

ប្រមុខការទូតថៃបានប្រកាសជាថ្មីម្ដងទៀតថា ការចរចាគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ មិនអាចបន្តទៅមុខបានទេ ដោយសារតែកម្ពុជាកំពុងអូសទាញប្រទេសថៃឱ្យចូលទៅក្នុងយន្តការផ្សះផ្សាដោយបង្ខំ ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយថៃ ទាំងដែលភាគីថៃមិនចង់ចូលរួមក្នុងកិច្ចចរចាដែលមានភាគីទីបីចូលរួមនេះឡើយ។ ជាមួយគ្នានេះ ភាគីថៃបានកំណត់ទុកជាមុនរួចហើយថា ការចរចាដែនគោក និងដែនសមុទ្ររវាងកម្ពុជា និងថៃនៅពេលអនាគតអាចធ្វើទៅបាន លុះត្រាតែកម្ពុជាត្រូវធ្វើតាមលក្ខខណ្ឌរបស់ភាគីថៃ។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានប្រកាសនៅថ្ងៃទី១ ខែកក្កដា ថាការចរចា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ នឹងត្រូវផ្អាកដោយមិនកំណត់ពេលនោះឡើយ។ លោកអះអាងថា មូលហេតុដែលថៃបិទផ្លូវចរចារឿងព្រំដែនគោកជាមួយកម្ពុជានេះ គឺដោយសារតែភាគីកម្ពុជាបានធ្វើឱ្យប្រទេសថៃបាត់បង់ទំនុកចិត្តលើការចរចាទ្វេភាគី បន្ទាប់ពីកម្ពុជាបានជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំ ដែលជាការបើកផ្លូវឱ្យមានភាគីទីបីចូលមកដោះស្រាយជម្លោះដែនសមុទ្រជាមួយថៃ និងម្យ៉ាងទៀត ថៃត្រូវការពេលវេលាដើម្បីរៀបចំឯកសារសម្រាប់តតាំងជាមួយកម្ពុជា។
ទោះជាយ៉ាងណា លោក ស៊ីហាសាក់ បានបន្តថា ប្រទេសថៃអាចនឹងពិចារណាបើកកិច្ចចរចា JBC ដើម្បីដោះស្រាយជម្លោះដែនគោក តាមការចង់បានរបស់កម្ពុជាឡើងវិញ ប្រសិនបើកម្ពុជាផ្លាស់ប្ដូរជំហររបស់ខ្លួន ដូចជាបញ្ឈប់ការរិះគន់ថៃនៅលើឆាកអន្តរជាតិ និងស្ដារទំនុកចិត្តជាមួយគ្នាឡើងវិញ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃរូបនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃនេះថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ របស់កម្ពុជា គឺពាក់ព័ន្ធតែព្រំដែនសមុទ្រប៉ុណ្ណោះ និងមិនគួររាលដាលដល់យន្តការចរចាទ្វេភាគីក្នុងជម្លោះព្រំដែនគោក ដែលភាគីទាំងពីរបានព្រមព្រៀងគ្នានោះឡើយ។
ភាគីកម្ពុជាបានស្នើឱ្យមានយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ បន្ទាប់ពីរដ្ឋាភិបាលថៃរបស់លោក អានុទីន ចាន់វីរៈគុល បានលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬMoU ២០០១ ដែលជាយន្តការដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជា និងថៃ ជាឯកតោភាគី។ Mou44 នេះគឺជាកិច្ចព្រមព្រៀងដែលភាគីកម្ពុជា និងថៃធ្លាប់បានយកមកប្រើប្រាស់ដើម្បីដោះស្រាយជម្លោះក្នុងដែនសមុទ្រត្រួតស៊ីគ្នា នៃប្រទេសទាំងពីរ ដែលមានទំហំចំនួន២ម៉ឺន ៦ពាន់គីឡូម៉ែត្រការ៉េ ហើយដែលត្រូវគេប៉ាន់ប្រមាណថា មានផ្ទុកនូវធនធានថាមពល ដែលមានតម្លៃរហូតដល់ ៣០០ ពាន់លានដុល្លារ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា កម្ពុជាមិនចាំបាច់សុំអង្វរថៃដើម្បីចរចាជម្លោះព្រំដែនគោកទៀតនោះឡើយ ដោយកម្ពុជាគួរតែប្រប្រាស់យន្តច្បាប់អន្តរជាតិ ដែលមានទម្ងន់ផ្នែកច្បាប់ជាសាកល ដើម្បីដោះស្រាយជម្លោះព្រំដែនគោកជាមួយថៃ។ លោកបន្តថា ចំណែកបញ្ហាព្រំដែនសមុទ្រវិញ កម្ពុជាគួរតែប្រើប្រើប្រាស់យន្តការច្បាប់អន្តរជាតិដូចគ្នាដែរ ព្រោះភាគីថៃនឹងមិនគោរពតាមអនុសាសន៍របស់គណៈកម្មាធិការផ្សះផ្សានោះឡើយ ប្រសិនបើថៃចាញ់ប្រៀបកម្ពុជា។
គិតមកដល់ពេលនេះ កម្ពុជា និងថៃបានជ្រើសរើស និងតែងតាំងគណៈកម្មាធិការផ្សះផ្សារៀងៗខ្លួនហើយ ហើយគណៈកម្មាធិការរបស់ភាគីទាំងពីរក៏កំពុងជ្រើសរើស អ្នកសម្របសម្រួលទី៥ ដែលធ្វើជាប្រធានសម្របសម្រួល។
តែយ៉ាងណា សម្រាប់ការចរចាជាមួយកម្ពុជាវិញ ភាគីថៃហាក់បានអ៊ុតមើល និងប្រកាសអំពីលទ្ធផលទុកជាមុនហើយថា អនុសាសន៍ ឬការសម្រេចរបស់គណៈកម្មាធិការផ្សះផ្សាដោយបង្ខំ មិនមែនជាសាលក្រមសម្រេចរបស់តុលាការ ដែលអាចបង្ខំឱ្យភាគីថៃត្រូវអនុវត្តតាមនោះឡើយ ហើយនៅទីបំផុត ភាគីកម្ពុជានឹងនៅតែត្រូវចរចាជាលក្ខណៈទ្វេភាគីជាមួយភាគីថៃដដែល។
យ៉ាងណាក៏ដោយចុះ ភាគីថៃក៏គ្មានជម្រើសអ្វីក្រៅពីចូលរួមនោះឡើយ ដើម្បីរក្សាភាពជឿជាក់របស់ខ្លួននៅលើឆាកអន្តរជាតិ ជាពិសេសនៅពេលចរចាកិច្ចព្រមព្រៀង ឬកាតព្វកិច្ចផ្សេងទៀត ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលដៃគូចរចារបស់ថៃអាចនឹងសួរអំពីកម្រិត និងសមត្ថភាពរបស់ប្រទេសថៃក្នុងការអនុវត្តតាមច្បាប់អន្តរជាតិ។
បញ្ហានេះត្រូវបានអ្នកឃ្លាំមើលលើកឡើងថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ដែលជាមោទនភាពរបស់មេដឹកនាំកម្ពុជា និងធ្លាប់យកមកអួតប្រាប់ពលរដ្ឋថា ជាអន្ទាក់ដើម្បីដឹកដៃប្រទេសថៃ ឱ្យចូលតុចរចានោះ គឺគ្រាន់តែជាយុទ្ធសាស្ត្រទិញពេល និងធ្វើឱ្យពលរដ្ឋស្ងប់ចិត្តតែប៉ុណ្ណោះ៕








