អ្នកភូមិ​ព្រៃ​ចាន់ និង​ជោគជ័យ​សោកស្ដាយ​នៅ​ពេល​ឃើញ​អាជ្ញាធរ​ថៃ​បែងចែក​ដីស្រែ​ចម្ការ របស់​ខ្មែរ​ឱ្យ​ប្រជាជន​ថៃ

0
137

អ្នកភូមិ ព្រៃ​ចាន់ និង​ភូមិ ជោគជ័យ ស្រុក​អូរជ្រៅ ដែល​ធ្លាប់​រស់នៅ​អាស្រ័យ​ផល​លើ​ដី​ស្រែក​ចម្ការ និង​ផ្ទះសម្បែង អស់​ជាច្រើន​ទសវត្សរ៍ បាន​បង្ហាញ​អារម្មណ៍​ឈឺចាប់ និង​សោកស្ដាយ​ជា​ខ្លាំង នៅពេល​ឃើញ អាជ្ញាធរ​ថៃ កំពុងតែ​រៀបចំ​ធ្វើ​ប្លង់ដី​ស្រែចម្ការ របស់​ពួកគាត់ ប្រគល់​ឱ្យទៅ​ប្រជាជន​ថៃ កាប់​កាប់ និង​អាស្រ័យ​ផល​។ មន្ត្រី​បក្ស​ប្រឆាំង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន គឺ​មាន​តែ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ប៉ុណ្ណោះ។

ជនភៀសសឹក ជាច្រើន​គ្រួសារ​បន្ត ត្អូញត្អែរ​ពី​ទុក្ខ​លំបាក ក្នុង​ជីវភាព​ហើយ​អ្នក​ខ្លះទៀត នៅ​ពេល​ដែល ឃើញ​អាជ្ញាធរ​ថៃ រៀបចំ​បែងចែក​ដីស្រែ​ចម្ការ​របស់​ពួកគាត់ ដែល​យោធា​ថៃ​កំពុង​កាន់កាប់ ឱ្យទៅ​ប្រជាជន​ថៃ​អាស្រ័យ​ផល គឺ​ធ្វើ​ឱ្យ​ពួកគាត់ ឈឺចាប់​ជា​ខ្លាំង​។ ពួកគាត់​រៀបរាប់​ទាំង​អារម្មណ៍​ឈឺចាប់​ថា ជិត​១​ឆ្នាំ​ហើយ ដែល​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន ខេត្តបន្ទាយមានជ័យ បាន​បាត់បង់​ដី​ស្រែក​ចម្ការ និង​ផ្ទះសម្បែង​។ ក្នុង​នោះ​តំបន់​ដែល​បាត់បង់ ច្រើន​ជាងគេ គឺ​នៅ​ភូមិ​ព្រៃ​ចាន់ ភូមិ​ជោគជ័យ ស្រុក​អូរជ្រៅ និង​ភូមិ​ចំនួន​៤ ក្នុង​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក។

អ្នកភូមិ​ជោគជ័យ លោកស្រី យ៉ូវ វិញ ដែល​បច្ចុប្បន្ន​កំពុងតែ​រស់នៅ​ក្នុង​ផ្ទះ​បណ្ដោះអាសន្ន​ដែល​អាជ្ញាធរ​បាន​រៀបចំ​ឱ្យ​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ដោយ​អារម្មណ៍​ក្ដុកក្ដួល​ថា បច្ចុប្បន្ន​គ្រួសារ​លោកស្រី​ជួប​ការ​លំបាក​ខ្លាំង ដោយសារតែ​ការងារ​ក៏​គ្មាន ហើយ​ចំណូល​ក៏​អត់ ក្រោយពី ទ្រព្យសម្បត្តិ ផ្ទះសម្បែង និង​ស្រែក​ចម្ការ ត្រូវ​បាន​យោធា​ថៃ​បំផ្លាញ​ចោល​អស់ និង​កំពុងតែ​កាន់កាប់​។ លោកស្រី​បន្ត​ថា ថ្មីៗ​នេះ អ្នកភូមិ​ជោគជ័យ​ក៏បាន​ដឹង ថា អាជ្ញាធរ​ថៃ​កំពុងតែ​រៀបចំ​បែងចែក​ដីស្រែ​ចម្ការ​របស់​ពួកគាត់​ឱ្យទៅ​ប្រជាជន​ថៃ ដែល​ធ្វើ​ឱ្យ​លោកស្រី​មាន​អារម្មណ៍​ឈឺចាប់​ជា​ខ្លាំង។

លោកស្រី​បាន​រំលឹក​ថា ថ្វី​ត្បិត​បាន​ចាក​ចេញពី​ភូមិឋាន​កំណើត អស់​ជិត​១​ឆ្នាំ​ហើយ​ក្ដី នៅ​ពេល​មាន ភ្លៀង​ធ្លាក់ រួម​និង​ខ្យល់​កន្ត្រាក់​ម្ដងៗ ហើយ ទឹក​សាច​ហូរ​ចូល​ពេញ​ផ្ទះ​ម្ដងៗ ធ្វើ​ឱ្យ​លោកស្រី​យំ អាណិត​ស្រណោះ​ខ្លួនឯង និង គ្រួសារ​មិន​គួរ​ណា ត្រូវ​ធ្លាក់ខ្លួន​លំបាក ខណៈ​ដីស្រែ​ចម្ការ និង​ផ្ទះសម្បែង​ក៏​មិន​ដឹង​ថា​នឹង ទាមទារ​បាន​មក​វិញ​នៅ​ពេល​ណា​។ បន្ថែម​ពី​នេះ លោកស្រី​រៀបរាប់​ថា សព្វថ្ងៃ ជនភៀសសឹក ប្រឈម​នឹង​ដាច់​ស្បៀង ព្រោះ​ជំនួយ​ក៏​លែង​សូវ មាន​មាន​ទៀត​។ រីឯ ចំពោះ​ដីស្រែ​ចម្ការ វិញ លោកស្រី​ថា​មិនដឹង ត្រូវធ្វើ​បែប​ណា​ដើម្បី​ទាមទារ​ពី​ថៃ​មកវិញ​បាន​នោះ​ទេ មានតែ ស្នើ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​រក​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់។

លោកស្រី យ៉ូវ វិញ៖ «និយាយ​មិន​ឈឺ​ចាប់​ម៉េច គឺ​ត្រូវតែ​ឈឺចាប់​ហើយ​ព្រោះ​ដី​របស់​យើង និង​ផ្ទះ​របស់​យើង​វា​យក​ទៅ​ចែក​ឱ្យ​ប្រជាជន​គេ​។ យើង​អត់​យល់ស្រប យើង​ចូល​ទៅ​អត់​បាន ព្រោះ​វា​ហ៊ុម​បន្លា​លួស អស់ អ៊ីចឹង​ទៅ យើង​ធ្វើ​អី​អត់​ចេញ​។ ផ្ទះ​ពួក​ចែ វា​ហ៊ុម​អស់​អា​លីង អត់​អាច​ចូល​ទៅ​បាន»។

កាល​ពី​ពេល​ថ្មី​នេះ អាជ្ញាធរ​ថៃ បាន​ចុះ​វាស់វែង និង​ចែក​ដី ចំនួន​បី​កន្លែង​នៅក្នុង​ភូមិសាស្ត្រ ភូមិ​ជោគជ័យ និង​ភូមិ ព្រៃ​ចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ដែល​ជាប់​នឹង​ខេត្ត​ស្រះកែវ (Sa Kaeo) ប្រទេស​ថៃ ឱ្យទៅ​ប្រជាជន​ថៃ​។ ភូមិ​ខ្មែរ​ចំនួន​ពី​នេះ បច្ចុប្បន្ន ត្រូវ​បាន​យោធា​ថៃ កំពុង​កាន់កាប់ ក្រោយពី​មាន​បទ​ឈប់​បាញ់ប្រហារ​គ្នា រវាង​កងទ័ព​ខ្មែរ​និង​កងទ័ព​ថៃ កាលពី​ចុងឆ្នាំ​២០២៥​។ បើ​តាម​ប្រភព​សារព័ត៌មាន​ថៃ​ខ្លះ​បង្ហាញថា អាជ្ញាធរ​ថៃ គ្រោង​នឹង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ឬ ធ្វើ​ប្លង់​រឹង ជូន​ដល់​ពលរដ្ឋ​ថៃ ក្រោយពី​ទទួល​បាន​សិទ្ធិ​កម្ម​កាន់កាប់​ដីធ្លី ទំហំ ជាង​៨១​រ៉ៃ​ដែល​ស្មើនឹង​១៣​ហិកតារ នៅ​ភូមិ ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ស្រុក​អូរជ្រៅ។

ជុំវិញ​រឿង​នេះ​ដែរ អ្នកភូមិ​ព្រៃ​ចាន់​ម្នាក់ ដែល​កំពុងតែ​រស់នៅ​ក្នុង​ផ្ទះ​បណ្ដោះអាសន្ន ស្ថិតនៅ​ភូមិ​រង់ចាំ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ដែល​បាន​រៀបរាប់ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ថា លោក ហាក់​គ្មាន​សង្ឃឹម​ថា ភូមិ​​ព្រៃ​ចាន់​ដែល​បាត់បង់​ទឹកដី​ធ្លី និង​ផ្ទះសម្បែង ទាំងអស់ អាច​នឹង​បាន​វិលត្រឡប់​ទៅ​ភូមិកំណើត​វិញ បាន​ដូច​មុន​នោះទេ ខណៈដែល​ភាគី​ថៃ​កំពុងតែ​បម្លែង​ទីតាំង​ទាំងនោះ ឱ្យ​ក្លាយជា​របស់​ថៃ​ជា​អចិន្ត្រយ៍​។ លោក រិះគន់​រដ្ឋាភិបាល​ថា ពុំ​សូវ​អើពើ រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន និង​ទាមទារ​ដីធ្លី ដែល​បាត់បង់ យក​មក​វិញ​នោះ​ទេ ដែល​ធ្វើ​ឱ្យ ពលរដ្ឋ​កាន់តែ​អស់សង្ឃឹម ហើយ​រដ្ឋាភិបាល​បាន​ត្រឹមតែ​ពោល​ពាក្យដោះសា និង​សន្យា​ខ្យល់ ខណៈ​សកម្មភាព​ជាក់ស្ដែង ហាក់​ដើរ​ផ្ទុយ។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី និង​ប្រធាន​អង្គភាព អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូ​ណា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៦ ខែមិថុនា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល។

ប្រមុខ​ដឹកនាំ​ស្ថាប័ន អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់​ថា ការ​ដែល​អាជ្ញាធរ​ថៃ​រៀបចំ​បែងចែក​ដីស្រែ​ចម្ការ​របស់​អ្នកភូមិ ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់​ឱ្យ​ពលរដ្ឋ​ថៃ​នេះ ពុំ​មែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ព្រោះ​ភាគី​ថៃ បាន​ធ្វើ​បែបនេះ មក​លើ​ទឹកដី​ខ្មែរ​ជាច្រើន​ទីតាំង រួច​មក​ហើយ រួម​នឹង​ការប្រកាស​ពី​ការ​កាន់កាប់ និង​គ្រប់គ្រង ប្រាសាទបុរាណ​ខ្មែរ និង​ការសាងសង់ សំណង់​រឹង ជាច្រើន រាប់មិនអស់ លើ​ទឹកដី​ខ្មែរ ជាង​៦០​ទីតាំង​។ លោក​បញ្ជាក់​ថា ភាគី​ថៃ​មិន​ខ្លាចរអា​ក្នុង​ការ​ប្រគល់​ទឹកដី​ខ្មែរ ឱ្យទៅ​ពលរដ្ឋ​ថៃ​នោះ​ទេ ព្រោះ​ពួកគេ​ដឹង​ច្បាស់ ថា រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​» មិនអាច​ធ្វើ​អ្វី​ថៃ​បាន ខណៈ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​បាន​ធ្វើឡើង​កន្លងមក ជាមួយ​ថៃ ក៏​មិនបាន​បញ្ជាក់​ថា កម្ពុជា​មិន​ឱ្យ​ថៃ​ធ្វើ​អី​លើ​ទឹកដី​ទាំង​នោះ​ដែរ ដូច្នេះហើយ កម្ពុជា​គ្មាន​ឥទ្ធិពល​អ្វី​រារាំង​ថៃ​បាន​ទេ។

លោក អ៊ុំ សំអាន៖ «ទាល់​តែ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មាន​វិធានការ​ល្អ​ជាង​ហ្នឹង ទប់ស្កាត់​ការឈ្លានពាន​របស់​ថៃ​សិទ្ធិ​ស្វាយ​ការពារ និង​ធ្វើ​ម៉េច​ប្រញាប់​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​ប្ដឹង​ថា​ទៅកាន់​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​នោះ​ទើប​អាច មាន​សង្ឃឹមថា​ទាមទារ​យក​ទឹកបាន​មកវិញ​។ បើសិនជា​នៅតែ​បន្ត​ធ្វើ​បែបនេះ មិន​អាច​ទាមទារ​ទឹកដី​បាន​មក​វិញ​ទេ»។

បច្ចុប្បន្ន​ទឹកដី​ខ្មែរ​ជាច្រើន​ទីតាំង ដែល​ភាគី​ថៃ​បាន​កាន់កាប់ ដោយ​ខុសច្បាប់ រាប់​តាំងពី​ដែនសមុទ្រ រហូតដល់​ដែន​គោក អស់​រយៈពេល​១​ឆ្នាំ​មកនេះ ភាគី​ថៃ​បាន​បម្លែ​ង ទីតាំង​នោះ ឱ្យ​ក្លាយជា​តំបន់ របស់​យោធា​ថៃ និង​របស់​ប្រទេស​ថៃ ជា​អចិន្ត្រៃយ៍ ដូចជា​ការ​កសាង​មូលដ្ឋាន​កងទ័ព តំបន់​ទី​គោរព​បូជា មាន​ដូចជា ព្រះពុទ្ធ​បដិមា​ជាច្រើន​កន្លែង និង​សាងសង់​ផ្លូវ​បេតុង​ខ្វាត់ខ្វែង នៅតាម​ជូរ​ភ្នំ​ដងរែក តំបន់​បឹង​ត្រកួន​ខេត្តបន្ទាយមានជ័យ និង​តំបន់​ថ្មដា ខេត្តពោធិ៍សាត់ ជាដើម ដើម្បី​ឱ្យ​ងាយស្រួល​ក្នុង​ចល័ត​ទ័ព និង​បើកបរ​រថពាសដែក​។ រីឯ នៅ​តាម​បន្ទាត់​ព្រំដែន​វិញ តំបន់​ខ្លះ​ភាគី​ថៃ​បាន​សាងសង់ របង​បេតុង កម្ពស់​ជិត​៣​ម៉ែត្រ ពង្រាយ​កុងតឺន័រ និង ជីក​ត្រឡាយ ដែល​មាន​ជម្រៅ​ជ្រៅ ដើម្បី​ការពារ​កុំឱ្យ​រថពាសដែក​ឬ រថក្រោះ​ខ្មែរ អាច​ឆ្លងកាត់​បាន។

អ្នកឃ្លាំមើល​រិះគន់​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក ដោយ​រង់​ចាំ​ភាគី​ថៃ​ចូល​តុ​ចរចា មិន​ប្ដឹង​ទៅកាន់​តុលាការអន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទេ កុំ​សង្ឃឹមថា​ភាគី​ថៃ​ខ្លាច​កម្ពុជា និង​នឹង​ប្រគល់​ទឹកដី​ឱ្យ​កម្ពុជា​វិញ​ឱ្យ​សោះ ខណៈ​ដែល ភាគី​ថៃ​កំពុងតែ​បម្លែង​ទឹកដី​ខ្មែរ​ទាំងនោះ​ឱ្យ​ក្លាយជា​តំបន់​ស្របច្បាប់ ហើយ​ពេល​អនាគត ពួកគេ​នឹង​បើក​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ទៅ​លែង​កម្សាន្ត បាន​គ្រប់​ទីកន្លែង ស្រប​ពេល​ដែល​តំបន់​ខ្លះ ដូចជា​ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តាមាន់ធំ និង​ភ្នំ​៣៥០ ជាដើម ថៃ​បាន​បើក​ឱ្យ​ភ្ញៀវ​ទៅ​កម្សាន្ត​រួច​មក​ហើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ