ ក្នុងលេណដ្ឋាន និងនៅក្បែរទីតាំងដែលទាហានខ្មែរ និងទាហានថៃបានប្រឈមមុខដាក់គ្នា។ លោកបន្តថា កងកម្លាំងដែលយោធាថៃបញ្ជូនមកនោះ រួមមានក្រុមកាំភ្លើងបាញ់ចម្ងាយឆ្ងាយ ឬSniper ទាហានសុរ៉ាក់ណារី ទាហានឈុតខ្មៅ កងវរសេនាធំថ្មើរជើងទី២៣ រួមទាំងកងកម្លាំងពិសេសជាច្រើនទៀត ដែលធ្វើឱ្យទាហានខ្មែរបានដាក់ស្ថានការណ៍ត្រៀមប្រយុទ្ធគ្រប់ពេល។
កាលពីថ្ងៃទី៣ ខែមិថុនា មេទ័ពភូមិភាគទី២របស់ថៃ លោក វីរ៉ាយុទ្ធ រ៉ាក់ស៊ីន (Veerayut Rakasilp) បានចុះទៅពង្រឹងកម្លាំងទ័ពនៅតំបន់ព្រំដែនក្នុងខេត្តឧប៊ុនរ៉ាចាថានី (Ubon Ratchathani) ជាប់នឹងតំបន់មុំបី និងនៅតាមព្រំដែនដែលស្ថិតនៅតាមបណ្ដោយជួរភ្នំដងរែក ជាច្រើនទីតាំងទៀត។ នៅក្នុងបេសកកម្មចុះទៅតំបន់ព្រំដែន មេទ័ពភូមិភាគទី២របស់ថៃរូបនេះ បានប្រាប់ទៅកាន់កងទ័ពថៃ ដែលនៅជួរមុខឱ្យប្រុងប្រៀបទាំងផ្លូវកាយ ផ្លូវចិត្ត និងសមត្ថភាព ដើម្បីត្រៀមប្រយុទ្ធពេញលេញ ក្នុងករណីផ្ទុះសង្គ្រាមដោយប្រការណាមួយ។
ការចុះមកពង្រឹងកម្លាំងរបស់មេទ័ពថៃរូបនេះ ក្រោយពេលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាសចាប់ផ្ដើមដោះស្រាយជម្លោះដែនសមុទ្រ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ(UNCLOS) និងធ្វើឡើង១ថ្ងៃក្រោយពីមានករណីឈ្លោះប្រកែកគ្នា រវាងទាហានខ្មែរ និងទាហានថៃនៅតំបន់ព្រំដែនមុំបី ដែលបង្កឡើងដោយទាហានថៃមួយក្រុម បានដាំបង្គោលដើម្បីត្រៀមរាយបន្លាលួសនៅក្នុងទឹកដីកម្ពុជា ក៏ប៉ុន្តែត្រូវទាហានខ្មែរចេញមករារាំង។ នៅក្នុងជម្លោះពាក្យសម្ដីនេះដ៏តឹងសរសៃកនេះ ភាគីទាំងពីរបានស្រែកដាក់គ្នា រហូតឈានទៅដល់ការជេរប្រមាទ និងប្រទាញប្រទង់គ្នាទៅវិញទៅមកទៀតផង។
ទោះជាយ៉ាងណាយោធាថៃបានអះអាងថា បច្ចុប្បន្នទីតាំងដែលមានជម្លោះនេះត្រូវភាគីថៃដាក់ពង្រាយកម្លាំងចូលកាន់កាប់រួចរាល់ហើយ។ ចំណែកខាងភាគីទាហានខ្មែរ បានអះអាងថា ក្រៅពីតំបន់នេះ ទាហានថៃបានរាយបន្លាលួសបន្ថែមទៀតនៅទីតាំងច្រកច្រមុះជ្រូកក្នុងតំបន់មុំបី ចូលក្នុងទឹកដីកម្ពុជារាប់សិបម៉ែត្របន្ថែមទៀត។
ស្រដៀងគ្នានេះដែរ ទាហានខ្មែរមួយរូបទៀតដែលកំពុងឈរជើងនៅតំបន់ព្រំដែនអានសេះ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណដែរនោះថា ថ្មីៗនេះយោធាថៃបានឈូសឆាយព្រៃធ្វើផ្លូវយុទ្ធសាស្ត្រព័ទ្ធយកទីតាំងភ្នំ៧៤៥ ដែលជាទីតាំងឈរជើងរបស់កងទ័ពខ្មែរបានទាំងស្រុងទៅហើយ។ លោកបន្តថា តំបន់ភ្នំ៧៤៥នេះ គឺជាទីតាំងខ្ពស់ដ៏សំខាន់មួយ សម្រាប់តាំងមូលដ្ឋានទ័ព ដែលមានទីតាំងនៅតាមបណ្ដោយជួរភ្នំដងរែក ចាប់ពីតំបន់អានសេះ ភ្នំ៥០០ ភ្នំ៦៧៧ និងតំបន់ភ្នំមួយចំនួនទៀត។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរងនេះបានទេ នៅថ្ងៃទី៥ ខែមិថុនា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ស្ថិតក្នុងស្ថានភាពបែបនេះ កម្ពុជាមិនអាចប្រើប្រាស់យុទ្ធសាស្ត្រការទូតតែមួយមុខបានទៀតនោះទេ ដោយកម្ពុជាត្រូវប្រើកម្លាំងទ័ពដើម្បីការពារខ្លួនពីការឈ្លានពានរបស់ភាគីថៃ ក៏ប៉ុន្តែការប្រើសិទ្ធិការពារខ្លួននេះ ត្រូវជៀសវាងសកម្មភាពណា ដែលធ្វើឱ្យភាគីថៃអាចយកធ្វើជាលេសក្នុងការផ្ទុះអាវុធបាន។ លោកបន្តថា ទន្ទឹមគ្នានេះ កម្ពុជាត្រូវលើកយកករណីជម្លោះព្រំដែនគោក ប្ដឹងថៃតាមយន្តការច្បាប់អន្តរជាតិ ប្រសិនបើភាគីថៃបិទផ្លូវចរចាទ្វេភាគីជាមួយកម្ពុជា។
លោក ម៉ែន ណាត៖ «ហើយក្នុងបំណងអី បំណងអុកឡុកកម្ពុជាហ្នឹង មិនឱ្យធ្វើអីកើត ហើយចង់រុញស្ថានការណ៍ហ្នឹងឱ្យទៅជាជម្លោះធំ បង្កសង្គ្រាមជាថ្មី។ បើបង្កហេតុជាថ្មី បង្កសង្គ្រាមជាថ្មី តើកម្ពុជាមាន មានអ្វីទៅទប់ទល់ជាមួយថៃ អាហ្នឹង រដ្ឋាភិបាលកម្ពុជាយល់ច្បាស់ជាងអ្នកណាៗទាំងអស់។ ហើយបើសិនជាបណ្ដោយឱ្យបាត់បង់បូរណភាពទឹកដីកម្ពុជា បានន័យថា រដ្ឋាភិបាលកម្ពុជាហ្នឹង ក្លាយទៅជា រដ្ឋាភិបាលដែលមានមេដឹកនាំអត់មានការទទួលខុសត្រូវចំពោះជាតិពេញលេញ ហើយនឹងអាចក្លាយជាជនក្បត់ជាតិនៅថ្ងៃក្រោយ»។
ពាក់ព័ន្ធនឹងវិវាទព្រំដែននេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានប្រកាសនៅថ្ងៃនេះថា ប្រសិនបើភាគីកម្ពុជានៅតែប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) ដើម្បីដោះស្រាយជម្លោះក្នុងតំបន់ដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃនោះភាគីថៃនឹងបិទផ្លូវចរចារឿងព្រំដែនគោក ដែលថៃកំពុងកាន់កាប់តាមព្រំដែនក្នុងទឹកដីកម្ពុជា ដោយមិនកំណត់ពេលនោះឡើយ។
បន្ថែមពីលើនេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានលើកឡើងថា ប្រទេសថៃនឹងមិនចរចាជម្លោះព្រំដែនគោកជាមួយកម្ពុជា តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ហៅកាត់ថា JBC និង គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នោះឡើយ៕









