អាជ្ញាធរ​ថៃ​បន្ត​ចាប់ខ្លួន​ពលករ​ខ្មែរ​លួច​ឆ្លងដែន និង​ធ្វើការ​ខុសច្បាប់​ក្នុង​ប្រទេស​ថៃ

0
51
​ទិដ្ឋភាព​ពលករ​ខ្មែរ​ចំនួន ១៦​នាក់ ត្រូវទាហាន​ឈុត​ខ្មៅ​ថៃ នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (SaKeo) បាន​ចាប់ខ្លួន ពេល​​លួច​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសាលាខេត្ត​អារញ្ញ
​ទិដ្ឋភាព​ពលករ​ខ្មែរ​ចំនួន ១៦​នាក់ ត្រូវទាហាន​ឈុត​ខ្មៅ​ថៃ នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (SaKeo) បាន​ចាប់ខ្លួន ពេល​​លួច​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសាលាខេត្ត​អារញ្ញ

អាជ្ញាធរ​ថៃ​បន្ត​ចាប់ខ្លួន​ពលករ​ខ្មែរ​ដែល​ធ្វើការ និង​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ជាច្រើន​នាក់ដោយ​ខុសច្បាប់។ មន្ត្រី​សិទ្ធិ​ពលករ​ទទូច​ឲ្យ​រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​លើ​ពលករ​ចំណាកស្រុក ដើម្បី​កាត់បន្ថយ​ការ​ចំណាកស្រុក​របស់​ពលរដ្ឋ។

ពលករ​ខ្មែរ​រស់នៅ និង​លួច​ឆ្លងដែន​ខុសច្បាប់ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន និង​ផ្ដន្ទាទោស​ជាច្រើន​នាក់ នៅ​ដើមខែ​កក្កដា​នេះ។

ជាក់ស្តែង នៅ​ថ្ងៃទី​១០ កក្កដា នេះ អាជ្ញាធរ​ថៃ បាន​ចាប់ខ្លួន ពលករ​ខ្មែរ​ម្នាក់ ជា​ស្ត្រី មាន​ឈ្មោះថា នួន អាយុ​២៨​ឆ្នាំ ខណៈ​ដែល​ស្ត្រី​រូប​នោះ​កំពុង​ឈរ​លក់​អាហារ​ច្រក​ថង់​ឲ្យ​ថៅកែ​ជា​ជនជាតិ​ថៃ នៅ​តូប​អាហារ​មួយ​កន្លែង ក្នុង​ផ្សារ​បាងយ៉ៃ ខេត្ត​នុនថាក់បូរី។

អាជ្ញាធរ​ថៃ​បាន​ចោទ​ស្ត្រី​រូប​នេះ ២​ករណី គឺ ចូល​និង​រស់នៅ​ក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​មួយ​ករណី​ទៀត គឺ​ធ្វើការ​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​នៅ​ក្នុង​ប្រទេស​ថៃ​។ អាជ្ញាធរ​ថៃ​បាន​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ដោយ​បញ្ជូន​សំណុំរឿង​ស្ត្រី​រូប​នោះ​ទៅ​តុលាការ និង​បន្ត​នីតិវិធី ដើម្បី​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ។

ក្រៅពី​ពលករ​ឆ្លងដែន អាជ្ញាធរ​ថៃ​ក៏បាន​រឹត​បន្តឹង​ទៅលើ​ពលករ​ផ្សេងទៀត ដែល​ចូល​មក​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​។ អាជ្ញាធរ​ទាំងនោះ បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​តាម​ទីតាំង​ជាច្រើន ដូចជា នៅ​តាម​ផ្សារ ទីសាធារណៈ កន្លែង​ស្នាក់នៅ និង​កន្លែង​លក់ដូរ​ផ្សេងទៀត ដើម្បី​ស្វែងរក​ពលករ​ដែល​ធ្វើការ​ខុសច្បាប់​ក្នុង​ប្រទេស​ថៃ។

ពលករ​ម្នាក់ និង​ជា​ជនរងគ្រោះ​ដីធ្លី​ក្នុងចំណោម​ជនរងគ្រោះ​រាប់​រយ​គ្រួសារ​ពី​ក្រុមហ៊ុន​សូឡាដាមិច ហើយ​បច្ចុប្បន្ន​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោកស្រី លួត សាលៀ ថ្លែង​ទាំង​ឈឺចាប់​ថា អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​លោកស្រី​ជាច្រើនលើក​ច្រើនសា និង​រង​ការ​គំរាមកំហែង រើសអើង​ពី​ពលរដ្ឋ​ថៃ ហើយ​លោកស្រី​ភ័យខ្លាច​អាជ្ញាធរ​ចាប់​បញ្ជូន​លោកស្រី​ត្រឡប់​ទៅ​ខ្មែរ​វិញ​។ លោកស្រី​បន្ត​ថា អ្វី​ដែល​លោកស្រី​ខ្លាច​ជាង​នេះ គឺ​ភាព​អត់ឃ្លាន ការ​ដាច់ពោះ​ស្លាប់ គ្មាន​ប្រាក់ចំណូល​សម្រាប់​ចិញ្ចឹម​កូន និង​ផ្គត់ផ្គង់​គ្រួសារ ទើប​លោកស្រី​បង្ខំចិត្ត​លួច​ធ្វើការ​ខុសច្បាប់​ក្នុង​ប្រទេស​ថៃ​។ លោកស្រី​អះអាង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត គ្មាន​សមត្ថភាព​ក្នុង​ការ​រៀបចំ​ឲ្យ​កម្មករ ពលករ​ដែល​ត្រឡប់​ទៅ​ខ្មែរ​វិញ​មាន​ប្រាក់ខែ​សមរម្យ ដោះបំណុល​ជូន​ពលរដ្ឋ និង​មិនអាច​លុបបំបាត់​អំពើពុករលួយ​នៅក្នុង​ស្ថាប័នរដ្ឋ និង​កន្លែង​ការងារ​បាន​ឡើយ។

លោកស្រី លួត សាលៀ៖ «អត់ថា យើង​ត្រូវ​រត់​ផុត ឬក៏​រត់​មិន​ផុត ហើយ​យើង​ត្រូវ​ទៅ​អឺ ខ្មែរ​វិញ​ពេល​គេ​ចាប់បាន ហើយ​បងប្អូន​អាច​ជួយ​ដោះស្រាយ​យើង​បាន​ឬ​អត់​? គឺ​និយាយ​រួម​ទៅ​គឺ​អារម្មណ៍​មួយ​ហ្នឹង​គឺ​ភ័យខ្លាច ហើយនឹង​តក់ស្លុត​ខ្លាំង​មែនទែន​។ សម្រាប់​បំណុល​ពលរដ្ឋ​ខ្មែរ​គឺ​ច្រើនឡើង ច្រើនឡើង​កើន​ទ្វេ រហូតដល់​មានការ​សម្លាប់​ខ្លួន រហូតដល់​មាន​ធ្វើ​អត្តឃាត​ខ្លួនឯង​គឺ​មិនមែន​ធម្មតា​ទេ​ណា​បង​។ គឺ​លក្ខណៈ​ថា ដោះស្រាយ​អី​អត់​ចេញ​។ ខ្ញុំ​ធ្លាប់​រក​សម្លាប់​ខ្លួន​ច្រើន​ដង​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​មានកូន​។ យើង​ត្រូវតែ​តស៊ូ​ទៅមុខ ហើយ​សូម​ផ្តាំផ្ញើ​ទៅដល់​បងប្អូន​ដែល​កំពុង​តែមាន​វិបត្តិ​ដូច​ខ្ញុំ​មានទុក្ខ​ដូច​ខ្ញុំ កុំ​អស់សង្ឃឹម យើង​ត្រូវតែ​ក្រោកឈរ​តស៊ូ​ទៅមុខ​ទៀត​ចា៎​!»។

ចំណែក កាលពី​ថ្ងៃទី៨ កក្កដា នេះ កងទ័ពជើងទឹក​ថៃ​បាន​ពង្រាយ​កម្លាំង​ស្ទាក់​ចាប់​ខ្លួន​មនុស្ស​១៩​នាក់ ក្នុង​នោះ ១៤​នាក់ ជា​ជនជាតិ​ខ្មែរ ៤​នាក់​ជា​ជនជាតិ​ចិន និង​ម្នាក់ទៀត​ជា​ជនជាតិ​ឥណ្ឌូណេស៊ី លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ដោយ​ខុសច្បាប់​តាម​ច្រក​ធម្មតា នៅ​តំបន់​ណងតាខុង ស្រុក​ពង់ណាំរ៉ុន ខេត្ត​ចាន់​ថាក់បូរី។ ក្នុង​នោះ​មាន​ស្ត្រី ៧​នាក់ បុរស ៣​នាក់ និង​ក្មេង ៤​នាក់។

មនុស្ស​ទាំង​នោះ​បាន​សារភាព​ប្រាប់​អាជ្ញាធរ​ថៃ ថា ខ្លួន​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ខេត្ត​ចាន់ថាក់បុរី ខេត្ត​រ៉ាក់យ៉ង ខេត្ត​ឆៃណាត និង​ខេត្ត​សាមុតប្រាកាន។ ពួកគាត់​ត្រូវ​ចំណាយ​ប្រាក់​ក្នុង​ម្នាក់ ៧ ៥០០​បាត​ទៅ ៨ ០០០​បាត ឬ​ស្មើនឹង​ប្រមាណ​ជាង ២៥០​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួល​មេខ្យល់​ឲ្យ​នាំ​ឆ្លងកាត់​ច្រក​ធម្មតា គេច​ពី​ការ​ត្រួតពិនិត្យ​របស់​អាជ្ញាធរ។

រីឯ​កាលពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​០៧ អាជ្ញាធរ​ថៃ បាន​ចាប់ខ្លួន​ពលករ​ខ្មែរ​ដែល​លួច​ឆ្លងដែន​ខុសច្បាប់ បាន​៩​នាក់ បន្ថែម​ទៀត​ក្នុងអំឡុងពេល​ចុះ​ល្បាត នៅ​តំបន់​ទេព​និមិត្ត ស្រុក​ពង់ណាំរ៉ុន ខេត្ត​ចន្ទបុរី។ ពលករ​មួយ​ចំនួប​សា​ភាព​ប្រាប់​អាជ្ញាធរ​ថៃ​ថា ខ្លួន​ជា​អ្នក​រស់នៅ​ក្នុង​ខេត្តកំពង់ធំ និង​ខេត្តបាត់ដំបង ហើយ​ឆ្លងដែន​មក​ប្រទេស​ថៃ​នេះ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ទីក្រុង​បាងកក និង​ខេត្ត​បុរីរ៊ាំ។ ហើយ​ពលករ​មួយ​ចំនួន​ទៀត មកពី​ខេត្ត​រ៉ាក់យ៉ង មាន​បំណង​ចង់​ឆ្លងដែន​ទៅ​ប្រទេស​កម្ពុជា​វិញ។ ពលករ​ទាំង​៩​នាក់​នោះ ត្រូវ​បាន​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល និង​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់។

មន្ត្រី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ប្រចាំ​ប្រទេស​ថៃ​នៃ​អង្គការ​សង់ត្រាល់ លោក លឹង សុផុន លើកឡើង​ថា ពលករ​ខ្មែរ​ដែល​រស់នៅ និង​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​វិញ​ចំនួន ២​លើក​មក​ហើយ គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១០ កក្កដា​នេះ​។ លោក​បន្ត​ថា ពលករ​ភាគច្រើន គឺជា​ពលករ​ដែល​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ក្នុងអំឡុងពេល​កម្ពុជា​មាន​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ប៉ុន្តែ​ពួកគាត់​មិនអាច​រក​ការងារ​ដែល​មាន​ប្រាក់ចំណូល​សមរម្យ​ធ្វើ​បាន ទើប​សម្រេចចិត្ត​លួច​ឆ្លងដែន​ទៅ​ថៃ​ម្តង​ទៀត។

លោក លឹង សុផុន៖ «ពលករ ពលរដ្ឋ​ហ្នឹងឯង​ដែល​ជា​កម្លាំង​សម្រាប់​កសាង​ប្រទេសជាតិ​។ បើសិនជា​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​យកចិត្តទុកដាក់​ទៅលើ​ពលករ កម្មករ​ទេ នោះ​នឹង​កម្លាំង​ដែល​ត្រ​វ​អភិវឌ្ឍន៍​ប្រទេសជាតិ​ហ្នឹង នឹង​វិល​មក​រក​ប្រទេស​ដទៃ​ផ្សេងទៀត​ក្រៅពី​ប្រទេស​ខ្មែរ​យើង​បាទ»។

នៅ​ព្រឹក​ថ្ងៃទី​១០ កក្កដា​នេះ អាជ្ញាធរ​ថៃ​ក៏បាន​បញ្ជូន ពលករ​ខ្មែរ​ដែល​រស់នៅ និង​ធ្វើការ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ​ចំនួន ៨១​នាក់ ក្នុង​នោះ​មាន​ស្រី​១៩​នាក់ និង​ក្មេង​ចំនួន​១១​នាក់ ឲ្យ​មក​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​ក្លងលឹក ជាប់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រី​ការពារ​សិទ្ធិ​ពលករ​នៃ​អង្គការ​សង់ត្រាល់​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ពលករ​ជាង​១០០០​នាក់​ហើយ​ដែល​អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ប្រគល់​ឲ្យ​កម្ពុជា​វិញ​គិត​ចាប់​ដើមខែ​មករា ដល់​ខែកក្កដា​នេះ​។ ពលករ​ខ្មែរ ដែល​មក​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ភាគច្រើន​មាន​បញ្ហា​ជំពាក់​បំណុល និង​គ្មាន​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ក្រោយពី​ពួកគាត់​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​មិនបាន ទើប​បង្ខំចិត្ត មក​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ប្រថុយប្រថាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ