យោធា​ថៃ​ពន្លឿន​ធ្វើ​របង​តាម​ព្រំដែន និង​ធ្វើ​សមយុទ្ធ​យោធា អំឡុង​ពេល​កម្ពុជា​ទាមទារ​ទឹកដី​តាម​ព្រំដែន​មក​វិញ

0
63
សកម្មភាពយោធា​ថៃ​វាស់វែងសាងសង់​របង​តាម​ព្រំដែន​ក្នុង​ខេត្ត​ចន្ទបុរី ជាប់​ប្រទេស​កម្ពុជា ប្រវែង​ជាង ១​គីឡូម៉ែត្រ កាល​ពីថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកកងទ័ពជើងគោកថៃ
សកម្មភាពយោធា​ថៃ​វាស់វែងសាងសង់​របង​តាម​ព្រំដែន​ក្នុង​ខេត្ត​ចន្ទបុរី ជាប់​ប្រទេស​កម្ពុជា ប្រវែង​ជាង ១​គីឡូម៉ែត្រ កាល​ពីថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកកងទ័ពជើងគោកថៃ

យោធា​ថៃ​បាន​បង្ហាញ​ពី​បច្ចុប្បន្ន​ភាព​ការសាងសង់​របង​តាម​ព្រំដែន​ក្នុង​ខេត្ត​ចន្ទបុរី ជាប់​ប្រទេស​កម្ពុជា ប្រវែង​ជាង ១​គីឡូម៉ែត្រ បន្ទាប់​ពី​ប្រកាស​គម្រោង​ជា​សាធារណៈ​រួច។ ទន្ទឹម​គ្នា​នេះ យោធា​ថៃ​នៅតែ​បន្ត​ហ្វឹកហាត់ និង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ ក្រោយ​ពេល​យោធា​ថៃ បាន​ចូល​កាន់កាប់​ទឹកដី​របស់​កម្ពុជា ជាច្រើន​ទីតាំង​នៅ​តាម​បណ្ដោយ​ព្រំដែន។

យោធា​ថៃ​អះអាង​ថា គម្រោង​សាងសង់​ជញ្ជាំង​របង​នៅ​តាម​ព្រំដែន​កម្ពុជា ក្នុង​ខេត្ត​ចន្ទ​បុរី កំពុងតែ​ដំណើរការ បន្ទាប់ពី​កម្លាំង​ជំនាញ​របស់​ថៃ បាន​ដោះ​មីន និង​ឈូស​ឆាយ​ព្រៃ​រួច ហើយ​របង​ជញ្ជាំង​នេះ នឹង​ត្រូវ​សាងសង់​រួច​ជា​ស្ថាពរ​ក្នុង​រយៈពេល ៤៥​ថ្ងៃ។

អ្នកនាំពាក្យ​ទីបញ្ជាការ​កងទ័ព​ថៃ លោក វិថៃ ឡៃថមយ៉ា (Witai Laithomya) បាន​ប្រកាស​កាលពី​ថ្ងៃទី ១៧ ខែមីនា ថា ការសាងសង់​ជញ្ជាំង​របង​តាម​ព្រំដែន​ជាប់​នឹង​កម្ពុជា​នេះ គឺ​ធ្វើ​ឡើង​តែ​នៅ​លើ​ទីតាំង​ដែល​គ្មាន​ជម្លោះ​ប៉ុណ្ណោះ ដោយ​ភាគី​ថៃ​បាន​អះអាង​ទៀត​ថា ការសាងសង់​នេះ មានការ​ឯកភាព​ពី​ភាគី​កម្ពុជា រួចរាល់​ហើយ​។ ទោះជា​យ៉ាងណា មកដល់ពេលនេះ មិនទាន់​មាន​ការប្រកាស​ជា​សាធារណៈ និង​ផ្លូវការ​ណាមួយ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា អំពី​រឿង​នេះ នោះ​ឡើយ។

លោក វិថៃ អះអាង​ទៀត​ថា ការសាងសង់​របង​តាម​ព្រំដែន​ជា​អចិន្ត្រៃយ៍​នេះ គឺ​ដើម្បី​ពង្រឹង​សន្តិសុខ​ជាតិ​របស់​ថៃ និង​ការពារ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ដោយ​រួមបញ្ចូល​ទាំង​ការ​លួច​ឆ្លងដែន​ខុសច្បាប់​ផង​។ លោក​បន្ត​ថា នៅពេល​ខាងមុខ ប្រទេស​ថៃ​នឹង​សាងសង់​របង​បែបនេះ នៅ​តាម​បណ្ដោយ​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា បន្ថែម​ទៀត ដោយ​បំពាក់​ជាមួយ​កាមេរ៉ា​សុវត្ថិភាព ដែល​មាន​បច្ចេកវិទ្យា​តាមដាន និង​ចាប់​អត្តសញ្ញាណ។

ក្រៅពី​សង់​របង​ខណ្ឌ​ព្រំប្រទល់​គ្នា​ជាមួយ​កម្ពុជា​ហើយ​នោះ យោធា​ថៃ​ក៏​បាន​ពង្រឹង​កម្លាំង​យោធា​គ្រប់​ផ្នែក​ផង​ដែរ។

នៅ​ថ្ងៃទី​១៨ ខែ​មីនា នេះ កងទ័ពជើងទឹក​ថៃ បាន​បើក​យុទ្ធនាការ​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយមាន​ការ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត ចេញពី​នាវា​នៅ​លើ​ដែនសមុទ្រ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​រ៉ា​ដា​បញ្ជូន​សញ្ញា ការ​ចល័ត​សព្វាវុធ​នៅ​លើ​ដែន​គោក និង​ការប្រើប្រាស់​ដ្រូន​ពិឃាដ​ជាដើម។

មេបញ្ជាការ​កងទ័ពជើងទឹក​ថៃ លោក ផៃរ៉ូត ហ្វឿងចន្ទ្រ (Pairoj Fuangchan) បាន​លើកឡើង​ថា ការ​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំនេះ ក្នុង​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព​របស់​កងទ័ពជើងទឹក ដើម្បី​ត្រៀមខ្លួន​ការពារ និង​វាយប្រហារ នៅពេល​មាន​ស្ថានការណ៍​គំរាមកំហែង​ចំពោះ​ប្រទេស​ថៃ។

ចំណែក​ខាង​ផ្លូវអាកាស​វិញ កងទ័ពអាកាស​ថៃ សិង្ហ​បុរី និង​សហរដ្ឋអាមេរិក កំពុង​ចូលរួម​ក្នុង​សមយុទ្ធ ដែល​គេ​ឱ្យ​ឈ្មោះថា Cope Tiger លើក​ទី​៣២​។ កងទ័ពអាកាស​ថៃ អះអាង​ថា សមយុទ្ធ​រួមគ្នា​នេះ ធ្វើឡើង​ដើម្បី​ហាត់​សម​សមត្ថភាព​ប្រយុទ្ធ ការវាយប្រហារ និង​ប្រតិបត្តិការ​យន្តហោះ​គ្មាន​មនុស្ស​បើក នៅ​លើ​ដែនអាកាស និង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ដែល​ចូលរួម។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា សកម្មភាព​របស់​យោធា​ថៃ គឺជា​ការ​គំរាមកំហែង​ដោយ​ប្រយោល​ចំពោះ​កម្ពុជា ដែល​មាន​គោលជំហរ​ទាមទារ​ទឹកដី​ដែល​យោធា​ថៃ​កំពុង​គ្រប់គ្រង​ត្រឡប់មកវិញ​។ លោក​បន្ត​ថា ក្នុង​កាលៈទេសៈ​នេះ កម្ពុជា​មិនអាច​ប៉ះទង្គិច​ផ្នែក​យោធា​ជាមួយ​ថៃ​នោះ​ឡើយ ដោយ​កម្ពុជា គួរតែ​ប្រើប្រាស់​យន្តការ ការទូត និង​ច្បាប់​អន្តរជាតិ ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ។

លោក ម៉ែន ណាត៖ «នៅពេល​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ប្រាកដជា​ប្រើ​អាវុធ​ការពារ​ខ្លួន​ហើយ​។ បើ​មានឱកាស​ផ្ទុះ​សង្គ្រាម​ទៀត ថៃ​នឹង​វាយ​ចូល​កាន់កាប់​ក្នុង​តំបន់​មួយចំនួន​បន្ថែម​ទៀត​។ ដូច្នេះ ក្នុង​ដំណាក់កាល​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ធ្វើ​នយោបាយ និង​មាន​យុទ្ធសាស្ត្រ​ដែល​ឆ្លាត​វៃ​ជាង​មុន»។

យ៉ាងណាមិញ សកម្មភាព​សាងសង់​របង​ជញ្ជាំង​អចិន្ត្រៃយ៍ និង​ធ្វើ​សមយុទ្ធ​របស់​យោធា​ថៃ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ និង​អ្នកនយោបាយ​ថៃ បង្ហាញ​ក្ដី​បារម្ភ​ពី​ការ​ផ្ទុះឡើង​នៃ​សង្គ្រាម​នៅ​តាម​ព្រំដែន​ជា​លើក​ទី​៣ បន្ទាប់ពី​តំណាង​កម្ពុជា បាន​ដាក់​លិខិត​តវ៉ា ចំពោះ​ករណី​អ្នកលេង​បណ្ដាញ​សង្គម​ថៃ បាន​យក​រូបថត​របស់​លោក ហ៊ុន សែន ទៅ​កាត់​ត​ដាក់​ក្នុង​ប្រហោង​គល់ឈើ។

មហាជន​ថៃ​យល់​ថា ករណីនេះ​ទំនងជា​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ខឹង​សម្បារ​ជាង​ការដែល​បាត់បង់​ទឹកដី​តាម​ព្រំដែន​ជាច្រើន​ទីតាំង ដែល​អាច​បង្ក​ឱ្យ​ផ្ទុះ​សង្គ្រាម​សាជាថ្មី ដូច​ករណី​លោក ហ៊ុន សែន ធ្លាប់​ប្រតិកម្ម​ចំពោះ​ជនជាតិ​ថៃ ដែល​យក​រូបលោក ដាក់​បាញ់​យក​រង្វាន់​កន្លងទៅ​នោះ​ដែរ។

ទោះជា​បែបនេះ​ក្ដី ទីបញ្ជាការ​កងទ័ពអាកាស​ថៃ បាន​ប្រកាស​ថា កងទ័ព​ថៃ​មាន​សមត្ថភាព​គ្រប់គ្រង​ស្ថានការណ៍ និង​សកម្មភាព​របស់​ទាហាន​ខ្មែរ​បាន​ទាំងស្រុង ដោយ​កងទ័ព​ថៃ មានលទ្ធភាព​គ្រប់គ្រាន់ ដើម្បី​រាំង​ខ្ទប់​កម្លាំងយោធា​ខ្មែរ​។ បន្ថែម​ពីលើ​នេះ កងទ័ពអាកាស​ថៃ បាន​អះអាង​ថា កម្ពុជា​គ្មាន​សមត្ថភាព​ដើម្បី​ប្រឆាំង​នឹង​ប្រតិបត្តិការ​តាមផ្លូវ​អាកាស របស់​កងទ័ព​ថៃ​នោះ​ឡើយ។

ពាក់ព័ន្ធ​នឹង​រឿង​វិវាទ​ព្រំដែន​នេះ​ដែរ កាលពី​ថ្ងៃទី ១៧ ខែមីនា ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​តវ៉ា​ជា​ផ្លូវការ​ម្ដងទៀត ប្រឆាំង​នឹង​សកម្មភាព​ឈ្លានពាន និង​កាន់កាប់​ដី​ខុសច្បាប់​ជា​បន្តបន្ទាប់​របស់​យោធា​ថៃ ដែល​បាន​សង់​ផ្លូវ រូបសំណាក​ព្រះពុទ្ធ លេណដ្ឋាន លើ​ដី​ខ្មែរ​ក្នុង​តំបន់​មួយចំនួន ដូចជា ប្រាសាទ​តាមាន់ធំ ភូមិ​ថ្ម​ដូន ស្រុក​បន្ទាយ​អំពិល តំបន់​អូរ​ស្មាច់ ប្រាសាទ​ខ្នារ ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​នៅ​តំបន់​មុំ​បី ភ្នំ​៤៦៩ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អានសេះ អូរ​ផ្កា​ស្នេហ៍ ភ្នំ​៦៧៧ ភ្នំ​៥០០ តាថាវ ភ្នំ​ទ្រព្យ តា​សឹម ចាក់ច្រែង ក្នុង​ខេត្ត​ព្រះវិហារ។

ក្រសួង​ការបរទេស​កម្ពុជា ទាមទារ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ