អ្នកឃ្លាំមើល​រិះគន់​រឿង​ធ្វើ​បង្គោល​ភ្លើង​សូឡា​នៅ​ខេត្ត​កំពង់ឆ្នាំង​ថា ពាក់ព័ន្ធ​អំពើពុករលួយ

0
37
ទិដ្ឋភាពអ្នកសារព័ត៌មាន​បង្ហាញ​​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវលំ​មួយ​ខ្សែ នៅ​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ រូប៖ ប​ណ្ដាញសង្គម
ទិដ្ឋភាពអ្នកសារព័ត៌មាន​បង្ហាញ​​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវលំ​មួយ​ខ្សែ នៅ​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ រូប៖ ប​ណ្ដាញសង្គម

អ្នកឃ្លាំមើល​រិះគន់​មន្ត្រី​មូលដ្ឋាន រឿង​ធ្វើ​បង្គោល​ភ្លើង​សូ​ឡា​១​ដើម​តម្លៃ ៨​លាន​រៀល នៅ​ខេត្ត​កំពង់ឆ្នាំង ថា​មាន​ជាប់​ពាក់ព័ន្ធ អំពើពុករលួយ​ដ៏​រ៉ាំរ៉ៃ ក្នុង​ស្ថាប័នរដ្ឋ​។ ពួកគាត់​ថា​ករណីនេះ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ប៉ុន្តែ ជា​កង្វះខាត​ប្រព័ន្ធ​ត្រួតពិនិត្យ និង​ភាព​ទន់ខ្សោយ​នៃ​គណនេយ្យភាព​ក្នុង​ជួរ​រដ្ឋាភិបាល​។ ការ​លើកឡើង​នេះ​ក្រោយពី​មហាជន​បាន​រិះគន់ ពាក់ព័ន្ធ​ការដំឡើង បង្គោល​ភ្លើង​សូឡា មួយ​ដើម នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែល​មាន​តម្លៃ​ថ្លៃ លើស​ពី​ទីផ្សារ ហើយ​ពលរដ្ឋ​ចោទ​ថា​ នេះ​ជា​កិបកេង​លុយ​រដ្ឋ​របស់​អាជ្ញាធរ​មូលដ្ឋាន។

អ្នកឃ្លាំមើល​ថា ជាច្រើន​ឆ្នាំ​មកនេះ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​ជាតិ តែងតែ​រង​ការរិះគន់​ពី​មហាជន រឿង​មិន​ស្មោះត្រង់​នឹង​គម្រោង​ដេញថ្លៃ ពាក់ព័ន្ធ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន និង​ការដំឡើង​បង្គោល​ភ្លើង​តាម​ដងផ្លូវ​ជាដើម ដែល​គម្រោង​ទាំងនោះ​ចំណាយ​ថវិកាជាតិ​ច្រើន ប៉ុន្តែ គុណភាព​អន់​។ ជាក់ស្ដែង​ថ្មីៗ​នេះ ពលរដ្ឋ​រិះគន់​ខ្លាំង លើ​ការដំឡើង​បង្គោល​ភ្លើង​សូឡា នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែល​មាន​តម្លៃ​ថ្លៃ​ហួសហេតុ ដែល​សង្ស័យ​ថា ជា​ការ​បំប៉ោង​តម្លៃ ដើម្បី​កិបកេង​ថវិកា​ជាតិ។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ ខែ​សីហា​ថា ករណី​ដំឡើង​បង្គោល​ភ្លើង​សូ​ឡា ក្នុង​តម្លៃ​ប្រមាណ ៨​លាន​រៀល​ក្នុង​មួយ​ដើម​នៅ​ខេត្ត​កំពង់ឆ្នាំង គឺជា​ការ​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​ការ​ព្រួយបារម្ភ និង​ភាព​មិន​ទុកចិត្ត​របស់​មហាជន​ចំពោះ​តម្លាភាព​នៃ​ការប្រកួតប្រជែង​តម្លៃ និង​ការប្រើប្រាស់​ថវិការដ្ឋ​។ លោក​បន្ត​ថា នៅ​ពេល​ដែល​តម្លៃ​សម្ភារៈ ឬ​សេវាកម្ម​សាធារណៈ​ហក់​ឡើង​ខ្ពស់​ខុសពី​តម្លៃ​ទីផ្សារ ជា​រឿង​ធម្មតា​ដែល​ពលរដ្ឋ​សង្ស័យ​លើ​ការ​កេង​ចំណេញ ឬ​អំពើពុករលួយ​ជា​ប្រព័ន្ធ។

លោក​បារម្ភ​ថា បញ្ហា​នេះ​មិន​ត្រឹមតែ​ជា​ការ​ខាតបង់​ថវិកាជាតិ​នោះ​ទេ ប៉ុន្តែ​ជា​ការ​បំផ្លាញ​ទំនុកចិត្ត​របស់​ពលរដ្ឋ​ចំពោះ​មន្ត្រី​មូលដ្ឋាន​។ លោក​ផ្ដល់​ជា​ដំណោះស្រាយ​ថា ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវតែ បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ និង​ច្បាស់លាស់​មួយ ដើម្បី​ពិនិត្យមើល​ដំណើរការ​ដេញថ្លៃ​លទ្ធកម្ម​សាធារណៈ សមាសភាព​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​លក្ខណៈ​បច្ចេកទេស​នៃ​បង្គោល​ភ្លើង​ទាំងនោះ ឱ្យ​បាន​ត្រឹមត្រូវ។

លោក​បន្ត​ថា ប្រសិនបើ​លទ្ធផល​ស៊ើបអង្កេត​រក​ឃើញ​ថា មានការ​បំប៉ោង​តម្លៃ ឬ​ឃុបឃិត​គ្នា​កិបកេង​ថវិការដ្ឋ មន្ត្រី​និង​ភាគី​ពាក់ព័ន្ធ ត្រូវតែ​ប្រឈមមុខ​ចំពោះមុខ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ រួម​នឹង​ដកហូត​តំណែង ហើយ​ការ​ប្រមូល​ថវិកា​ដែល​ខាតបង់​ត្រឡប់មកវិញ និង​ការ​ផ្ដន្ទាទោស​តាម​ក្រមព្រហ្មទណ្ឌ​។ លោក​យល់ថា ការ​ធ្វើ​បែបនេះ មិន​ត្រឹមតែ​ផ្អែកលើ​ការ​ចាត់វិធានការ​ក្ដៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បើក​បង្ហាញ​ព័ត៌មាន​ជា​សាធារណៈ ដើម្បី​ឱ្យ​ពលរដ្ឋ​បានដឹង និង​អស់​មន្ទិលសង្ស័យ។

ការ​លើកឡើង​នេះ ក្រោយពី​មាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​បាន​នាំគ្នា​ចែករំលែក​វិក្កយបត្រ​ចំណាយ​លើ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវលំ​មួយ​ខ្សែ នៅ​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ដោយ​សម្ដែង​ការ​ហួសចិត្ត​ជុំវិញ​តម្លៃ បង្គោល​ភ្លើង​សូ​ឡា​១​ដើម ថ្លៃ​ដល់​៨​លាន​រៀល ឬ​ស្មើ​២​ពាន់​ដុល្លារ ដែល​ខុស ទៅ​នឹង​តម្លៃ​ទីផ្សារ ដែល​យ៉ាងហោចណាស់ ត្រឹមតែ​១៥០​ទៅ​២០០​ដុល្លារ​ក្នុង​១​ដើម ។ ក្រោយ​រង​ការរិះគន់​ខ្លាំង មេឃុំ​ទឹក​ហួត លោក ជ័យ ម៉ូត ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា តម្លៃ​នេះ គឺជា​តម្លៃ ដេញថ្លៃ​បាន​ពី​ក្រុមហ៊ុន​ឈ្មោះ​«​ឡាយ ផល្លា​» ព្រោះ​ក្នុងចំណោម​ក្រុមហ៊ុន ដេញថ្លៃ លោ​ក​ថា មានតែ​ក្រុមហ៊ុន​«​ឡាយ ផល្លា​» ឱ្យ​ថោក​ជាងគេ​។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ ទទួល​គម្រោង​ធ្វើ​ផ្លូវ ក្នុង​១​គីឡូម៉ែត្រ​តម្លៃ ២០​លាន​រៀល ដាក់​លូ​មួយ​កន្លែង​១០​ម៉ឺន​រៀល និង ដំឡើង​ភ្លើង សូឡា ១​ដើម ៨​លាន​រៀល លើ​ផ្លូវ​ប្រវែង ៣​ពាន់ ៩២​ម៉ែត្រ។

លោក ជ័យ ម៉ូត៖ «យើង​គិត​តម្លៃ​នៅក្នុង​តម្លៃ​ដែល​គាត់​ដេញ​ហ្នឹងឯង អត់ឱ្យ​លើស អត់ឱ្យ​ខ្វះ អត់​មាន​កោះ​លុប​របស់​គេ​ទេ គឺ​គាត់​ដេញ ៨ លាន យើង​គុណ​៨ លាន គាត់​ដាក់ ២០ លាន​ក្នុង​ផ្លូវ ១​គីឡូម៉ែត្រ យើង​គុណ​២០​លាន​ក្នុង​ផ្លូវ​១ គីឡូម៉ែត្រ​ហ្នឹង​ដូចគ្នា​ហ្នឹង​។ ហើយ​បើ​ក្រុមហ៊ុន​ផ្សេង​យើង​យក​អត់​បាន​ដោយសារ​គេ​ដេញថ្លៃ​ខ្ពស់ៗ»។

ទោះជា​យ៉ាងណា ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​បញ្ជាក់​បន្ថែម​ពី លោក ជ័យ ម៉ូត និង​តំណាង​ក្រុមហ៊ុន​«​ឡាយ ផល្លា​»​ជុំវិញ​រឿង​នេះ បានទេ​នៅ​ថ្ងៃទី​១២ ខែសីហា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល​។ ជុំវិញ​រឿង​នេះ លោ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ដដែល​នេះ ក៏បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ស៊ើបអង្កេត​មើល​ពី​ហេតុផល​ដែល​ធ្វើ​ឱ្យ​តម្លៃ​សូឡា​១​ដើម​ថ្លៃ ដល់​២​ពាន់​ដុល្លារ ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ ក្រោយពី​មាន​ពលរដ្ឋ​វែកញែក​ច្រើន​លើ​ករណីនេះ។

ហ៊ុន ម៉ាណែត៖ «​ប៉ុន្មាន​ថ្ងៃនេះ​ឃើញ​រឿង​ស្អី បង្គោល​ភ្លើង ២០០០ ដុល្លារ​ស្អីៗ​នោះ អាហ្នឹង​ហេតុផល​យ៉ាងម៉េច​? ត្រូវ​មើល​ខេត្ត ត្រូវ​មើល​ពិនិត្យ​មើល​ថា​តើ​មាន​ហេតុផល​យ៉ាងម៉េច ស្អី​យ៉ាងណា​? គាត់​ថា​អាហ្នឹង​គេ​ដាក់​ខ្ពស់​ដើម្បី​ដេញថ្លៃ ប៉ុន្តែ​ទម្លាក់​ថ្លៃ​លូ និង​ថ្លៃ​ផ្លូវ​។ ខ្ញុំ​អត់​ដឹង​ទេ​! ប៉ុន្តែ​ត្រូវ​ពង្រឹង​! ព្រោះ​ឥឡូវ​វិមជ្ឈការ មិនមែន​វិមជ្ឈការ​តែ​សិទ្ធិ​ទេ​… វិមជ្ឈការ​មិនមែន​ថា​វិមជ្ឈការ​សិទ្ធិ​ស្នើ​ទេ វិមជ្ឈការ​ទាំង​សិទ្ធិ​ចាយ​ទៀត​! ការគ្រប់គ្រង​ដើម្បី​ផ្ដល់​ទៅ​ឱ្យ​ថ្នាក់ក្រោម​។ អ៊ីចឹង​សូម​មើល​កិច្ចការ​ទាំងអស់​នេះ ដើម្បី​បង្កើន​នូវ​ទំនុកចិត្ត ហើយ​បាន​ផល​ច្រើន​ទៅដល់​មូលដ្ឋាន ទៅដល់​ប្រជាពលរដ្ឋ​របស់​យើង»។

ពាក់ព័ន្ធ​ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ាណែត នេះ​ដែរ លោក សេង វណ្ណលី យល់ថា ចំពោះ​ការ​ស្នើសុំ​ឱ្យ​មាន​ការស៊ើបអង្កេត​ពី​សំណាក់​លោក ហ៊ុន ម៉ាណែត ជា​ជំហាន​ដ៏​ល្អ ប៉ុន្តែ​មិន​គួរ​ដោះស្រាយ​បញ្ហា​មួយ​ករណី តាម​ការរិះគន់​លើ​បណ្ដាញ​សង្គម​រួច​ក៏​បញ្ចប់​នោះ​ទេ ព្រោះ​ការ​ដោះស្រាយ​តែមួយ​ករណី គឺ​គ្រាន់តែ​ជា​ការ​បិទបាំង​មុខរបួស​បណ្ដោះអាសន្ន ប៉ុន្តែ​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​បន្ត គឺ​ការ​ពិនិត្យ​ឡើង​វិញ លើ​គម្រោង​អភិវឌ្ឍន៍ និង​ការ​ចំណាយ​លទ្ធកម្ម​សាធារណៈ នៅ​គ្រប់​ឃុំ​សង្កាត់ និង​ក្រសួង​ស្ថាប័ន​ទាំងអស់។

លោក​បន្ថែម​ថា ការ​ពង្រឹង​យន្តការ​សវនកម្ម​ផ្ទៃក្នុង ការ​បង្កើន​តម្លាភាព​តាមរយៈ​ការ​បើកចំហ​ទិន្នន័យ​ការ​ដេញថ្លៃ​ជា​សាធារណៈ និង​ការបង្កើត​ប្រព័ន្ធ​រាយការណ៍​សម្ងាត់​អំពី​អំពើពុករលួយ គឺជា​ដំណោះស្រាយ​រចនាសម្ព័ន្ធ​ដ៏​រឹងមាំ ដែល​នឹង​ជួយ​ទប់ស្កាត់ ការ​កេង​ចំណេញ ថវិកាជាតិ​បាន​យូរ​អង្វែង​។ កន្លងទៅ​គេ​សង្កេត​ឃើញថា​វិស័យ​សាធារណៈ រង​ការរិះគន់​ជា​បន្ត​បន្ទាប់ពី​សំណាក់​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ ពាក់ព័ន្ធ ការគ្រប់គ្រង​ថវិកា និង​ការ​ដេញថ្លៃ​គម្រោង​រដ្ឋ ខ្វះ​តម្លាភាព ខណៈ​មន្ត្រី​មួយចំនួន តែងតែ​រង​ការ​ចោទ​ថា កិបកេង​ថវិកាជាតិ ជាពិសេស​គម្រោង​អភិវឌ្ឍន៍ ផ្លូវថ្នល់ ជាដើម ពុំ​សូវ​មាន គុណភាព​នោះ​ទេ ប៉ុន្តែ ការ​ចំណាយ​ថ្លៃ​ខ្ពស់​កប់​ពពក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ