

អ្នកឃ្លាំមើលថា ការដែលរដ្ឋាភិបាល មិនបើកការស៊ើបអង្កេត ចាប់ខ្លួនមន្ត្រីនិងឧកញ៉ាមួយចំនួន ពាក់ព័ន្ធ ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ យកមកផ្ដន្ទាទោស ឱ្យបានត្រឹមត្រូវគឺឆ្លុះបញ្ចាំង ឱ្យឃើញថា ប្រព័ន្ធដឹកនាំរដ្ឋ ពោរពេញដោយអំពើពុករលួយធ្ងន់ធ្ងរ។ ការលើកឡើងនេះ ក្រោយពីសារព័ត៌មានអន្តរជាតិ របស់ចក្រភពអង់គ្លេស បានរកឃើញភស្តុតាងជាថ្មី នៅក្នុងអគាររបស់ អ្នកមានអំណាចម្នាក់គឺឧកញ៉ា លឹម ហេង ក្នុងតំបន់អូរស្មាច់ ជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញ និងអំពើជួញមនុស្សដោយខុសច្បាប់។
អ្នកឃ្លាំមើលលើកឡើងថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ លំដាប់អន្តរជាតិ ដែលស្ថាប័នសារព័ត៌មានអន្តរជាតិ រួមនឹង ស្ថាប័នស៊ើបអង្កេតមួយចំនួន ដូចជាសហរដ្ឋអាមេរិក ជាដើម បានចង្អុលបង្ហាញយ៉ាងច្បាស់ថា មានជាប់ពាក់ព័ន្ធនឹង មន្ត្រី រដ្ឋាភិបាល និងឧកញ៉ា មួយចំនួន នៅកម្ពុជា នៅតែ ជាបញ្ហា ដ៏ធំ ដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនទាន់បានបើកស៊ើបអង្កេត និងចាប់ខ្លួនអ្នកទាំងនោះ មកផ្ដន្ទាទោសនោះទេ។ពួកគាត់ថា ករណីនេះ ជាការបរាជ័យដ៏ធំនៃការបោសសម្អាត ឧក្រិដ្ឋឆបោកតាមអនឡាញ នៅកម្ពុជា របស់លោក ហ៊ុន ម៉ាណែត។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៦ ខែកក្កដាថា កាលណារដ្ឋាភិបាលមិនចាត់វិធានការផ្លូវច្បាប់ឱ្យបានត្រឹមត្រូវមកលើមន្ត្រីរដ្ឋាភិបាល និងឧកញ៉ាមួយចំនួន ដែលសហគមន៍អន្តរជាតិរកឃើញថា មានជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ គឺជាការបង្ហាញឱ្យឃើញអំពីវប្បធម៌និទ្ទណ្ឌភាព និង ភាពគ្មានការខ្មាសអៀនរបស់មេដឹកនាំនៅកម្ពុជា។
លោកថាថ្មីៗនេះ សារព័ត៌មានReutersបានរកឃើញទីតាំងឆបោកតាមអនឡាញ និងកិច្ចសន្យាជួលអគារយ៉ាងច្បាស់លាស់ ពាក់ព័ន្ធអ្នកមានអំណាច និងឧកញ៉ា នៅកម្ពុជា ដែលបានជួលអគារឱ្យក្រុមឆបោកតាមអនឡាញ នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលករណីនេះលោកថា ជារឿងពិតជាក់ស្ដែង មិនអាចកែប្រែបាននោះទេ។
លោកថា ការដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជ្រើសរើសរក្សាភាពស្ងៀមស្ងាត់ និងមិនព្រមចាត់វិធានការណាមួយ លើបុគ្គលដែលមានអំណាច និងឧកញ៉ាទាំងនេះ បានធ្វើឱ្យការប្រកាសក្ដែងៗ របស់លោក ហ៊ុន ម៉ាណែត អំពីយុទ្ធនាការ បោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញ បានក្លាយជាការភូតភរដ៏ធំមួយ និងគ្រាន់តែជារូបភាពសម្ដែងបង្គ្រប់កិច្ច ដើម្បីបោកប្រាស់ភ្នែកសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។
លោកជឿជាក់ថា រដ្ឋាភិបាលត្រកូល«ហ៊ុន» គ្មានសមត្ថភាព ក្នុងការលុបបំបាត់ឧស្សាហកម្មខុសច្បាប់ទាំងនេះបានឡើយ ដរាបណា ឧកញ៉ា ដែលជារបងការពារអំណាចនយោបាយ និងជាប្រភពលុយកខ្វក់ នៅតែ ត្រូវបានការពារយ៉ាងក្រាស់ក្រែលបែបនេះ។ លោកបន្តថា ការរក្សាភាពស្ងៀមស្ងាត់ និងការព្រងើយកន្តើយរបស់រដ្ឋាភិបាល ចំពោះការរកឃើញជាបន្តបន្ទាប់របស់ស្ថាប័នអន្តរជាតិ ឬក៏បណ្ដាញសារព័ត៌មានអន្តរជាតិ មិនត្រឹមតែបង្ហាញអំពីអសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ វាថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រព័ន្ធដឹកនាំរដ្ឋ បានធ្លាក់ដុនដាបទៅជារដ្ឋម៉ាហ្វៀ (Mafia State) ឬជាប្រព័ន្ធអភិបាលកិច្ចពុករលួយដ៏ពិបាកនឹងកែប្រែ។
រីឯប្រព័ន្ធច្បាប់វិញ លោកថា ត្រូវបានបក្សកាន់អំណាច ប្រើប្រាស់ជាឧបករណ៍ដើម្បីតែការពារបក្ខពួកខ្លួនឯង និង ដើម្បីរឹតត្បិត ការបញ្ចេញមតិ ឬការលាតត្រដាងផ្សេងៗរបស់ អ្នកដែលបារម្ភអំពីកេរ្តិ៍ឈ្មោះ ប្រទេសជាតិ។ លោកបារម្ភថា វិបត្តិដ៏រ៉ាំរ៉ៃទាំងនេះបានធ្វើឱ្យស្ថាប័នអនុវត្តច្បាប់ នៅក្នុងស្រុក បាត់បង់តម្លៃទាំងស្រុង ដោយងាកមកបំពេញតួនាទីត្រឹមតែជាខែលការពារក្រុមឧក្រិដ្ឋជនឆ្លងដែន និងបំបិទមាត់អ្នករិះគន់ក្នុងស្រុកមិនឱ្យនិយាយស្ដី។
ទន្ទឹមគ្នានោះ លោកថា ភាពទន់ខ្សោយ និងអំពើពុករលួយជាប្រព័ន្ធ បានក្លាយជាអន្ទាក់អសន្តិសុខដ៏គ្រោះថ្នាក់បំផុត ដែលធ្វើឱ្យកម្ពុជាបាត់បង់ ប្រៀបការទូត នៅលើឆាកអន្តរជាតិ ហើយកាន់តែបង្កលេស ស្របច្បាប់ដល់ប្រទេសថៃ ក្នុងការឈ្លានពាន និងរំលោភបំពានលើដែនអធិបតេយ្យ របស់កម្ពុជានៅតាមព្រំដែន ដែលរហូតដល់ពេលនេះ ក្រោមរូបភាពនៃការចូលមកកម្ទេចសំបុកឧក្រិដ្ឋកម្មឆ្លងដែន ដែលកម្ពុជាបានលាក់បាំង។
លោក សេង វណ្ណលី៖ «ខ្ញុំយល់ថា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបន្តរក្សាភាពស្ងៀមស្ងាត់ ឬក៏បដិសេធមិនចាត់វិធានការលើបុគ្គលដែលត្រូវបានអន្តរជាតិរកឃើញ ជាពិសេសជាប់ពាក់ព័ន្ធនឹងឧស្សាហកម្មឆបោក និងការលាងលុយកខ្វក់ ខ្ញុំគិតថានឹងធ្វើឱ្យកម្ពុជា មិនត្រឹមតែខូចកេរ្តិ៍ឈ្មោះទេ ប៉ុន្តែបូរាណភាពទឹកដី និងឯករាជ្យភាពជាតិរបស់កម្ពុជានឹងត្រូវរលាយបន្តិចម្ដងៗ ហើយនឹងរុញច្រានកម្ពុជាឱ្យធ្លាក់ទៅក្នុងភាពឯកោ ដាច់ឆ្ងាយពីពិភពលោកទាំងស្រុងជាមិនខាន»។
ការលើកឡើងនេះក្រោយពីសារព័ត៌មាន អន្តរជាតិរបស់ចក្រភពអង់គ្លេសដ៏ល្បី គឺ Reuters បានចុះផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ដោយរកឃើញថា មានកាស៊ីណូឈ្មោះ រ៉ូយ៉ាល់ ហៀល (The Royal Hill )នៅតំបន់ ច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ថាជាទីតាំងប្រព្រឹត្តឧក្រិដ្ឋកម្មឆបោក តាមអនឡាញដ៏ធំមួយ ដែលមានជាប់ពាក់ព័ន្ធនឹងឧកញ៉ាមានអំណាច ម្នាក់នៅកម្ពុជា នោះគឺអ្នកឧកញ៉ា លឹម ហេង ជាម្ចាស់ក្រុមហ៊ុន Lim Heng Group ដែលបានជួលឲ្យជនជាតិចិន យកធ្វើជាទីតាំងប្រតិបត្តិការ ឆបោកតាមអនឡាញ និងការជួញដូរមនុស្ស។
ក្នុងនោះទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) បានរកឃើញភស្តុតាងជាក់ស្ដែងនៅក្នុងអគារកាស៊ីណូ ដូចជា កិច្ចសន្យាជួលអគារចំនួនបីក្នុងតម្លៃ ២សែន(២០០.០០០) ដុល្លារក្នុងមួយខែ ដែលចុះហត្ថលេខា ដោយបុគ្គលិករបស់ក្រុមហ៊ុនកាស៊ីណូ Royal Hill ព្រមទាំងការរកឃើញបន្ទប់ដែលត្រូវបានកែច្នៃធ្វើជាប៉ុស្តិ៍ប៉ូលិស និងការិយាល័យធនាគារក្លែងក្លាយ ដើម្បីធ្វើប្រតិបត្តិការ បោកប្រាស់ មនុស្ស នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាសារព័ត៌មានរ៉យទ័រ បានបញ្ជាក់ថា មិនឃើញ មានភស្តុតាង ដែលបង្ហាញថា ក្រុមហ៊ុន Lim Heng Group របស់អ្នកឧកញ៉ា លឹម ហេង ជាប់ពាក់ព័ន្ធដោយផ្ទាល់លើឧក្រិដ្ឋកម្មឆបោកតាមអនឡាញនោះទេ។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទង តំណាងក្រុមហ៊ុន Lim Heng Group និង អ្នកឧកញ៉ា លឹម ហេង ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៦ ខែកក្កដា។
បច្ចុប្បន្នទីតាំង កាស៊ីណូឈ្មោះ រ៉ូយ៉ាល់ ហៀល (The Royal Hill ) របស់ក្រុមហ៊ុន Lim Heng Groupនេះ ត្រូវបានភាគីថៃ ចូលកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ ក្រោយពីយោធាថៃ បានបង្កសង្គ្រាមឈ្លានពាន យកទឹកដីខ្មែរ។ ទីតាំង ជាប់ព្រំដែនថៃមួយនេះ តែងឃើញមាន អ្នកសារព័ត៌មានថៃ និងបរទេស ចូលទៅក្នុងបរិវេណកាស៊ីណូ និងអគារជាច្រើនទៀតនៅតំបន់នោះ ដើម្បីផ្ដិតរូបភាព និងរាយការណ៍អំពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលធ្វើឡើងតាមការសម្របសម្រួលពីអាជ្ញាធរថៃ ក្នុងគោលដៅវាយប្រហារមកលើភាគីកម្ពុជា។
ទោះជាបែបនេះក្ដី អ្នកឃ្លាំមើល លើកឡើងថា សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នេះ ជាសក្ខីកម្មជាក់ស្ដែង ដែលលោក ហ៊ុន ម៉ាណែត មិនគួរមើលរំលង ឬធ្វើមិនដឹងមិនឮបាននោះទេ ប៉ុន្តែ ត្រូវតែ បើកការស៊ើបអង្កេត នឹងចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះបុគ្គលដែល បានបានរកឃើញពាក់ព័ន្ធ ក្នុងឧក្រិដ្ឋកម្ម ឆបោកនេះ។
ក្រៅតែពីឧកញ៉ា លឹម ហេង ម្ចាស់ក្រុមហ៊ុន លឹម ហេង ក្រុប ក៏មានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀត ដូចជាសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត និងសមាជិកព្រឹទ្ធសភា លោក កុក អាន របស់គណបក្សប្រជាជនកម្ពុជា រួមនឹងក្មួយបង្កើតរបស់ លោក ហ៊ុន សែន គឺ លោក ហ៊ុន តូ ជាដើម ក៏សុទ្ធសឹងតែ ត្រូវបានស្ថាប័នអន្តរជាតិរកឃើញថា មានជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញ់ ដ៏ធំនៅកម្ពុជា។ ជាមួយគ្នានោះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិ រាប់លាន់ដុល្លារ លើកអ្នកទាំងនោះ ក្រោយពីឃើញថា ជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ និងអំពើជួញដូរមនុស្សខុសច្បាប់នៅកម្ពុជា។
កាលពីថ្ងៃទី២៧ ខែមិថុនា លោក ហ៊ុន ម៉ាណែត អះអាងថា កន្លងមកនេះប្រទេសកម្ពុជាបានរងការវាយប្រហារយ៉ាងខ្លាំង ថា ជាកន្លែងដែលឧក្រិដ្ឋជនឆបោកតាមអនឡាញ រស់នៅដោយសុខសាន្ត ក៏ប៉ុន្តែ លោកថា បច្ចុប្បន្ននេះ មាន សារព័ត៌មានជាច្រើនលើសលប់ បានងាកមកសរសើរកម្ពុជាវិញ ក្រោយពីកម្ពុជាបានបើកប្រតិបត្តិការ បង្ក្រាបឧក្រិដ្ឋជន ដោយជោគជ័យ ហើយក៏ មានបណ្ដាប្រទេសមួយចំនួន បានស្នើឱ្យកម្ពុជា ចែករំលែក បទពិសោធន៍ ផងដែរ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលថា បច្ចុប្បន្នក្រុមឧក្រិដ្ឋជន ឆបោកតាមអនឡាញ នៅតែបន្តប្រតិកម្មការដដែល គ្រាន់តែ ដូរវិធីសាស្ត្រថ្មីប៉ុណ្ណោះ។ ពួកគាត់ថា កម្ពុជាគ្មានថ្ងៃអាចបោសសម្អាត ឧក្រិដ្ឋជនឆបោក ឱ្យអស់ពីកម្ពុជា ដូចការអះអាងរបស់ លោក ហ៊ុន ម៉ាណែត នោះទេ ដរាបណា មេខ្លោងធំៗ និងអ្នកមានលុយអំណាច មួយចំនួន ដែលជាប់ពាក់ព័ន្ធ ដែលកំពុងតែនៅយ៉ាងជិតស្និត ជាមួយនឹងរដ្ឋាភិបាល មិនទាន់ត្រូវបានចាប់មកផ្ដន្ទាទោសចំពោះមុខច្បាប់៕









