អ្នកឃ្លាំមើល​ព្រួយ​បារម្ភ​ពី​ការអនុវត្ត​ច្បាប់​ធូររលុង និង​ពុករលួយ​ជាហេតុ​ធ្វើ​ឲ្យ​អំពើ​ឧក្រិដ្ឋកម្ម​បន្ត​កើត​មាន

0
24
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម

អ្នកឃ្លាំមើល​ព្រួយបារម្ភ​ថា ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ហាក់​ធូររលុង​គ្មាន​វិន័យ និង​អំពើពុករលួយ​របស់​មន្ត្រី​អាជ្ញាធរ ជាហេតុ​ធ្វើ​ឲ្យ​បទល្មើស​ឧក្រិដ្ឋកម្ម និង​ការ​ឆបោក​បន្ត​កើតមាន​ឥត​ឈប់ឈរ។ ពួកគាត់​ទទូច​ឲ្យ​រដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​គួរ​ពង្រឹង​ច្បាប់​ឡើងវិញ​ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​បោសសម្អាត​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ឲ្យ​អស់ពី​កម្ពុជា​ពិតប្រាកដ។

រយៈពេល​ជាច្រើន​ខែ​មក​ហើយ​ដែល​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ បាន​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ចាប់ជំរិត និង​ឆបោក​អនឡាញ​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ករណី​ទាំងនេះ ហាក់​មិន​ចេះ​ចប់​សោះឡើយ ហើយ​ជនល្មើស​នៅតែ​បន្តសកម្មភាព​ដោយ​មិន​ខ្លាចរអា​នឹង​សមត្ថកិច្ច ឬ​ច្បាប់​នោះ​ទេ។ ករណី​ទាំងនេះ បាន​ក្លាយជា​ក្តី​បារម្ភ​ធំ​មួយ​សម្រាប់​ពលរដ្ឋ និង​អ្នកឃ្លាំមើល​ពី​ការអនុវត្ត​ច្បាប់​មិនបាន​តឹងរ៉ឹង​លើ​ជនល្មើស និង​អ្នក​គប់គិត ដែល​ជា​ខ្នង​បង្កែក​របស់​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ។

ការ​លើកឡើង​របស់​អ្នកឃ្លាំមើល​បែបនេះ​គឺ​ក្រោយ​ពេល​ដែល​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ចុះ​បង្ក្រាប​ជនសង្ស័យ ០៣​នាក់ ពាក់ព័ន្ធ​ករណី​ចាប់​មនុស្ស​ដាក់​រថយន្ត ដើម្បី​ជំរិត​ទារប្រាក់ នៅ​ត្រង់​ចំណុច​ផ្លូវ​កំពង់​ស្ពាន ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត នៅ​ក្រុង​បាវិត កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៦។

ក្រោយ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កម្លាំង​នគរបាល​ខេត្តស្វាយរៀង​បាន​ចុះទៅ​បង្ក្រាប និង​បាន​ដេញ​តាម ហើយ​ស្ទាក់​ចាប់​រថយន្ត​ជនសង្ស័យ​ដែល​កំពុង​បើក​រត់គេច​ខ្លួន​។ ក្រុម​ជនសង្ស័យ​បាន​ទម្លាក់​ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម​ចោល​តាមផ្លូវ ហើយ​បាន​ចេញពី​រថយន្ត រួច​រត់​ចូល​វាលស្រែ​។ សមត្ថកិច្ច​បាន​រត់​ដេញ​តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ភេទ​ប្រុស ជា​ជនជាតិ​វៀតណាម និង​បាន​ដកហូត​វត្ថុ​តាង​រួមមាន រថយន្ត ម៉ាក Toyota prius ពណ៌​ក្រហម​ដែល​ធ្វើ​សកម្មភាព​នោះ ០១​គ្រឿង កាំបិត ០៣​ដើម ទូរស័ព្ទ​ដៃ​២​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ជនសង្ស័យ និង​វត្ថុ​តាង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

ដោយឡែក កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៦ ដដែល សមត្ថកិច្ច​ខេត្តស្វាយរៀង បាន​បង្ក្រាប​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅផ្ទះ​ជួល ១​កន្លែង ស្ថិតនៅ​ភូមិ​តាពៅ សង្កាត់​បាវិត ក្រុង​បាវិត។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ០៦​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ជា​ជនជាតិ​វៀតណាម ព្រមទាំង​បាន​ដកហូត​សម្ភារ​ពាក់ព័ន្ធ​នឹង​បទល្មើស​រួមមាន កុំព្យូទ័រ​យួរដៃ ទូរស័ព្ទ​ដៃ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​បាន​បិទ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​បណ្ដោះអាសន្ន។

នេះ​គ្រាន់​ជា​ករណី​មួយ​ក្នុង​ខេត្ត​ស្វាយរៀង ចំណែក​នៅ​តាម​ប​បណ្តា​ខេត្ត​ជាច្រើន​ផ្សេងទៀត​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅតែ​បង្ក្រាប​បានជា​ហូរហែ។

រយៈពេល ១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២៦ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បណ្ដេញ​ជនបរទេស​ខុសច្បាប់​សរុប​ចំនួន ៧៨៨​នាក់ មាន ២១​សញ្ជាតិ ក្នុង​នោះ​មាន​ស្រី​ចំនួន​៩២​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុងចំណោម​នោះ មាន​ជនជាតិ​ចិន ៣១៥​នាក់ និង​ជនជាតិ​ថៃ​ចំនួន ១៤​នាក់ ពាក់ព័ន្ធ​ករណី​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)។

ចំណែក​ជនបរទេស​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ដូចជា ការ​លួច​ឆ្លងដែន​, បន្លំ​ឯកសារ ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន ចាប់ជំរិទ​ទារប្រាក់ ប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ (QR Code ក្លែងក្លាយ) ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ជាដើម។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​លោក សេង វណ្ណលី ថ្លែង​ថា ការដែល​បទល្មើស​ឧក្រិដ្ឋ និង​ករណី​ចាប់ជំរិត ឬ​បង្ខាំង​មនុស្ស ដោយ​ជនបរទេស នៅតែ​បន្ត​កើតមាន​ជា​ហូរហែ និង​ឥត​ឈប់ឈរ​នៅ​កម្ពុជា ដោយសារ​ការ​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​សន្តិសុខ​ផ្ទៃក្នុង​។ លោក​បន្ត​ថា ជនឧក្រិដ្ឋ​ទាំងនោះ​មិន​ខ្លាច​ច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច បណ្តាល​មក​ពី​ភាព​ធូរ​លុង ការអនុវត្ត​ច្បាប់​គ្មាន​តម្លាភាព និង​អំពើពុករលួយ​ជា​ប្រព័ន្ធ​នៅក្នុង​ចំណោម​មន្ត្រី​អនុវត្ត​ច្បាប់​មួយចំនួន​។ លោក សេង វណ្ណលី ថា​ការ​ខ្វះ​វិន័យ ភាព​មិន​ស្អាតស្អំ​របស់​មន្ត្រី រួម​ទាំង​ការ​ទទួល​បាន​ផលប្រយោជន៍​ពី​ក្រុម​ឧក្រិដ្ឋជន​ជាហេតុ​ធ្វើ​ឲ្យ​ជនល្មើស​មើលស្រាល​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ហើយ​ជ្រើស​រើស​យក​ទឹកដី​កម្ពុជា​ធ្វើជា​ទីតាំង​ប្រព្រឹត្ត​បទល្មើស​បន្ត។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បី​ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ​បានទេ នៅ​ថ្ងៃទី​១២ ខែ​សីហា។

រីឯ​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា លោក​គ្មាន​ជំនឿ​លើ​ការ​កែប្រែ និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ឲ្យ​បាន​ត្រឹមត្រូវ ស្អាតស្អំ ដើម្បី​ឲ្យ​មន្ត្រី​មាន​វិន័យ​បាន​នោះ​ទេ ដោយសារ​អំពើពុករលួយ​បាន​ចាក់​ឫសគល់​យ៉ាង​រឹង​ក្នុង​ស្ថាប័នរដ្ឋ​តាំងពី​ថ្នាក់ក្រោម​ដល់​កំពូល និង​ត​ជំនាន់​ពី​លោក ហ៊ុន សែន ដល់​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេដឹកនាំ​កម្ពុជា​សព្វថ្ងៃ​។ លោក​បន្ត​ថា ការអនុវត្ត​ច្បាប់​ផុយ​ស្រួយ ពុករលួយ​ជា​ប្រព័ន្ធ​បែបនេះ ធ្វើ​ឲ្យ​ជនល្មើស និង​ជនខិលខូច​លែង​ខ្លាច លែង​គោរព​ច្បាប់​ហើយ​ឆ្លៀត​ឳ​កាស​យក​ប្រទេស​កម្ពុជា​ប្រព្រឹត្ត​បទឧក្រិដ្ឋ​បាន​ដោយ​សេរី និង​ប្រើប្រាស់​លុយ​សូកប៉ាន់​មន្ត្រីរាជការ ដើម្បី​ដូរ​យក​សេរី​វិញ​។ លោក​ថា បទល្មើស​ឧក្រិដ្ឋកម្ម​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​យ៉ាង​ខ្លាំង​លើ​ឆាក​អន្តរជាតិ។ លោក ស៊ឹង សែន​ករុណា លើកឡើង​ថា រដ្ឋាភិបាល​ត​ជំនាន់​នេះ មិន​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង និង​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ធំ​នេះ​ឲ្យ​អស់ពី​កម្ពុជា​បាន​ឡើយ។

លោក ស៊ឹង សែនករុណា៖ «ការដឹកនាំ​ប្រទេស​មួយ​វា​ទាល់តែ​មេដឹកនាំ​ហ្នឹង​មាន​សមត្ថភាព​ខ្ពស់ ខ្លាំង ក្នុង​ការ​កែ​លំអ ដើម្បី​ធ្វើ​យ៉ាង​មិច​ឲ្យ​ធនធានមនុស្ស ឬក៏​អ្នក​អនុវត្ត​ច្បាប់​របស់​ខ្លួន​ហ្នឹង​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្ក្រាប​លើ​បទល្មើស​ដែល​មាន​នៅក្នុង​ប្រទេស​ហ្នឹង។ អ៊ីចឹង​យើង​ត្រូវ​ទទួលស្គាល់​នូវ​ចំណុច​ទាំងអស់​ហ្នឹង ហើយ​ការ​អាល​កាត់​ហ្នឹង​បើសិនជា​បុគ្គល​ណា​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រព្រឹត្ត​បទល្មើស ឬក៏​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ត្រូវតែ​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​មិន​ត្រឹមតែ​ដោះដូរ​តួនាទី​ពី​មួយ​ទៅ​នេះ​ទៅនោះ​ទេ អ៊ីចឹង​វា​អត់​រាងចាល​ហើយ​ការប្រព្រឹត្ត​ហ្នឹង​នៅតែ​បន្ត​កើតមាន​អ៊ីចឹង»។

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង និង​ដាក់​ទោសទណ្ឌ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​មន្ត្រី​អាជ្ញាធរ​ទាំងឡាយ​ណា​ដែល​អសមត្ថភាព ពុករលួយ ឬ​ត្រូវរ៉ូវ​ជាមួយ​ឧក្រិដ្ឋជន​ដោយ​ចាត់វិធានការ​ដកហូត​តំណែង និង​ការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​លើ​មន្ត្រី​ខិលខូច គឺជា​លក្ខខណ្ឌ​ចាំបាច់​ដើម្បី​បង្កើន​វិន័យ និង​ភាព​ស្អាតស្អំ​ក្នុង​ជួរ​មន្ត្រីរាជការ ហើយ​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​អន្តោប្រវេសន៍​ឱ្យ​បាន​ហ្មត់ចត់ បង្កើន​កិច្ច​សហប្រតិបត្តិការ​ឆ្លង​ដែន និង​អនុវត្ត​ទោសទណ្ឌ​ឱ្យ​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​ជនបរទេស​ដែល​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ