

យោធាថៃបានបន្តសកម្មភាពសាងសង់សំណង់ និងសកម្មភាពផ្សេងៗនៅក្នុងតំបន់ ដែលយោធាថៃឈ្លានពានដណ្ដើមបានពីកម្ពុជា និងនៅក្នុងតំបន់ដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នាកំណត់បង្គោលព្រំដែន ទោះបីជាភាគីកម្ពុជាបានដាក់លិខិតតវ៉ាជាច្រើនលើកក៏ដោយ។ ផ្ទុយពីការតវ៉ារបស់ភាគីកម្ពុជា ភាគីថៃបានអះអាងដូចមុនថា សកម្មភាពរបស់យោធាថៃគឺធ្វើឡើងនៅក្នុងទឹកដីថៃ។ អ្នកឃ្លាំមើលចាត់ទុកការតវ៉ារបស់កម្ពុជា និងថៃនេះថាជាអាយ៉ៃឆ្លើយឆ្លងគ្នា ដើម្បីទិញពេល និងលួងចិត្តពលរដ្ឋ។
ថ្មីៗនេះ កម្ពុជា និងថៃបានដាក់លិខិតតវ៉ាប្រឆាំងគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងសកម្មភាពរបស់យោធាថៃ នៅតំបន់ព្រំដែនកម្ពុជា។
ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែមិថុនា ក្រសួងការបរទេសកម្ពុជា បានចេញលិខិតតវ៉ាមួយ ប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃ នៅក្នុងទឹកដីកម្ពុជាស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាប់នឹងខេត្តបុរ៉ីរាំ (Buriram) របស់ថៃ បន្ទាប់ពីយោធាថៃបានចូលឈូសឆាយ និងរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជា នៅតំបន់បង្គោលព្រំដែនលេខ២៦។
ក៏ប៉ុន្តែមួយថ្ងៃក្រោយមក កងទ័ពជើងគោកថៃ បានចេញលិខិតបដិសេធឆ្លើយតបមកកម្ពុជាវិញ ដោយអះអាងថា សកម្មភាពរាយបន្លាលួសរបស់យោធាថៃនេះ គឺធ្វើឡើងនៅក្នុងទឹកដីថៃ ដើម្បីការពារសន្តិសុខតាមព្រំដែន និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់។
ស្ទើរតែមួយឆ្នាំពេញទៅហើយ ដែលកម្ពុជា និងថៃបានចេញលិខិតតវ៉ាគ្នាជាច្រើនលើក នៅក្នុងជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ។ ក៏ប៉ុន្តែជាទូទៅក្រោយពេលកម្ពុជាដាក់លិខិតតវ៉ា ភាគីថៃដែលមានប្រៀបលើកម្លាំងយោធា នៅតែបន្តសកម្មភាពសាងសង់ និងឈ្លានពានក្នុងទឹកដីកម្ពុជា។ នៅពេលខ្លះ កម្ពុជាបានដាក់លិខិតតវ៉ាមកកាន់ភាគីថៃជាច្រើនដង ទើបភាគីថៃឆ្លើយតបមកវិញម្ដង និងពេលខ្លះទៀត ភាគីថៃមិនបានប្រតិកម្មចំពោះការតវ៉ារបស់ភាគីកម្ពុជានោះឡើយ។
យ៉ាងណាមិញ ទោះបីកម្ពុជាដាក់លិខិតតវ៉ាជិត១ពាន់ដងក៏ដោយ ក៏យោធាថៃនៅបន្តធ្វើសកម្មភាពឈូសឆាយ រាយបន្លាលួស និងសាងសង់សំណង់នៅតាមតំបន់ព្រំដែនកម្ពុជា។ ជាពិសេស យោធាថៃបានបន្តសាងសង់ផ្លូវយុទ្ធសាស្ត្រជាច្រើនខ្សែ នៅតំបន់ព្រំដែនប្រាសាទព្រះវិហារ មុំបី ភ្នំខ្មោច អានសេះ ជាំស្រងាំ រហូតដល់តំបន់ព្រំដែនខេត្តបាត់ដំបង ប៉ៃលិន និងពោធិ៍សាត់។ ផ្លូវយុទ្ធសាស្ត្រដែលយោធាថៃកំពុងសាងសង់នេះ បានតភ្ជាប់គ្នាជាបណ្ដាញ ដោយតភ្ជាប់ពីតំបន់ផ្លូវសហគមន៍ទៅកាន់តំបន់ព្រំដែន និងឡើងទៅកាន់គ្រប់ទីតាំងជ្រលងដងអូរ និងកំពូលភ្នំទាំងអស់នៅលើជួរភ្នំដងរែក។
យោធាថៃបានអះអាងថា ពីការពន្លឿនសាងសង់ផ្លូវយុទ្ធសាស្ត្រនេះ ឱ្យបានលឿនបំផុតដើម្បីឆ្លើយតបទៅនឹងស្ថានភាពព្រំដែនដែលមានភាពតានតឹង ដោយយោធាថៃនឹងប្រើប្រាស់សម្រាប់ចល័តទ័ព និងសព្វាវុធ និងដើម្បីបិទផ្លូវជាអចិន្ត្រៃយ៍របស់កងទ័ពខ្មែរ ដែលមានបំណងចូលដណ្ដើមកាន់កាប់ទីតាំងចាស់យកមកគ្រប់គ្រងវិញ។
ក្រៅពីនេះ យោធាថៃបានសាងសង់សំណង់ជាច្រើនទៀត នៅតំបន់ប្រាសាទបុរាណខ្មែរ ដូចជាប្រាសាទខ្នារ តាក្របី និងប្រាសាទតាមាន់ធំ ខណៈសកម្មភាពទាំងនេះ ភាគីកម្ពុជាមិនបានតវ៉ាជាថ្មីទៀតនោះឡើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៩ ខែមិថុនា។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញថា គោលជំហររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃ នៅរយៈកាលចុងក្រោយនេះ ហាក់មានភាពទន់ជ្រាយ និងគ្មានភាពច្បាស់លាស់នោះឡើយ ដោយភាគីកម្ពុជា បានប្រើប្រាស់យុទ្ធសាស្ត្រការទូតបែបទន់ភ្លន់ជ្រុល ក្នុងគោលបំណងលួងលោមចិត្តប្រជាពលរដ្ឋ ជាជាងការទាមទារទឹកដីដែលបាត់បង់។
លោក សេង វណ្ណលី៖ «លិខិតតវ៉ាការទូតដែលផ្ញើទៅ គឺគ្រាន់តែជាក្រដាសស្នាមបង្គ្រប់កិច្ចរដ្ឋបាល ដែលថៃអាចបោះចូលក្នុងធុងសំរាមពេលណាក៏បាន ព្រោះវាគ្មានការគំរាមកំហែងផ្លូវច្បាប់ ឬក៏ទណ្ឌកម្មសេដ្ឋកិច្ចណាមួយមកជាមួយទេ»។
លោក សេង វណ្ណលី បន្ថែមថា យោធាថៃកំពុងធ្វើជាតូបនីយកម្មលើទឹកដីកម្ពុជានៅតាមព្រំដែន ដែលយោធាថៃបានឈ្លានពានយក តាមរយៈការសាងសង់សំណង់ថ្មី និងកម្ទេចសំណង់ចាស់ ដែលបញ្ហានេះនឹងធ្វើឱ្យកម្ពុជាកាន់តែចាញ់ប្រៀបថៃ នៅពេលចរចាទាមទារទឹកដីមកវិញទៅថ្ងៃមុខ។
លោក សេង វណ្ណលី៖ «ការខ្វះវិធានការបិទខ្ទប់ ឬក៏ការឆ្លើយតបជាកម្លាំងការពារព្រំដែនភ្លាមៗពីសំណាក់ភ្នំពេញ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទម្ងន់នៃការចរចានៅថ្ងៃអនាគត ព្រោះនៅពេលចូលតុចរចា ថៃនឹងយករបងដែលសាងសង់រួចទៅហើយនោះធ្វើជាបន្ទាត់ព្រំដែនផ្លូវការជាក់ស្ដែងទៅវិញជាមួយកម្ពុជា»។
ពាក់ព័ន្ធរឿងវិវាទព្រំដែននេះដែរ រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក អ៊ិត សុត្ថា បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ថា យោធាថៃកំពុងគូសផែនទីថ្មីមួយទៀត ដោយដាក់បញ្ចូលតំបន់ឈ្លានពានដែលដណ្ដើមពីកម្ពុជា និងកំពុងកាន់កាប់ដោយខុសច្បាប់ ចូលទៅក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីផែនទីមាត្រដ្ឋាន១/៥០.០០០ដែលថៃគូសជាឯកតោភាគី និងប្រើប្រាស់ជាឯកតោភាគីសម្រាប់បោះបង្គោលព្រំដែន បានបង្ហាញថា ប្រាសាទខ្នារ តាក្របី និងប្រាសាទដទៃទៀតនៅតាមបណ្ដោយព្រំដែនគឺស្ថិតនៅក្នុងទឹកដីកម្ពុជា។
លោកបន្តថា កុំថាឡើយផែនទីភាគីខ្នាត១/៥០.០០០ ដែលថៃបានប្រើ ទោះបីផែនទីផ្សេងទៀតដែលថៃផលិត ឬគូសជាឯកតោភាគីក្ដី ក៏ផែនទីទាំងនោះគ្មានតម្លៃ ឬទម្ងន់តាមផ្លូវច្បាប់នោះឡើយ។
យ៉ាងណាក៏ដោយចុះ គិតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់ប្រកាសពីការប្រើប្រាស់យន្តការច្បាប់អន្តរជាតិជាផ្លូវការ ដើម្បីដោះស្រាយវិវាទព្រំដែនគោកជាមួយប្រទេសថៃនៅឡើយ ទោះបីកម្ពុជាមានឯកសារប្រវត្តិសាស្ត្រ ដែលមានទម្ងន់ផ្នែកច្បាប់ក៏ដោយ៕








