

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលនឹងបន្តការពារអធិបតេយ្យភាពទឹកដី និងអភិរក្សប្រាសាទព្រះវិហារ ព្រមទាំងប្រាសាទផ្សេងទៀតនៅតាមបណ្តោយព្រំដែន។ លោក បានចាត់ទុកការខូចខាតប្រាសាទព្រះវិហារដែលកើតឡើងក្នុងជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥ ថាជាការបាត់បង់សម្រាប់មនុស្សជាតិទាំងមូល។ បក្សក្រៅរដ្ឋាភិបាល ថា ការដែល លោក ហ៊ុន ម៉ាណែត មិនឱ្យថៃទទួលខុសត្រូវ គឺមានន័យថា សង្គ្រាមដែលថៃឈ្លានពានទឹកដីកម្ពុជានោះ គឺបង្កើតដោយភាគីថៃ និងរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលនឹងបន្តការពារអធិបតេយ្យភាពទឹកដី និងអភិរក្សប្រាសាទព្រះវិហារ ព្រមទាំងប្រាសាទផ្សេងទៀតនៅតាមបណ្តោយព្រំដែន។ លោក បានចាត់ទុកការខូចខាតប្រាសាទព្រះវិហារដែលកើតឡើងក្នុងជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥ ថាជាការបាត់បង់សម្រាប់មនុស្សជាតិទាំងមូល។ បក្សក្រៅរដ្ឋាភិបាល ថា ការដែល លោក ហ៊ុន ម៉ាណែត មិនឱ្យថៃទទួលខុសត្រូវ គឺមានន័យថា សង្គ្រាមដែលថៃឈ្លានពានទឹកដីកម្ពុជានោះ គឺបង្កើតដោយភាគីថៃ និងរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន។
នៅក្នុងសារលិខិតរបស់លោក ហ៊ុន ម៉ាណែត ដែលចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ក្នុងឱកាសខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប៉ះទង្គិចប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យប្រាសាទព្រះវិហារខូចខាតចំនួន ៥៦២កន្លែង។ លោកបានចាត់ទុកថា ការខូចខាតនេះមិនត្រឹមតែប៉ះពាល់ដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ។
លោក ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកំពុងសហការជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការពារ និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) និងដៃគូជាតិ-អន្តរជាតិ ដើម្បីវាយតម្លៃការខូចខាត និងអនុវត្តវិធានការសង្គ្រោះបន្ទាន់។ វិធានការទាំងនោះរួមមាន ការសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការទល់ទ្ររចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាត ការប្រមូលបំណែកថ្មចម្លាក់ និងការរៀបចំផែនការអភិរក្សរយៈពេលវែង។
លោកបានបន្ថែមថា រដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពដល់ការការពារបូរណភាពទឹកដី និងការអភិរក្សប្រាសាទព្រះវិហារ ហើយបានអំពាវនាវឱ្យប្រែក្លាយការខូចខាតដែលបានកើតឡើងទៅជាកម្លាំងជំរុញសាមគ្គីភាពជាតិ និងការអភិវឌ្ឍប្រទេស។
ទាក់ទងទៅនឹងការបំផ្លាញប្រាសាទខ្មែរដោយយោធាថៃនោះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារចុះថ្ងៃទី៦ ខែកក្កដា ដោយមានព្រះរាជបន្ទូលកោតសរសើរចំពោះការរួបរួមរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលក្នុងការការពារ និងថែរក្សាប្រាសាទព្រះវិហារ ក្រោយពីកម្ពុជាប្រឈមនឹងជម្លោះតាមព្រំដែនកាលពីឆ្នាំ២០២៥។ ព្រះអង្គបានទតឃើញការរួបរួមរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលក្នុងការការពារ និងថែរក្សាប្រាសាទព្រះវិហារ ឱ្យស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជាបន្តទៅមុខ។
ជុំវិញការលើកឡើងនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ បានរិះគន់ថា រដ្ឋាភិបាលមិនបានទាមទារឱ្យប្រទេសថៃទទួលខុសត្រូវចំពោះការខូចខាតប្រាសាទព្រះវិហារនោះទេ។ លោកថា រដ្ឋាភិបាលកម្ពុជា គួរតែស្នើឱ្យភាគីថៃទទួលខុសត្រូវ និងបង្ហាញភស្តុតាងនៃការខូចខាត់ទាំងនោះដល់ទៅសហគមន៍អន្តរជាតិ។
លោក គឹម សុខ៖ «កាលណាកងទ័ពថៃ បាញ់បំផ្លាញប្រាសាទព្រះវិហារ នោះច្បាស់ជាបន្សល់ទុកទិន្នន័យ ភស្តុតាង ដែលបង្ហាញអំពីសកម្មភាពប្រើអាវុធបាញ់របស់កងទ័ពថៃ ដែលចូលឈ្លានពានទឹកដីនៃប្រទេសកម្ពុជានោះហើយ។ ដូច្នេះ នេះជាឱកាស ដែលភាគីកម្ពុជាត្រូវបង្ហាញពិភពលោកឱ្យមើលឃើញច្បាស់ថា កងទ័ពថៃ ឈ្លានពានទឹកដីនៃប្រទេសកម្ពុជា និងបំផ្លាញប្រាសាទព្រះវិហាររបស់កម្ពុជាពិតប្រាកដមែន។ ហើយ UNESCO ប្រាកដជាជួយកម្ពុជា ក្នុងការវែកមុខ រកការពិតអំពីរឿងនេះ»។
លោក គឹម សុខ បានឲ្យដឹងបន្តទៀតថា លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គួរតែពន្យល់ឱ្យច្បាស់ អំពីបុព្វហេតុសង្គ្រាម បើឪពុកកូនទាំងពីរមិនឱ្យថៃទទួលខុសត្រូវលើការបំផ្លាញប្រាសាទព្រះវិហារនោះទេ។ លោកថា ក្នុងនាមជាប្រាសាទដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក កម្ពុជាក៏អាចស្វែងរកការគាំទ្រពីអង្គការយូណេស្កូ ដើម្បីវាយតម្លៃការខូចខាត និងស្វែងរកការពិត ពាក់ព័ន្ធនឹងហេតុការណ៍នេះផងដែរ។
កន្លងមកអាជ្ញាធរជាតិព្រះវិហារ បានអះអាងថា ប្រាសាទព្រះវិហាររបស់កម្ពុជាបានរងការខូចខាតប្រមាណ ៨០% ដោយ សារយោធាថៃបានបាញ់ផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទមកចំប្រាង្គប្រាសាទ។ មន្ត្រីជំនាញបានរកឃើញស្នាមប្រេះ ខួងសាច់ និងបាក់រលំចំនួន ៥៦២ទីតាំង ខណៈមន្ត្រីស៊ីម៉ាក់ក៏បានរកឃើញគ្រាប់បែកគ្រប់ប្រភេទចំនួនជាង ១ ៣០០គ្រាប់ ដែលបន្សល់ទុកដោយយោធាថៃបាញ់ស្រោចមកលើប្រាសាទព្រះវិហារ។
ផ្អែកលើការសិក្សាបឋមរបស់មន្ត្រីជំនាញជាតិ និងអន្តរជាតិ បានបង្ហាញថា រចនាសម្ព័ន្ធប្រាសាទជាច្រើនត្រូវបានបំផ្លាញ ដែលកម្ពុជាត្រូវការពេលពី២០ទៅ៣០ឆ្នាំ និងថវិកាប្រមាណ៧០ លានដុល្លារ ដើម្បីស្តារនិងអភិរក្សឱ្យមានភាពរឹងមាំឡើងវិញ។
កេរដំណែលប្រវត្តិសាស្ត្រខ្មែរនេះត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្រោមការជ្រោមជ្រែងរបស់អង្គការយូណេស្កូ (UNESCO) ចាត់ចូលជាបេតិកភណ្ឌពិភពលោករបស់កម្ពុជានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
ប្រាសាទព្រះវិហារត្រូវបានសាងសង់នៅលើជម្រាលភ្នំដងរែក ហើយមានច្រើនជាន់ ពីទាបទៅខ្ពស់ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះជាបណ្ដុំនៃប្រាសាទមួយចំនួនសង់តម្រៀបគ្នាពីជើងទៅត្បូង លាតសន្ធឹងលើខ្នងភ្នំប្រវែងជិតមួយគីឡូម៉ែត្រ។ជណ្ដើរឡើង នៅភាគខាងជើង គឺជាផ្លូវបុរាណសំខាន់ជាងគេនៃប្រាសាទព្រះវិហារ។ជណ្ដើរថ្មបុរាណនេះ នាំអ្នកទស្សនាទៅដល់ប្រាសាទតាមខ្លោងទ្វារធំៗ ៥ ដែលគេហៅម្យ៉ាងទៀតថា គោបុរៈ។ នៅលើហោជាងនៃគោបុរៈទាំងនេះ មានចម្លាក់ក្បូរក្បាច់រចនាល្អឥតខ្ចោះ។
អ្នកឃ្លាំមើល អះអាងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាមិនទាន់ប្រកាសជាសាធារណៈថា នឹងចាត់វិធានការផ្លូវច្បាប់ ឬទាមទារសំណងពីភាគីថៃពាក់ព័ន្ធនឹងការខូចខាតប្រាសាទព្រះវិហារនៅក្នុងការប៉ះទង្គិចកាលពីឆ្នាំ២០២៥ នោះទេ។ អ្នកឃ្លាំមើលយល់ថា រដ្ឋាភិបាលកម្ពុជា គួរតែប្រមូលភស្តុតាងរឿងថៃ រំលោភបំពានទឹកដីខ្មែរ និងបានបំផ្លាញប្រាសាទព្រះវិហារដើម្បីដាក់បណ្តឹងទាមទារឲ្យប្រទេសថៃសងការខូចខាតទាំងនោះ៕









