

ប្រមុខការទូតថៃ បានជំទាស់នឹងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ថាខ្វះតុល្យភាព ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍អំពីការបាត់បង់ផ្ទះសម្បែងរបស់ជនភៀសសឹកខ្មែរ ដោយសារយោធាថៃចូលកាន់កាប់ នៅក្នុងអំឡុងជម្លោះព្រំដែន។ ក្នុងនោះ ថៃបានចោទកម្ពុជាថា កំពុងប្រើប្រាស់ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដើម្បីបង្កាច់បង្ខូចប្រទេសថៃ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានថ្លែងនៅថ្ងៃទី៣ ខែសីហា ដោយជំទាស់នឹងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Thom Andrews) បានលើកឡើងពីស្ថានភាពជនភៀសសឹកខ្មែរថា «ពួកគេនៅតែមិនអាចវិលត្រឡប់ទៅភូមិកំណើតវិញបាន ដោយសារកងទ័ពថៃ នៅតែបន្តកាន់កាប់ភូមិរបស់ពួកគេ»។
លោក ស៊ីហាសាក់ បានថ្លែងថា របាយការណ៍របស់លោក ថម អេនឌ្រូ ខ្វះតុល្យភាព និងយុត្តិធម៌ ដោយមិនបាននិយាយអំពីការខូចខាតរបស់ប្រទេសថៃនោះឡើយ ហើយក្រសួងការបរទេស បានផ្ញើលិខិតទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ដើម្បីបដិសេធនឹងរបាយការណ៍នេះ។
ប្រមុខការទូតថៃរូបនេះ បានចោទថា សេចក្តីថ្លែងការណ៍របស់លោក ថម អេនឌ្រូ គឺជារបាយការណ៍ដែលមិនតំណាងឱ្យជំហររបស់អង្គការសហប្រជាជាតិនោះឡើយ ដោយសារតែសេចក្ដីថ្លែងការណ៍នេះ ត្រូវដាក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដើម្បីពិចារណា និងការទទួលស្គាល់ជាមុនសិន ហើយប្រទេសថៃក៏ជាសមាជិកក្នុងនោះដែរ ដូច្នេះថៃនឹងជំទាស់របាយការណ៍នេះ។
ការបដិសេធរបស់ភាគីថៃនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Thom Andrews) ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា ដោយលោកបានចុះទៅត្រួតពិនិត្យនៅមជ្ឈមណ្ឌលភៀសសឹកនៅក្នុងខេត្តបន្ទាយមានជ័យ និងសហគមន៍ដែលរងផលប៉ះពាល់នៅជិតតំបន់ព្រំដែន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ទស្សនកិច្ច លោក ថម អេនឌ្រូ បានលើកឡើងពីភាពជាក់ស្ដែងដែលលោកបានឃើញដោយផ្ទាល់ នូវផលប៉ះពាល់ផ្នែកមនុស្សធម៌នៃជម្លោះព្រំដែន ជាពិសេសពលរដ្ឋខ្មែរប្រមាណ ២ម៉ឺននាក់ ដែលបន្តស្ថិតនៅក្នុងស្ថានភាពជាជនភៀសសឹក បន្ទាប់ពីពួកគាត់បានបាត់បង់ផ្ទះសម្បែង ការងារ ជីវភាពរស់នៅ និងមិនអាចវិលត្រឡប់ទៅភូមិកំណើតវិញបាន ដោយសារកងទ័ពថៃនៅតែបន្តកាន់កាប់ភូមិឋានរបស់ពួកគាត់។
លោក ថម អេនឌ្រូ បានលើកឡើងថា «អ្វីដែលប៉ះពាល់អារម្មណ៍របស់លោកខ្លាំងជាងគេ គឺការជួបជាមួយពលរដ្ឋខ្មែរជាច្រើនគ្រួសារ ដែលបានរៀបរាប់ទាំងទឹកភ្នែកអំពីអ្វីៗដែលពួកគាត់បានបាត់បង់ និងភាពរន្ធត់នៅពេលដែលផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានទម្លាក់គ្រាប់បែកកម្ទេច និងឈូសឆាយដោយគ្រឿងចក្រពីសំណាក់យោធាថៃ»។
មន្ត្រីសិទ្ធិមនុស្សរបស់ UN រូបនេះ បានសង្កត់ធ្ងន់ថា យោងទៅលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីចុងឆ្នាំ២០២៥ ជនស៊ីវិលដែលបានភៀសសឹកគឺពួកគាត់មានសិទ្ធិវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព។ លោកបញ្ជាក់ថា គឺជារឿងចាំបាច់បំផុត ដែលកម្ពុជា និងថៃ ត្រូវចរចាគ្នាដើម្បីដោះស្រាយ និងពន្លឿនការវិលត្រឡប់របស់ពលរដ្ឋស៊ីវិលដែលកំពុងភៀសសឹក។
ទោះជាយ៉ាងណា ភាគីថៃបានបដិសេធចំពោះការលើកឡើងនេះ និងបានអំពាវនាវឱ្យពលរដ្ឋថៃទូទាំងប្រទេសប្រមាណ៧០លាននាក់ ធ្វើយុទ្ធនាការប្រឆាំងនឹងសេចក្ដីថ្លែងការណ៍អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោមស្លាកឃោសនាថា «មនុស្សម្នាក់ សំឡេងមួយ ការពិតមួយ សម្រាប់ប្រទេសថៃ»។
ក្នុងនោះ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ បានថ្លែងថា កម្ពុជាកំពុងប្រើប្រាស់ឋានៈប្រេសិតរបស់អង្គការសហប្រជាជាតិ ធ្វើជាឧបករណ៍នយោបាយ ដើម្បីបង្ខូចឈ្មោះ និងវាយប្រហារប្រទេសថៃ។ លោកបានចោទថា ទឹកដីកម្ពុជានៅតាមព្រំដែន ដែលយោធាថៃកំពុងកាន់កាប់ គឺជាទឹកដីថៃ ដែលពលរដ្ឋខ្មែរបានចូលមករស់នៅក្នុងអំឡុងសង្គ្រាមស៊ីវិល។
ទាក់ទិននឹងរឿងនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសម្នាក់ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ទូរទស្សន៍អាស៊ីសេរីជាសំណេរតាមរយៈបណ្ដាញសង្គមថា ការលើកឡើងរបស់ប្រមុខការទូតថៃ គឺពុំសមហេតុផលទាល់តែសោះ ព្រោះយោធាថៃបានដាក់កុងតឺន័ររាំងផ្លូវ និងរាយបន្លាលួសព័ទ្ធយកភូមិខ្មែរនៅតាមព្រំដែនដោយខុសច្បាប់ និងហួសពីខ្សែបន្ទាត់ដែលភាគីថៃបានទាមទារ គឺជារឿងពិត និងមានភាពជាក់ស្ដែង ដែលមន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឃើញផ្ទាល់ភ្នែក។
មន្ត្រីដដែលបន្តថា ភាគីថៃបានបំពានបទឈប់បាញ់ ដែលផ្ដល់អាទិភាពលើការងារខណ្ឌសីមាព្រំដែន នៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ដែលជាជំហានគន្លឹះ ដើម្បីបន្ធូរបន្ថយភាពតានតឹង។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា កម្ពុជាគួរតែត្រៀមឯកសារ និងភស្តុតាងបន្ថែមទៀត ដើម្បីគាំទ្រសេចក្ដីថ្លែងការណ៍របស់ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។
លោក ម៉ែន ណាត៖ «ចំពោះរបាយការណ៍របស់លោក ថូម អេនឌ្រូ ដែលថៃថាមិនទាន់ផ្លូវការហ្នឹង វាផ្លូវការមែន ព្រោះគាត់គ្រាន់តែធ្វើសេចក្ដីរាយការណ៍បឋមទេ។ របាយការណ៍ហ្នឹងមិនទាមទារការអនុម័តអី ថៃទទួលស្គាល់ មិនទទួលស្គាល់អីទេ…នៅពេលដែលលោក ថូម អេនឌ្រូ យកសេចក្តីថ្លែងការណ៍ពេញលេញ នៅពេលប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ គាត់នឹងធ្វើសេចក្តីរាយការណ៍នៅចំពោះមុខបណ្តាប្រទេសដែលជាសមាជិកទាំងអស់ហ្នឹងហើយ»។
ចាប់តាំងពីធ្វើសង្គ្រាមចូលឈ្លានពានកម្ពុជាអស់ចំនួនពីរលើក ថៃដែលអាងអំណាចទ័ព តែងតែច្រានចោលរាលសេចក្ដីថ្លែងការណ៍របស់ភាគីកម្ពុជា ហើយពេលនេះថៃបានច្រានចោលដោយមិនលើកលែង សូម្បីតែសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។
យ៉ាងណាក៏ដោយចុះ អ្នកឃ្លាំមើលលើកឡើងថា ស្ថិតក្នុងឱកាសដែលកម្ពុជាកំពុងមានសេចក្ដីថ្លែងការណ៍គាំទ្របែបនេះ កម្ពុជាត្រូវប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ថៃមកលើកម្ពុជា៕









