សកម្មជន​បរិស្ថាន និង​សហគមន៍​ស្ទាក់​ចាប់​រថយន្ត​១​គ្រឿង​កំពុង​ត្រៀម​ដឹកឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ឡង់

0
36
សកម្មភាពបណ្តាញសហគមន៌ ព្រៃឡង់ខេត្តព្រះវិហារ ប្រទះឃើញ​បទល្មើសព្រៃឈើ ពេលចុះល្បាតរយ:ពេល៣យប់៤ថ្ងៃ ដោយគិត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ខែកក្កដា ឆ្នាំ ២០២៦។ រូប៖ ហ្វេសប៊ុក ព្រៃឡង់ - Prey Lang
សកម្មភាពបណ្តាញសហគមន៌ ព្រៃឡង់ខេត្តព្រះវិហារប្រទះឃើញ​បទល្មើសព្រៃឈើ ពេលចុះល្បាតរយ:ពេល៣យប់៤ថ្ងៃ ដោយគិត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ខែកក្កដា ឆ្នាំ ២០២៦។ រូប៖ ហ្វេសប៊ុក ព្រៃឡង់ – Prey Lang

សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃ​ឡង់ បាន​ឃាត់​រថយន្ត​១​គ្រឿង និង​ជនល្មើស ៣​នាក់​ដែល​កំពុង​លើក​ឈើ​ខុសច្បាប់​ត្រៀម​ដឹក​ចេញពី​តំបន់​ព្រៃ​ឡង់ នៅ​យប់​ថ្ងៃទី​២៦ កក្កដា​។ ពួកគាត់​អះអាង​ថា ជនល្មើស​ដែល​ជា​ម្ចាស់​ឈើ និង​ឡាន​នោះ​ជា​សាច់​ញាត​របស់​មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ និង​ទទូច​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក អ៊ាង សុផល្លែត ចាត់វិធានការ​ចំពោះ​ករណី​ជួញដូរ​ឈើ​ខុសច្បាប់​នេះ​ផ្ទាល់។

សកម្មជន​បរិស្ថាន និង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​ស្ទាក់​ចាប់​រថយន្ត​ធំ​ដឹកឈើ​មួយ​គ្រឿង គ្មាន​ស្លាក​លេខ មាន​ផ្ទុក​ឈើ​បន្ទះ​ជាច្រើន និង​មាននៅ​លើ​ដី​ចម្ការ​ជាច្រើន​ម៉ែត្រ​គីប​ទៀត ក្នុងអំឡុងពេល​ពួកគាត់​ចុះ​ល្បាត​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ ស្ថិតនៅ​ភូមិ​ភ្ញាក់​រលឹក ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ។

នៅក្នុង​វីដេអូ​ឃ្លីប​ជាង​២៧​នាទី ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​សកម្មជន​ការពារ​ព្រៃឈើ​លោក ម៉ា ចិត្រា បង្ហាញ​ឲ្យ​ឃើញថា លោក និង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​ឃាត់​ជនល្មើស​២​រូប​ជា​អ្នក​ដឹកជញ្ជូន ហើយ​ម្នាក់ទៀត​ជា​ម្ចាស់​ឈើ និង​ជា​ម្ចាស់​រថយន្ត​នោះ មក​សួរនាំ​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ប៉ុន្តែ​ម្ចាស់​រថយន្ត​នោះ​បាន​ប្រកែក​ថា គឺជា​អ្នក​ដឹកជញ្ជូន​ឈើ មិនមែន​ជា​ម្ចាស់​ឡាន និង​បាន​ប្រើ​កាយវិការ​មិន​សមរម្យ ដោយ​កាន់ដំបង​ធំ​១ បំណង​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​បរិស្ថាន និង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ផង​ដែរ។

នៅ​អំឡុង​ពេល​ចុះ​ល្បាត និង​ឃាត់​រថយន្ត​នោះ សកម្មជន​បរិស្ថាន​លោក ម៉ា ចិត្រា បាន​ទំនាក់ទំនង​ទៅ​មន្ត្រី​ឧទ្យានុរក្ស​ខេត្តព្រះវិហារ លោក យ៉ាន សុផាន់ណា ដើម្បី​ឲ្យ​ចុះ​ចាត់វិធានការ​ភ្លាមៗ​ចំពោះ​ជនល្មើស​នៅ​កន្លែង​កើត​ហេតុ ប៉ុន្តែ​លោក យ៉ាន សុផាន់ណា អះអាង​ថា ខ្លួន​កំពុង​ដាក់​ច្បាប់​សម្រាក មិន​មាន​មន្ត្រី​ប្រចាំការ និង​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​ឡើយ។

ជនល្មើស និង​អ្នក​ដឹកជញ្ជូន​២​រូប​ទៀត បាន​ទម្លាក់​ឈើ​ទាំងនោះ​ចុះ​ពីលើ​រថយន្ត​ទាំងអស់ និង​បាន​ជិះ​រត់​គេច​ខ្លួន​បាត់​។ តាម​ការ​បញ្ជាក់​ក្នុង​វីដេអូ​ឃ្លី​ប ប្រជាពលរដ្ឋ បាន​ប្រាប់​ក្រុម​សកម្មជន​ព្រៃឈើ​ថា បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ​បាន​កើតឡើង​ស្ទើរ​រាល់ថ្ងៃ ប៉ុន្តែ​ពុំ​មាន​មន្ត្រី​បរិស្ថាន ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​បង្ក្រាប​ឡើយ។

នៅ​ថ្ងៃ​ទៅ ២៧ ខែកក្កដា​នេះ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ កំពុង​ដាក់ពាក្យ​បណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ធ្មា ដើម្បី​ឲ្យ​ចាត់វិធានការ​លើ​ជនល្មើស ដែល​មាន​បំណង​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន និង​បណ្ដាញ​សហគមន៍​ព្រៃឡង់។

សកម្មជន​បរិស្ថាន និង​សិទ្ធិ​មនុស្ស លោក ម៉ា ចិត្រា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ឲ្យ​ដឹង​ថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​នេះ អាច​បណ្តាល​មក​ពី​ការ​កាង​ឥទ្ធិពល​ពី​មន្ត្រី​បរិស្ថាន​ផ្ទាល់ ដោយសារ​ជនល្មើស ជា​បងប្អូន​របស់​មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​។ លោក​បារម្ភ​ថា ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​នេះ​បន្ត​ហិនហោច ដោយសារតែ​ការ​ឃុបឃិត​របស់​មន្ត្រី​មូលដ្ឋាន​ក្នុង​ការ​ជួញដូរ​ឈើ​ខុសច្បាប់​។ លោក​បន្ត​ថា កន្លងមក​លោក​បាន​ជូនដំណឹង​អំពី​បទល្មើស​នៃ​ការ​កាប់បំផ្លាញ់​ព្រៃឈើ​ទៅ​មន្ត្រី​ឧទ្យានុរក្ស ប៉ុន្តែ​មន្ត្រី​ទាំងនោះ​តែង​យក​លេស និង​ប្រើ​ហេតុផល​មិន​ចុះ​បង្ក្រាប​បទល្មើស​ផ្ទាល់​ឡើយ។

លោក​ទទូច​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​លើ​មន្ត្រី​ពាក់ព័ន្ធ​ដែល​បាន​គប់គិត​គ្នា​ជាមួយ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ។

លោក ម៉ា ចិត្រា៖ «ក្នុង​ករណី​នេះ​ខ្ញុំ​ជម្រាប​បន្ថែម​ដែរ មិនមែន​ខាង​ខ្ញុំ​អនុញ្ញាត​ឲ្យ​គាត់​ទៅ​ទេ ប៉ុន្តែ​ពួក​ខ្ញុំ​មិន​ឃាត់​ដោយសារ​អី​ដោយសារតែ​យើង​បារម្ភ​ពី​សុវត្ថិភាព​។ ពេល​ដែល​ខ្ញុំ​ទៅ​នឹង​ខ្ញុំ​ប្រុង​ទៅ​ឈរ​មុខ​ឡាន​ហើយ ប៉ុន្តែ​ខ្ញុំ​មើល​អ្នក​កាប់​ឈើ​ហ្នឹង​វា​កំរោលចូល​ពេក អញ្ចឹង​ខ្ញុំ​មិនអាច​យក​ជីវិត​ខ្ញុំ​ទៅ​ប្រថុយ​នឹង​បុគ្គល​ដែល​គេ​ហៅថា ល្មើសច្បាប់​អញ្ចឹង​បានទេ​ហោច​ណាស់​ខ្ញុំ​មាន​រូបថត​គាត់ ដើម្បី​ទុកជា​ភស្តុតាង​បង្ហាញថា គាត់​នេះ​ពិតជា​អ្នក​បើកឡាន​ហ្នឹង​មែន ហើយក៏​មិនមែន​អ្នកណា​ផ្សេង​ដែរ»។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បាន​បញ្ជាក់​ថា ប្រភេទ​ឈើ​ដែល​ឃាត់​បាន​នោះ ជា​ប្រភេទ​ឈើ​បន្ទះ ២៥​សម​x២​សម​x៤​ម ចំនួន​សរុប ២៨៣​សន្លឹក​ស្មើនឹង ៥.៦​ម៉ែត្រគូប ហើយ​ម្ចាស់​ឈើ​និង​ម្ចាស់​រថយន្ត​ដឹកឈើ មានឈ្មោះ យ៉ាន ថា រស់នៅ​ភូមិ​ភ្ញាក់​រលឹក ឃុំ​ធ្មា ស្រុក​ជ័យសែន។

សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ លោក ឃុត សឿម ថ្លែង​ថា លោក​ខកចិត្ត​ដែល​មន្ត្រី​ឧទ្យានុរក្ស​ខេត្តព្រះវិហារ មិន​យកចិត្តទុកដាក់ និង​មិន​សហការ​ចំពោះ​សកម្មភាព​បង្ក្រាប​បទល្មើស​ជួយ​ដូរ​ឈើ​ខុសច្បាប់​នេះ​។ លោក​យល់ថា ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួងបរិស្ថាន គួរ​ផ្លាស់ប្ដូរ​មន្ត្រី​នៅ​មូលដ្នាន​ចេញ ដោយសារ​មន្ត្រី​ទាំងនោះ អសកម្ម​ចំពោះ​កិច្ចការ​របស់​ខ្លួន បណ្ដោយ​ឲ្យ​ជនល្មើស​កាប់​បំផ្លាញ និង​ជួញដូរ​តាម​ទំនើងចិត្ត។

លោក ឃុត សឿម៖ «ដូចជា​អត់​យល់​ដែរ​ហេតុ​អី​បានជា​ពួក​ខ្ញុំ​ទើបតែ​ចុះទៅ​ហើយ​គាត់​ថា អត់​មាន​កម្លាំង​ហើយ​ស្រាប់​តែមួយ​ម៉ោង​ក្រោយមក​ហ្នឹង​គឺ​គាត់​ក៏បាន​ផុស​ដែរ ផុស​ដែរ​ហើយ​ចំនួន​ឈើ​ហ្នឹង​ក៏​ខុសគ្នា​ឆ្ងាយ​ដែរ​។ ខ្ញុំ​គិតថា វា​គឺជា​រឿង​មួយ​ដែល​អឺ​អាថ៌កំបាំង​ហាស៎​! ខ្ញុំ​ជា​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​កំពុងតែ​ជួយ​មន្ត្រី​យ៉ាង​ខ្លាំង​ទាក់ទង​ការទប់ស្កាត់​បទល្មើស ដល់ពេល យើង​សង្ឃឹមថា ពួកគាត់​នឹង​មាន​កិច្ចសហការ​អន្តរាគមន៍​ពី​គ្នា​គាត់​ដើម្បី​ជួយ​យើង តែ​អ្វី​ដែល​ជាក់ស្តែង​គឺ​អឺ​ខុសពី​ការពិត​ហាស៎ វា​ខុសពី​អ្វី​ដែល​យើង​រំពឹង​ទុក​បាទ វា​គឺជា​ការដែល​សោកស្តាយ​មែនទែន​សម្រាប់​ខ្ញុំបាទ»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា និង​មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ ដើម្បី​សុំ​ការ​ឆ្លើយ​តប​បានទេ នៅ​ថ្ងៃទី​២៧ ខែកក្កដា​។​

ទោះជា​យ៉ាងណា ក្រសួង​បរិស្ថាន បាន​បង្ហោះ​លើ​គេហទំព័រ​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃទី​២៧ កក្កដា​ថា មន្ត្រី​ឧទ្យានុរក្ស​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ប្រចាំ​ស្នាក់​ការ​ស្រែ​វាល បាន​ដកហូត​ឈើ​លេខ​២ ប្រភេទ​ក្តារ​ឈើទាល ប្រវែង​៤​ម៉ែត្រ ចំនួន ៥០​សន្លឹក​ប៉ុណ្ណោះ ឬ​ស្មើនឹង​១​ម៉ែត្រ​គីប យក​មក​រក្សាទុក។

គិត​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧​ខែកក្កដា ឆ្នាំ ២០២៦​សកម្មជន​បរិស្ថាន និង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្តព្រះវិហារ​បាន​ចុះ​ល្បាត​រយ​:​ពេល​៣​យប់​៤​ថ្ងៃ ដោយ​បាន​រក​ឃើញ​បទល្មើស​ចំនួន​៥​ទីតាំង ជនល្មើស​៦​នាក់ ឧបករណ៍​សម្រាប់​កាប់​ឈើ​ដូចជា រណា​យន្ត​ចំនួន ២​គ្រឿង គោយន្ត​ចំនួន ៣​គ្រឿង ឈើ​ក្តារ​អារ​ជ្រៀក​រួច​ចំនួន​២១១​សន្លឹក និង​ឈើ​សសរ​ចំនួន​៤​ដើម សរុប​ស្មើ នឹង​៦.៤​ម៉ែត្រគូប​(​ម​3) គល់ឈើ​កាត់​រួច​ចំនួន ២១​គល់ ប្រភេទ​ឈើទាល កកោះ ផ្ដៀក និង​ដូងចែម​ជាដើម។

នៅ​ព្រឹក​ថ្ងៃទី​២៧ កក្កដា​នេះ ពួកគាត់​បាន​ប្រគល់​ម៉ាស៊ីន​រណារ​យន្ត​ចំនួន​ពីរ​គ្រឿង ជូន​មន្ត្រី​បរិស្ថាន​ប្រចាំ​ស្នាក់​ការ​ស្រែ​វាល ស្ថិតនៅ​ភូមិ​ស្រែ​វាល ឃុំ​ធ្មា ស្រុក​ជ័យ​សែន វិញ​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ