

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានលើកឡើងពីការរីករាយដាលសង្គ្រាមសម័យទំនើបនៅលើពិភពលោក ដែលបង្កឡើងដោយប្រទេសមានសេដ្ឋកិច្ចធំ វាយមកលើប្រទេសមានសេដ្ឋកិច្ចតូច ក្រោមហេតុផលផ្ទុយទៅនឹងច្បាប់អន្តរជាតិ ក្នុងនោះ លោកថា សង្គ្រាម រវាងកម្ពុជា-ថៃ គឺជាសង្គ្រាមបង្ខូចកេរ្តិ៍ឈ្មោះ ពីភាគីថៃ វាយប្រហារលើកម្ពុជា ដោយចោទរឿងឧក្រិដ្ឋកម្មឆបោកអនឡាញ ដើម្បីចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ អ្នកឃ្លាំមើលយល់ថា ការថ្លែងរបស់លោក ហ៊ុន សែន គឺជារឿងល្អ ប៉ុន្តែមិនអាចដាក់សម្ពាធឱ្យភាគីថៃដកទ័ពចេញពីទឹកដីកម្ពុជាវិញនោះទេ ប្រសិនបើកម្ពុជា មិនប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។
១ឆ្នាំហើយ ដែលរបបដឹកនាំឪពុកកូន គឺ លោក ហ៊ុន សែននិង លោក ហ៊ុន ម៉ាណែត បានធ្វើឱ្យទឹកដីខ្មែរ តាមព្រំដែនកម្ពុជា-ថៃ បាត់បង់ អស់ជិត១០០ទីតាំង ខណៈដែលរដ្ឋាភិបាលមិនព្រមពន្លឿនប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ដើម្បីទាមទារយកវិញទេ ប៉ុន្តែបានត្រឹមតែថ្លែងសារ ត្អូញត្អែរនៅចំពោះមុខ មេដឹកនាំអន្តរជាតិ ដើម្បីបង្ហាញឱ្យសាធារណជនឃើញថា រដ្ឋាភិបាល ហាក់យកចិត្តទុកដាក់សម្បើមណាស់ ក្នុងការទទួលខុសត្រូវរឿងបូរណភាពទឹកដី។
ថ្លែងទៅកាន់តំណាងសមាជិកអន្តរសភាដែលមកពីបណ្ដាប្រទេសចំនួន២៥ នៅថ្ងៃទី២៧ ខែសីហា លោក ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា គឺជាមួយប្រទេសតូច ដែលរងការបង្កសង្គ្រាម ចូលកាន់កាប់ទឹកដីដោយខុសច្បាប់ ពីសំណាក់ភាគីថៃ ក្រោមលេសថាវាយកម្ទេចទីតាំងឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញ ដោយលោកចាត់ទង្វើនេះជាអំពើខុសច្បាប់។
លោកប្រឆាំងដាច់ខាតចំពោះការវិវត្តន៍ភូមិសាស្ត្រនយោបាយ ដែលប្រទេសធំរំលោភប្រទេសតូច និងការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ក្រោមហេតុផលផ្សេង ដូចជាបញ្ហាសិទ្ធិមនុស្ស និងបញ្ហាឆបោកតាមអនឡាញ ជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការផ្ទៃក្នុងនៃរដ្ឋនីមួយៗ។ បន្ថែមពីនោះ លោកក៏បានស្នើឱ្យ សមាជិកអន្តសភា គួរតែបង្កើតអ្នកអង្កេតការណ៍សភាអន្តរជាតិដែលមានស្រាប់ ដើម្បីចូលរួមដោះស្រាយ ជម្លោះព្រំដែន រវាងប្រទេស និងប្រទេស។
លោក ហ៊ុន សែន៖ «ការប្រព្រឹត្ត ការអនុវត្ត ច្បាប់ក្រៅដែនអធិបតេយ្យ ចំពោះបទល្មើសឆ្លងដែន ដូចជាការឆបោកអនឡាញ ដើម្បីជាលេសកាន់កាប់ទឹកដីប្រទេសដទៃ ដោយខុសច្បាប់ គឺជាទម្រង់សង្គ្រាមទំនើបមួយ នៅក្នុងយុគសម័យ នេះឯង។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ គឺស្ថិតនៅក្នុងស្ថានភាពនេះឯង តែគេកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំ ដែលគេផ្នែកថា ទឹកដីយើងខ្ញុំខ្លះ គឺជាផ្នែកនៃល្បែងឆបោក»។
ទោះជាយ៉ាងណា នៅក្នុងសន្ទរកថា បើករបស់លោក ហ៊ុន សែន ជិត១ម៉ោង នេះ ហាក់សម្ដីបន្ទោសចំពោះប្រទេសមហាអំណាចដែលកំពុងតែប្រកួតប្រជែងគ្នាតាមរយៈការបង្កសង្គ្រាមប្រដាប់អាវុធ និងសង្គ្រាមសេដ្ឋកិច្ច ជាដើមធ្វើឱ្យពិភពលោកដើរចាក់ចេញឆ្ងាយពីច្បាប់អន្តរជាតិ។ ប៉ុន្តែ ក្នុងសន្ទរកថារបស់ លោក ហ៊ុន សែន ពុំមានបញ្ជាក់ពីយន្តការ និងស្នើឱ្យបណ្ដាប្រទេសជាសមាជិកសភាអន្តរជាតិ ចូលរួមដាក់សម្ពាធ និងរកដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃនោះទេ បើទោះបីជា លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន បញ្ជាក់ថា ភាគីថៃបានបង្កសង្គ្រាម រំលោភដែនអធិបតេយ្យកម្ពុជា ដោយខុសច្បាប់ក្ដី។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ថា ការថ្លែងរបស់លោក ហ៊ុន សែន ទៅកាន់មេដឹកនាំសភាអន្តរជាតិ អាចមានប្រយោជន៍ក្នុងការនាំយកទស្សនៈរបស់កម្ពុជាទៅឱ្យសហគមន៍អន្តរជាតិបានឮ ជាពិសេសការអះអាងថា ថៃបានប្រើបញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងប្រើជាផ្នែកមួយនៃសម្ពាធក្នុងជម្លោះរវាងប្រទេសទាំងពីរ។ ប៉ុន្តែការថ្លែងនៅលើវេទិកាអន្តរជាតិតែមួយមុខ មិនមានអំណាចផ្លូវច្បាប់បង្ខំឱ្យថៃផ្លាស់ប្ដូរសកម្មភាព ឈ្លានពានទឹកដីកម្ពុជា នៅតាមព្រំដែននោះទេ។
លោកបន្តថា សន្និសីទប្រធានអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២៦ ដល់២៨ ខែសីហានេះ គឺផ្ដោតលើការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ដូច្នេះ បើកម្ពុជាចង់ឱ្យសាររបស់ខ្លួនមានទម្ងន់លើសពីសុន្ទរកថានយោបាយ រដ្ឋាភិបាលត្រូវភ្ជាប់ជាមួយភស្តុតាងច្បាស់លាស់ ការទូតជាប្រព័ន្ធ និងយន្តការច្បាប់ដែលមានសមត្ថភាពដោះស្រាយវិវាទ។ បន្ថែមពីលើនោះ លោកថា ការរិះគន់ និងការដាក់សម្ពាធថៃ តាមរយៈវោហារសាស្ត្រនយោបាយ ពីលោក ហ៊ុន សែន អាចជាសម្ពាធនយោបាយបានខ្លះ ប៉ុន្តែមិនគួររំពឹងថា នឹង អាចគ្រប់គ្រាន់នោះទេ បើគ្មានយន្តការផ្លូវច្បាប់អន្តរជាតិបន្ត ដែលធ្វើឱ្យថៃប្រឈមនឹងសម្ពាធនយោបាយ ការទូត ឬច្បាប់ខ្ពស់ជាងមុន នោះនឹងពិបាកបង្ខំឱ្យថៃដកទ័ពពីទឹកដីខ្មែរណាស់។
លោក សេង វណ្ណលី៖ «កម្ពុជាត្រូវធ្វើឱ្យបញ្ហានេះមានឯកសារអន្តរជាតិជាប់លាប់ បង្កើនតួនាទីអ្នកសង្កេតការណ៍អព្យាក្រឹត ប្រើអាស៊ាន និងអង្គការសហប្រជាជាតិឱ្យមានប្រសិទ្ធភាព និងជំរុញផ្លូវច្បាប់នៅកន្លែងដែលមានមូលដ្ឋានអាចធ្វើបាន។ បើមេដឹកនាំកម្ពុជាបន្តនិយាយខ្លាំងនៅលើវេទិកាអន្តរជាតិ ប៉ុន្តែមិនអាចបម្លែងពាក្យទាំងនោះទៅជាយុទ្ធសាស្ត្រច្បាប់ និងការទូតដែលមានលទ្ធផល នោះការរិះគន់ថា រដ្ឋាភិបាលមានតែសំឡេងតវ៉ា ប៉ុន្តែខ្វះមធ្យោបាយទប់ស្កាត់សកម្មភាពរបស់ថៃ នឹងកាន់តែមានទម្ងន់»។
យោធាថៃបានបង្កសង្គ្រាមឈ្លានពានកម្ពុជាចំនួន២លើក នៅក្នុងឆ្នាំ២០២៥ ហើយបានចូលកាន់កាប់ទឹកដីខ្មែរជាច្រើនទីតាំងនៅតាមព្រំដែន ជាពិសេសតំបន់ដែលមាន ជនស៊ីវិលខ្មែររស់នៅ ដូចជាតំបន់បឹងត្រកួន ស្រុកថ្មពួក តំបន់អូស្មាច់ ខេត្តឧត្តរមានជ័យ និងតំបន់អានសេះខេត្តព្រះវិហារ រួមនឹងតំបន់មួយចំនួនទៀត តាមព្រំដែនខេត្តពោធិ៍សាត់ជាដើម ដែលធ្វើឱ្យពលរដ្ឋរាប់ម៉ឺននាក់ បាត់បង់ផ្ទះសម្បែង និងដីស្រែចម្ការរាប់សិបហិកតារ។ ប៉ុន្តែបញ្ហាបូរណភាពទឹកដី និងទុក្ខលំបាករបស់ពលរដ្ឋ រដ្ឋាភិបាលកម្ពុជា ហាក់ពុំសូវយកចិត្តទុកដាក់ ដើម្បីពន្លឿនការប្ដឹងថៃនោះឡើយ ដែលធ្វើឱ្យពលរដ្ឋរងគ្រោះត្រូវបន្តស្នាក់នៅផ្ទះបណ្ដោះអាសន្នដោយក្ដីអស់សង្ឃឹម៕









