អភិបាលរង​ខេត្ត​ស្វាយរៀង​រង​ការ​រិះគន់​ដែល​ថា ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​មិន​ប៉ះពាល់​​សេដ្ឋកិច្ចជាតិ

0
47
អភិបាលរង​ខេត្តស្វាយរៀង​លោក ម៉ែន អេង។ រូប៖ រដ្ឋបាលខេត្តស្វាយរៀង
អភិបាលរង​ខេត្តស្វាយរៀង​លោក ម៉ែន អេង។ រូប៖ រដ្ឋបាលខេត្តស្វាយរៀង

អ្នកឃ្លាំមើល​ថា ការ​លើកឡើង​របស់​អភិបាលរង​ខេត្តស្វាយរៀង​លោក ម៉ែន អេង ថា «​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​» ជា​ការ​ការពារ​ក្រុម​ឧក្រិដ្ឋជន និង​លើកទឹកចិត្ត​ក្រុម​ជនល្មើស​ឲ្យ​បន្តសកម្មភាព​ក្នុង​ប្រទេស​កម្ពុជា។

ប្រជាពលរដ្ឋ និង​អ្នក​តាមដាន​សង្គម​ជាច្រើន​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​លើកឡើង​របស់​អភិបាលរង​ខេត្តស្វាយរៀង​លោក ម៉ែន អេង ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​មួយ​ទៀត គឺ លោក អេង រឹទ្ធី ពី​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​នៅ​កម្ពុជា​ថា ជា​ការ​លើកទឹកចិត្ត​ដល់​ក្រុម​ឧក្រិដ្ឋជន គ្មាន​ទំនួល​ខុសត្រូវ និង​បង្ហាញ​ពី​ភាព​គ្មាន​ចំណេះដឹង​របស់​លោក​ក្នុង​ការ​ដឹកនាំ​ប្រទេស​។ ពួកគាត់​ស្នើសុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ស៊ើបអង្កេត​លើ​អភិបាលរង​រូប​នេះ​ជាបន្ទាន់ ដោយ​ពួកគាត់​សង្ស័យ​ថា បុគ្គល​រូប​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គប់គិត និង​ទទួល​ប្រយោជន៍​ពី​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ។

ប្រតិកម្ម​នេះ គឺ​ក្រោយពេល​អភិបាលរង​ខេត្តស្វាយរៀង​លោក ម៉ែន អេង បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មហាផ្ទៃ​ស្ដីពី​វឌ្ឍនភាព​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៦ ថា ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ (Online Scams) ដែល​កំពុង​រីក​សុះសាយ​នៅ​កម្ពុជា មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ជាពិសេស​សេដ្ឋកិច្ច​នៅក្នុង​ខេត្តស្វាយរៀង​។ លោក​អះអាង​ថា ខេត្តស្វាយរៀង​មាន​តំបន់​សេដ្ឋកិច្ច​ចំនួន ១៣ ក្នុង​នោះ តំបន់​សេដ្ឋកិច្ច​ចំនួន ១២ កំពុង​ដំណើរការ​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ក្នុង​១​ឆ្នាំ ៥០០​លាន​ដុល្លារ​សម្រាប់​កម្មករនិយោជិត ដែល​បំរើ​ការ​ក្នុង​វិស័យ​ឧស្សាហកម្ម។ «»

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី លើកឡើង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុកថា ការ​លើកឡើង​របស់​អភិបាលរង​រូប​នេះ ជា​ទស្សនៈ​មួយ​ខុស​ធ្ងន់ធ្ងរ និង​ជា​ការ​បង្កើត​លេស​បិទបាំង​លំហូរ​សាច់ប្រាក់​ងងឹត​ឱ្យ​ឧក្រិដ្ឋជន​។ លោក​ថា ថវិកា​ដែល​បាន​ពី​ការ​ឆបោក និង​ចាប់​ជម្រិត មិនមែន​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​ជា​លុយកខ្វក់​ដែល​ហូរ​ចូល​កាបូប​ក្រុម​ឧក្រិដ្ឋជន​មួយ​ក្តាប់​តូច ហើយ​ថែមទាំង​បំផ្លាញ​ឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា បញ្ហា​ឧក្រិដ្ឋ​កម្ម​នេះ បាន​បំផ្លាញ​វិស័យ​ទេសចរណ៍ បំភិត​ភ័យ​ភ្ញៀវ​បរទេស និង​បណ្ដេញ​វិនិយោគិន​ស្អាតស្អំ​ចេញពី​កម្ពុជា ប៉ះពាល់​កេរ្តិ៍ឈ្មោះ និង​ទំនុកចិត្ត​កម្ពុជា​លើ​ឆាក​អន្តរជាតិ បំផ្លាញ​ដល់​ការ​អភិវឌ្ឍ​វែងឆ្ងាយ និង​បង្ក​ភាព​រញ៉េរញ៉ៃ​ដល់​ស្ថិរភាព​ជាតិ។

លោក សេង វណ្ណ​លី លើកឡើង​ថា ការ​ថ្លែង​របស់​លោក ម៉ែន អេង គឺជា​ការ​បំភាន់​សាធារណមតិ​ឱ្យ​មើល​រំលង​ឫសគល់​នៃ​បញ្ហា និង​ទទួលយក​អំពើ​ល្មើស​ធ្វើជា​ប្រភព​ចំណូល​ធម្មតា។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​ឆ្លើយតប​នឹង​ការ​ស្នើសុំ​របស់​អ្នកឃ្លាំមើល​នោះ​ទេ នៅ​ថ្ងៃទី​១៣ ខែ​សីហា។

បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​នេះ​ជា​រឿង​មួយ​ដែល​ប្រទេស​ធំៗ​ជាច្រើន​កំពុង​យកចិត្តទុកដាក់ ឃ្លាំង​មើល និង​ចាត់វិធានការ​បង្ក្រាប​ជា​បន្តបន្ទាប់​ជាពិសេស​សហរដ្ឋអាមេរិក​ដែល​រង​ការខាតបង់​លុយ​រាប់រ​យ​ពាន់​លាន​ដុល្លារ​។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​កម្ពុជា ក៏បាន​បើក​យុទ្ធនាការ​បង្ក្រាប​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយ​បាន​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជាច្រើន បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ និង​បិទ​ទីតាំង​ឆបោក​អនឡាញ​ទាំងនោះ​ផង​ដែរ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ថ្លែង​ថា ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​រង​ការ​តាមដាន​ពី​ប្រទេស​ធំៗ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​ឆ្លងដែន អភិបាលរង លោក ម៉ែន អេង មិន​គួរ​លើកឡើង​បែបនេះ​ឡើយ​។ លោក​បន្តថា ការ​លើកឡើង​បែបនេះ ជា​ការ​បង្ហាញ​ពី​ភាព​គ្មាន​ចំណេះដឹង​ក្នុងនាម​ជា​មេដឹកនាំ និង​អសមត្ថភាព​របស់​លោក​។ លោក​បន្ត​ថា សេដ្ឋកិច្ច​ដែល​លោក ម៉ែន អេង លើកឡើង​នោះ គឺ​បាន​ផលប្រយោជន៍​តែ​លើ​ក្រុម​មួយ​ក្តាប់​ដែល​គប់គិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ មិនមែន​ប្រជាពលរដ្ឋ​នោះ​ទេ​។ លោក​ថ្លែង​ថា ប្រទេស​ធំៗ ជាច្រើន​កំពុង​ខ្លាចរអា​កម្ពុជា និង​មិន​ហ៊ាន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយសារ​ពួកគេ​ខ្លាច​ការ​ចាប់​ជំរិត និង​បញ្ហា​ឆបោក​អន​ឡាញ​នេះ​។ «»

ទូរទស្សន៍​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​លោក ម៉ែន អេង ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​។

លោក ម៉ែន អេង ត្រូវ​បាន​ពលរដ្ឋ​ស្គាល់ និង​ផ្តល់​រហ័ស​នាម​ឲ្យ​លោក​មួយទៀត​នោះ គឺជា​ស្ថាបនិក​ស្រុក​ខ្មែរ ដែល​ថា «​កម្ពុជា​គ្មាន​វៀតណាម»។

ចំណែក​ពលរដ្ឋ​ក្នុង​បណ្ដាញ​សង្គម ឈ្មោះ គីមឡេង យ៉ា ថា លោក​ទទួល​បាន​បុណ្យ​សក្តិ​ដោយសារ​ការ​និយាយ​បែប​មិន​ចេះ​គិត​បែប​នេះ។

រីឯ​គណនី​ឈ្មោះ សារ៉េម វង់ ថា អភិបាលរង​ខេត្ត​រូប​នេះ ចេះតែ​ធ្វើ​តួ​សម្តែង និង​ពិធីករ​ប៉ុណ្ណោះ ហើយ​លើក​ឲ្យ​លោក​ធ្វើជា​ចៅហ្វាយ​រង​ខេត្ត គឺ​ខុស​ជំនាញ​របស់​លោក ទើប​លោក​និយាយ​ចេញ​មក​បែបនេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ