

អ្នកឃ្លាំមើលថា ការលើកឡើងរបស់អភិបាលរងខេត្តស្វាយរៀងលោក ម៉ែន អេង ថា «ឧក្រិដ្ឋកម្មឆបោកអនឡាញមិនប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ» ជាការការពារក្រុមឧក្រិដ្ឋជន និងលើកទឹកចិត្តក្រុមជនល្មើសឲ្យបន្តសកម្មភាពក្នុងប្រទេសកម្ពុជា។
ប្រជាពលរដ្ឋ និងអ្នកតាមដានសង្គមជាច្រើនបានប្រតិកម្មយ៉ាងខ្លាំងចំពោះការលើកឡើងរបស់អភិបាលរងខេត្តស្វាយរៀងលោក ម៉ែន អេង ដែលត្រូវបានគេស្គាល់ឈ្មោះមួយទៀត គឺ លោក អេង រឹទ្ធី ពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជាថា ជាការលើកទឹកចិត្តដល់ក្រុមឧក្រិដ្ឋជន គ្មានទំនួលខុសត្រូវ និងបង្ហាញពីភាពគ្មានចំណេះដឹងរបស់លោកក្នុងការដឹកនាំប្រទេស។ ពួកគាត់ស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ស៊ើបអង្កេតលើអភិបាលរងរូបនេះជាបន្ទាន់ ដោយពួកគាត់សង្ស័យថា បុគ្គលរូបនេះ អាចជាប់ពាក់ព័ន្ធនឹងការគប់គិត និងទទួលប្រយោជន៍ពីក្រុមឧក្រិដ្ឋជនទាំងនោះ។
ប្រតិកម្មនេះ គឺក្រោយពេលអភិបាលរងខេត្តស្វាយរៀងលោក ម៉ែន អេង បានថ្លែងក្នុងបទសម្ភាសន៍ជាមួយ ស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃស្ដីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ថា ឧក្រិដ្ឋកម្មឆបោកអនឡាញ (Online Scams) ដែលកំពុងរីកសុះសាយនៅកម្ពុជា មិនប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសសេដ្ឋកិច្ចនៅក្នុងខេត្តស្វាយរៀង។ លោកអះអាងថា ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចចំនួន ១៣ ក្នុងនោះ តំបន់សេដ្ឋកិច្ចចំនួន ១២ កំពុងដំណើរការដែលអាចរកប្រាក់ចំណូលបានក្នុង១ឆ្នាំ ៥០០លានដុល្លារសម្រាប់កម្មករនិយោជិត ដែលបំរើការក្នុងវិស័យឧស្សាហកម្ម។ «»
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី លើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ការលើកឡើងរបស់អភិបាលរងរូបនេះ ជាទស្សនៈមួយខុសធ្ងន់ធ្ងរ និងជាការបង្កើតលេសបិទបាំងលំហូរសាច់ប្រាក់ងងឹតឱ្យឧក្រិដ្ឋជន។ លោកថា ថវិកាដែលបានពីការឆបោក និងចាប់ជម្រិត មិនមែនជាការអភិវឌ្ឍសេដ្ឋកិច្ចពិតប្រាកដនោះទេ ប៉ុន្តែជាលុយកខ្វក់ដែលហូរចូលកាបូបក្រុមឧក្រិដ្ឋជនមួយក្តាប់តូច ហើយថែមទាំងបំផ្លាញឆ្នាំងបាយរបស់ប្រជាពលរដ្ឋ។ លោកបន្តថា បញ្ហាឧក្រិដ្ឋកម្មនេះ បានបំផ្លាញវិស័យទេសចរណ៍ បំភិតភ័យភ្ញៀវបរទេស និងបណ្ដេញវិនិយោគិនស្អាតស្អំចេញពីកម្ពុជា ប៉ះពាល់កេរ្តិ៍ឈ្មោះ និងទំនុកចិត្តកម្ពុជាលើឆាកអន្តរជាតិ បំផ្លាញដល់ការអភិវឌ្ឍវែងឆ្ងាយ និងបង្កភាពរញ៉េរញ៉ៃដល់ស្ថិរភាពជាតិ។
លោក សេង វណ្ណលី លើកឡើងថា ការថ្លែងរបស់លោក ម៉ែន អេង គឺជាការបំភាន់សាធារណមតិឱ្យមើលរំលងឫសគល់នៃបញ្ហា និងទទួលយកអំពើល្មើសធ្វើជាប្រភពចំណូលធម្មតា។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ដើម្បីឆ្លើយតបនឹងការស្នើសុំរបស់អ្នកឃ្លាំមើលនោះទេ នៅថ្ងៃទី១៣ ខែសីហា។
បញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញនេះជារឿងមួយដែលប្រទេសធំៗជាច្រើនកំពុងយកចិត្តទុកដាក់ ឃ្លាំងមើល និងចាត់វិធានការបង្ក្រាបជាបន្តបន្ទាប់ជាពិសេសសហរដ្ឋអាមេរិកដែលរងការខាតបង់លុយរាប់រយពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ អាជ្ញាធរកម្ពុជា ក៏បានបើកយុទ្ធនាការបង្ក្រាបនៅទូទាំងប្រទេសកម្ពុជា ដោយបានចាប់ខ្លួនក្រុមឧក្រិដ្ឋជនជាច្រើន បញ្ជូនទៅប្រទេសកំណើតវិញ និងបិទទីតាំងឆបោកអនឡាញទាំងនោះផងដែរ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ថ្លែងថា ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងរងការតាមដានពីប្រទេសធំៗជាច្រើនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញឆ្លងដែន អភិបាលរង លោក ម៉ែន អេង មិនគួរលើកឡើងបែបនេះឡើយ។ លោកបន្តថា ការលើកឡើងបែបនេះ ជាការបង្ហាញពីភាពគ្មានចំណេះដឹងក្នុងនាមជាមេដឹកនាំ និងអសមត្ថភាពរបស់លោក។ លោកបន្តថា សេដ្ឋកិច្ចដែលលោក ម៉ែន អេង លើកឡើងនោះ គឺបានផលប្រយោជន៍តែលើក្រុមមួយក្តាប់ដែលគប់គិតជាមួយក្រុមឧក្រិដ្ឋជនទាំងនោះ មិនមែនប្រជាពលរដ្ឋនោះទេ។ លោកថ្លែងថា ប្រទេសធំៗ ជាច្រើនកំពុងខ្លាចរអាកម្ពុជា និងមិនហ៊ានវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយសារពួកគេខ្លាចការចាប់ជំរិត និងបញ្ហាឆបោកអនឡាញនេះ។ «»
ទូរទស្សន៍អាស៊ីសេរីមិនទាន់អាចទាក់ទងលោក ម៉ែន អេង ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះបាននៅឡើយ។
លោក ម៉ែន អេង ត្រូវបានពលរដ្ឋស្គាល់ និងផ្តល់រហ័សនាមឲ្យលោកមួយទៀតនោះ គឺជាស្ថាបនិកស្រុកខ្មែរ ដែលថា «កម្ពុជាគ្មានវៀតណាម»។
ចំណែកពលរដ្ឋក្នុងបណ្ដាញសង្គម ឈ្មោះ គីមឡេង យ៉ា ថា លោកទទួលបានបុណ្យសក្តិដោយសារការនិយាយបែបមិនចេះគិតបែបនេះ។
រីឯគណនីឈ្មោះ សារ៉េម វង់ ថា អភិបាលរងខេត្តរូបនេះ ចេះតែធ្វើតួសម្តែង និងពិធីករប៉ុណ្ណោះ ហើយលើកឲ្យលោកធ្វើជាចៅហ្វាយរងខេត្ត គឺខុសជំនាញរបស់លោក ទើបលោកនិយាយចេញមកបែបនេះ៕









