

សកម្មជនបរិស្ថាន និងសហគមន៍ព្រៃឡង់ បានឃាត់រថយន្ត១គ្រឿង និងជនល្មើស ៣នាក់ដែលកំពុងលើកឈើខុសច្បាប់ត្រៀមដឹកចេញពីតំបន់ព្រៃឡង់ នៅយប់ថ្ងៃទី២៦ កក្កដា។ ពួកគាត់អះអាងថា ជនល្មើសដែលជាម្ចាស់ឈើ និងឡាននោះជាសាច់ញាតរបស់មន្ត្រីបរិស្ថានខេត្តព្រះវិហារ និងទទូចស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ចាត់វិធានការចំពោះករណីជួញដូរឈើខុសច្បាប់នេះផ្ទាល់។
សកម្មជនបរិស្ថាន និងបណ្ដាញសហគមន៍ព្រៃឡង់ បានស្ទាក់ចាប់រថយន្តធំដឹកឈើមួយគ្រឿង គ្មានស្លាកលេខ មានផ្ទុកឈើបន្ទះជាច្រើន និងមាននៅលើដីចម្ការជាច្រើនម៉ែត្រគីបទៀត ក្នុងអំឡុងពេលពួកគាត់ចុះល្បាតព្រៃឈើនៅតំបន់ព្រៃឡង់ ស្ថិតនៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។
នៅក្នុងវីដេអូឃ្លីបជាង២៧នាទី ដែលបង្ហោះលើទំព័រហ្វេសប៊ុកសកម្មជនការពារព្រៃឈើលោក ម៉ា ចិត្រា បង្ហាញឲ្យឃើញថា លោក និងបណ្ដាញសហគមន៍ព្រៃឡង់ បានឃាត់ជនល្មើស២រូបជាអ្នកដឹកជញ្ជូន ហើយម្នាក់ទៀតជាម្ចាស់ឈើ និងជាម្ចាស់រថយន្តនោះ មកសួរនាំពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ប៉ុន្តែម្ចាស់រថយន្តនោះបានប្រកែកថា គឺជាអ្នកដឹកជញ្ជូនឈើ មិនមែនជាម្ចាស់ឡាន និងបានប្រើកាយវិការមិនសមរម្យ ដោយកាន់ដំបងធំ១ បំណងប្រើអំពើហិង្សាលើសកម្មជនបរិស្ថាន និងបណ្ដាញសហគមន៍ព្រៃឡង់ផងដែរ។
នៅអំឡុងពេលចុះល្បាត និងឃាត់រថយន្តនោះ សកម្មជនបរិស្ថានលោក ម៉ា ចិត្រា បានទំនាក់ទំនងទៅមន្ត្រីឧទ្យានុរក្សខេត្តព្រះវិហារ លោក យ៉ាន សុផាន់ណា ដើម្បីឲ្យចុះចាត់វិធានការភ្លាមៗចំពោះជនល្មើសនៅកន្លែងកើតហេតុ ប៉ុន្តែលោក យ៉ាន សុផាន់ណា អះអាងថា ខ្លួនកំពុងដាក់ច្បាប់សម្រាក មិនមានមន្ត្រីប្រចាំការ និងចុះត្រួតពិនិត្យផ្ទាល់ឡើយ។
ជនល្មើស និងអ្នកដឹកជញ្ជូន២រូបទៀត បានទម្លាក់ឈើទាំងនោះចុះពីលើរថយន្តទាំងអស់ និងបានជិះរត់គេចខ្លួនបាត់។ តាមការបញ្ជាក់ក្នុងវីដេអូឃ្លីប ប្រជាពលរដ្ឋ បានប្រាប់ក្រុមសកម្មជនព្រៃឈើថា បទល្មើសដឹកជញ្ជូនឈើខុសច្បាប់នេះបានកើតឡើងស្ទើររាល់ថ្ងៃ ប៉ុន្តែពុំមានមន្ត្រីបរិស្ថាន ឬអាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាបឡើយ។
នៅថ្ងៃទៅ ២៧ ខែកក្កដានេះ បណ្ដាញសហគមន៍ព្រៃឡង់ កំពុងដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលឃុំធ្មា ដើម្បីឲ្យចាត់វិធានការលើជនល្មើស ដែលមានបំណងប្រើអំពើហិង្សាលើសកម្មជន និងបណ្ដាញសហគមន៍ព្រៃឡង់។
សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា ប្រាប់ទូរទស្សន៍អាស៊ីសេរីឲ្យដឹងថា បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់នេះ អាចបណ្តាលមកពីការកាងឥទ្ធិពលពីមន្ត្រីបរិស្ថានផ្ទាល់ ដោយសារជនល្មើស ជាបងប្អូនរបស់មន្ត្រីបរិស្ថានក្នុងតំបន់។ លោកបារម្ភថា ព្រៃឈើនៅតំបន់ព្រៃឡង់នេះបន្តហិនហោច ដោយសារតែការឃុបឃិតរបស់មន្ត្រីមូលដ្ឋានក្នុងការជួញដូរឈើខុសច្បាប់។ លោកបន្តថា កន្លងមកលោកបានជូនដំណឹងអំពីបទល្មើសនៃការកាប់បំផ្លាញ់ព្រៃឈើទៅមន្ត្រីឧទ្យានុរក្ស ប៉ុន្តែមន្ត្រីទាំងនោះតែងយកលេស និងប្រើហេតុផលមិនចុះបង្ក្រាបបទល្មើសផ្ទាល់ឡើយ។
លោកទទូចឲ្យក្រសួងពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ចាត់វិធានការឲ្យបានតឹងរ៉ឹងលើមន្ត្រីពាក់ព័ន្ធដែលបានគប់គិតគ្នាជាមួយឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើ។
លោក ម៉ា ចិត្រា៖ «ក្នុងករណីនេះខ្ញុំជម្រាបបន្ថែមដែរ មិនមែនខាងខ្ញុំអនុញ្ញាតឲ្យគាត់ទៅទេ ប៉ុន្តែពួកខ្ញុំមិនឃាត់ដោយសារអីដោយសារតែយើងបារម្ភពីសុវត្ថិភាព។ ពេលដែលខ្ញុំទៅនឹងខ្ញុំប្រុងទៅឈរមុខឡានហើយ ប៉ុន្តែខ្ញុំមើលអ្នកកាប់ឈើហ្នឹងវាកំរោលចូលពេក អញ្ចឹងខ្ញុំមិនអាចយកជីវិតខ្ញុំទៅប្រថុយនឹងបុគ្គលដែលគេហៅថា ល្មើសច្បាប់អញ្ចឹងបានទេហោចណាស់ខ្ញុំមានរូបថតគាត់ ដើម្បីទុកជាភស្តុតាងបង្ហាញថា គាត់នេះពិតជាអ្នកបើកឡានហ្នឹងមែន ហើយក៏មិនមែនអ្នកណាផ្សេងដែរ»។
បណ្ដាញសហគមន៍ព្រៃឡង់បានបញ្ជាក់ថា ប្រភេទឈើដែលឃាត់បាននោះ ជាប្រភេទឈើបន្ទះ ២៥សមx២សមx៤ម ចំនួនសរុប ២៨៣សន្លឹកស្មើនឹង ៥.៦ម៉ែត្រគូប ហើយម្ចាស់ឈើនិងម្ចាស់រថយន្តដឹកឈើ មានឈ្មោះ យ៉ាន ថា រស់នៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ លោក ឃុត សឿម ថ្លែងថា លោកខកចិត្តដែលមន្ត្រីឧទ្យានុរក្សខេត្តព្រះវិហារ មិនយកចិត្តទុកដាក់ និងមិនសហការចំពោះសកម្មភាពបង្ក្រាបបទល្មើសជួយដូរឈើខុសច្បាប់នេះ។ លោកយល់ថា ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន គួរផ្លាស់ប្ដូរមន្ត្រីនៅមូលដ្នានចេញ ដោយសារមន្ត្រីទាំងនោះ អសកម្មចំពោះកិច្ចការរបស់ខ្លួន បណ្ដោយឲ្យជនល្មើសកាប់បំផ្លាញ និងជួញដូរតាមទំនើងចិត្ត។
លោក ឃុត សឿម៖ «ដូចជាអត់យល់ដែរហេតុអីបានជាពួកខ្ញុំទើបតែចុះទៅហើយគាត់ថា អត់មានកម្លាំងហើយស្រាប់តែមួយម៉ោងក្រោយមកហ្នឹងគឺគាត់ក៏បានផុសដែរ ផុសដែរហើយចំនួនឈើហ្នឹងក៏ខុសគ្នាឆ្ងាយដែរ។ ខ្ញុំគិតថា វាគឺជារឿងមួយដែលអឺអាថ៌កំបាំងហាស៎! ខ្ញុំជាបណ្ដាញសហគមន៍ព្រៃឡង់កំពុងតែជួយមន្ត្រីយ៉ាងខ្លាំងទាក់ទងការទប់ស្កាត់បទល្មើស ដល់ពេល យើងសង្ឃឹមថា ពួកគាត់នឹងមានកិច្ចសហការអន្តរាគមន៍ពីគ្នាគាត់ដើម្បីជួយយើង តែអ្វីដែលជាក់ស្តែងគឺអឺខុសពីការពិតហាស៎ វាខុសពីអ្វីដែលយើងរំពឹងទុកបាទ វាគឺជាការដែលសោកស្តាយមែនទែនសម្រាប់ខ្ញុំបាទ»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា និងមន្ត្រីបរិស្ថានខេត្តព្រះវិហារ ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី២៧ ខែកក្កដា។
ទោះជាយ៉ាងណា ក្រសួងបរិស្ថាន បានបង្ហោះលើគេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៧ កក្កដាថា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ ប្រចាំស្នាក់ការស្រែវាល បានដកហូតឈើលេខ២ ប្រភេទក្តារឈើទាល ប្រវែង៤ម៉ែត្រ ចំនួន ៥០សន្លឹកប៉ុណ្ណោះ ឬស្មើនឹង១ម៉ែត្រគីប យកមករក្សាទុក។
គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ខែកក្កដា ឆ្នាំ ២០២៦សកម្មជនបរិស្ថាន និងបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារបានចុះល្បាតរយ:ពេល៣យប់៤ថ្ងៃ ដោយបានរកឃើញបទល្មើសចំនួន៥ទីតាំង ជនល្មើស៦នាក់ ឧបករណ៍សម្រាប់កាប់ឈើដូចជា រណាយន្តចំនួន ២គ្រឿង គោយន្តចំនួន ៣គ្រឿង ឈើក្តារអារជ្រៀករួចចំនួន២១១សន្លឹក និងឈើសសរចំនួន៤ដើម សរុបស្មើ នឹង៦.៤ម៉ែត្រគូប(ម3) គល់ឈើកាត់រួចចំនួន ២១គល់ ប្រភេទឈើទាល កកោះ ផ្ដៀក និងដូងចែមជាដើម។
នៅព្រឹកថ្ងៃទី២៧ កក្កដានេះ ពួកគាត់បានប្រគល់ម៉ាស៊ីនរណារយន្តចំនួនពីរគ្រឿង ជូនមន្ត្រីបរិស្ថានប្រចាំស្នាក់ការស្រែវាល ស្ថិតនៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន វិញផងដែរ៕









