

អ្នកឃ្លាំមើលព្រួយបារម្ភថា ការអនុវត្តច្បាប់នៅកម្ពុជាហាក់ធូររលុងគ្មានវិន័យ និងអំពើពុករលួយរបស់មន្ត្រីអាជ្ញាធរ ជាហេតុធ្វើឲ្យបទល្មើសឧក្រិដ្ឋកម្ម និងការឆបោកបន្តកើតមានឥតឈប់ឈរ។ ពួកគាត់ទទូចឲ្យរដ្ឋាភិបាល និងក្រសួងមហាផ្ទៃគួរពង្រឹងច្បាប់ឡើងវិញឲ្យបានតឹងរ៉ឹង ដើម្បីបោសសម្អាតក្រុមឧក្រិដ្ឋជនទាំងនោះឲ្យអស់ពីកម្ពុជាពិតប្រាកដ។
រយៈពេលជាច្រើនខែមកហើយដែលរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានបើកយុទ្ធនាការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មចាប់ជំរិត និងឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែករណីទាំងនេះ ហាក់មិនចេះចប់សោះឡើយ ហើយជនល្មើសនៅតែបន្តសកម្មភាពដោយមិនខ្លាចរអានឹងសមត្ថកិច្ច ឬច្បាប់នោះទេ។ ករណីទាំងនេះ បានក្លាយជាក្តីបារម្ភធំមួយសម្រាប់ពលរដ្ឋ និងអ្នកឃ្លាំមើលពីការអនុវត្តច្បាប់មិនបានតឹងរ៉ឹងលើជនល្មើស និងអ្នកគប់គិត ដែលជាខ្នងបង្កែករបស់ក្រុមឧក្រិដ្ឋជនទាំងនោះ។
ការលើកឡើងរបស់អ្នកឃ្លាំមើលបែបនេះគឺក្រោយពេលដែលកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបង្ក្រាបជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីចាប់មនុស្សដាក់រថយន្ត ដើម្បីជំរិតទារប្រាក់ នៅត្រង់ចំណុចផ្លូវកំពង់ស្ពាន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត នៅក្រុងបាវិត កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
ក្រោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងនគរបាលខេត្តស្វាយរៀងបានចុះទៅបង្ក្រាប និងបានដេញតាម ហើយស្ទាក់ចាប់រថយន្តជនសង្ស័យដែលកំពុងបើករត់គេចខ្លួន។ ក្រុមជនសង្ស័យបានទម្លាក់ជនរងគ្រោះជាជនជាតិវៀតណាមចោលតាមផ្លូវ ហើយបានចេញពីរថយន្ត រួចរត់ចូលវាលស្រែ។ សមត្ថកិច្ចបានរត់ដេញតាមចាប់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ភេទប្រុស ជាជនជាតិវៀតណាម និងបានដកហូតវត្ថុតាងរួមមាន រថយន្ត ម៉ាក Toyota prius ពណ៌ក្រហមដែលធ្វើសកម្មភាពនោះ ០១គ្រឿង កាំបិត ០៣ដើម ទូរស័ព្ទដៃ២គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែក កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដដែល សមត្ថកិច្ចខេត្តស្វាយរៀង បានបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅផ្ទះជួល ១កន្លែង ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ០៦នាក់ ក្នុងនោះស្រីម្នាក់ ជាជនជាតិវៀតណាម ព្រមទាំងបានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន កុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង ជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបានបិទទីតាំងប្រព្រឹត្តបទល្មើសបណ្ដោះអាសន្ន។
នេះគ្រាន់ជាករណីមួយក្នុងខេត្តស្វាយរៀង ចំណែកនៅតាមបបណ្តាខេត្តជាច្រើនផ្សេងទៀតអាជ្ញាធរមានសមត្ថកិច្ចនៅតែបង្ក្រាបបានជាហូរហែ។
រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៧៨៨នាក់ មាន ២១សញ្ជាតិ ក្នុងនោះមានស្រីចំនួន៩២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា។
ក្នុងចំណោមនោះ មានជនជាតិចិន ៣១៥នាក់ និងជនជាតិថៃចំនួន ១៤នាក់ ពាក់ព័ន្ធករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ចំណែកជនបរទេសផ្សេងទៀត ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើសផ្សេងៗដូចជា ការលួចឆ្លងដែន, បន្លំឯកសារ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាដើម។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី ថ្លែងថា ការដែលបទល្មើសឧក្រិដ្ឋ និងករណីចាប់ជំរិត ឬបង្ខាំងមនុស្ស ដោយជនបរទេស នៅតែបន្តកើតមានជាហូរហែ និងឥតឈប់ឈរនៅកម្ពុជា ដោយសារការចុះខ្សោយនៃប្រព័ន្ធសន្តិសុខផ្ទៃក្នុង។ លោកបន្តថា ជនឧក្រិដ្ឋទាំងនោះមិនខ្លាចច្បាប់ អាជ្ញាធរមានសមត្ថកិច្ច បណ្តាលមកពីភាពធូរលុង ការអនុវត្តច្បាប់គ្មានតម្លាភាព និងអំពើពុករលួយជាប្រព័ន្ធនៅក្នុងចំណោមមន្ត្រីអនុវត្តច្បាប់មួយចំនួន។ លោក សេង វណ្ណលី ថាការខ្វះវិន័យ ភាពមិនស្អាតស្អំរបស់មន្ត្រី រួមទាំងការទទួលបានផលប្រយោជន៍ពីក្រុមឧក្រិដ្ឋជនជាហេតុធ្វើឲ្យជនល្មើសមើលស្រាលលើប្រព័ន្ធយុត្តិធម៌កម្ពុជា ហើយជ្រើសរើសយកទឹកដីកម្ពុជាធ្វើជាទីតាំងប្រព្រឹត្តបទល្មើសបន្ត។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បីឆ្លើយតបនឹងការលើកឡើងនេះបានទេ នៅថ្ងៃទី១២ ខែសីហា។
រីឯប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា លោកគ្មានជំនឿលើការកែប្រែ និងការអនុវត្តច្បាប់នៅកម្ពុជាឲ្យបានត្រឹមត្រូវ ស្អាតស្អំ ដើម្បីឲ្យមន្ត្រីមានវិន័យបាននោះទេ ដោយសារអំពើពុករលួយបានចាក់ឫសគល់យ៉ាងរឹងក្នុងស្ថាប័នរដ្ឋតាំងពីថ្នាក់ក្រោមដល់កំពូល និងតជំនាន់ពីលោក ហ៊ុន សែន ដល់លោក ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំកម្ពុជាសព្វថ្ងៃ។ លោកបន្តថា ការអនុវត្តច្បាប់ផុយស្រួយ ពុករលួយជាប្រព័ន្ធបែបនេះ ធ្វើឲ្យជនល្មើស និងជនខិលខូចលែងខ្លាច លែងគោរពច្បាប់ហើយឆ្លៀតឳកាសយកប្រទេសកម្ពុជាប្រព្រឹត្តបទឧក្រិដ្ឋបានដោយសេរី និងប្រើប្រាស់លុយសូកប៉ាន់មន្ត្រីរាជការ ដើម្បីដូរយកសេរីវិញ។ លោកថា បទល្មើសឧក្រិដ្ឋកម្មនេះធ្វើឲ្យកម្ពុជាប៉ះពាល់កេរ្តិ៍ឈ្មោះយ៉ាងខ្លាំងលើឆាកអន្តរជាតិ។ លោក ស៊ឹង សែនករុណា លើកឡើងថា រដ្ឋាភិបាលតជំនាន់នេះ មិនមានសមត្ថភាពក្នុងការគ្រប់គ្រង និងបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មធំនេះឲ្យអស់ពីកម្ពុជាបានឡើយ។
លោក ស៊ឹង សែនករុណា៖ «ការដឹកនាំប្រទេសមួយវាទាល់តែមេដឹកនាំហ្នឹងមានសមត្ថភាពខ្ពស់ ខ្លាំង ក្នុងការកែលំអ ដើម្បីធ្វើយ៉ាងមិចឲ្យធនធានមនុស្ស ឬក៏អ្នកអនុវត្តច្បាប់របស់ខ្លួនហ្នឹងឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ក្រាបលើបទល្មើសដែលមាននៅក្នុងប្រទេសហ្នឹង។ អ៊ីចឹងយើងត្រូវទទួលស្គាល់នូវចំណុចទាំងអស់ហ្នឹង ហើយការអាលកាត់ហ្នឹងបើសិនជាបុគ្គលណាពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើស ឬក៏អំពើពុករលួយពាក់ព័ន្ធនឹងអំពើពុករលួយត្រូវតែផ្ដន្ទាទោសទៅតាមផ្លូវច្បាប់មិនត្រឹមតែដោះដូរតួនាទីពីមួយទៅនេះទៅនោះទេ អ៊ីចឹងវាអត់រាងចាលហើយការប្រព្រឹត្តហ្នឹងនៅតែបន្តកើតមានអ៊ីចឹង»។
អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលពង្រឹងច្បាប់ឲ្យបានតឹងរ៉ឹង និងដាក់ទោសទណ្ឌយ៉ាងម៉ឺងម៉ាត់បំផុតចំពោះមន្ត្រីអាជ្ញាធរទាំងឡាយណាដែលអសមត្ថភាព ពុករលួយ ឬត្រូវរ៉ូវជាមួយឧក្រិដ្ឋជនដោយចាត់វិធានការដកហូតតំណែង និងការផ្តន្ទាទោសតាមផ្លូវច្បាប់លើមន្ត្រីខិលខូច គឺជាលក្ខខណ្ឌចាំបាច់ដើម្បីបង្កើនវិន័យ និងភាពស្អាតស្អំក្នុងជួរមន្ត្រីរាជការ ហើយត្រូវពង្រឹងការគ្រប់គ្រងអន្តោប្រវេសន៍ឱ្យបានហ្មត់ចត់ បង្កើនកិច្ចសហប្រតិបត្តិការឆ្លងដែន និងអនុវត្តទោសទណ្ឌឱ្យធ្ងន់ធ្ងរបំផុតចំពោះជនបរទេសដែលប្រព្រឹត្តបទល្មើសទាំងនោះ៕









