

ប្រមុខស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា គ្រោងធ្វើដំណើរទៅទីក្រុងឡាអេ ប្រទេសហូឡង់ នៅចុងខែសីហានេះ ដើម្បីជួបរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងដាក់ឯកសារ និងភស្តុតាងបន្ថែមពាក់ព័ន្ធនឹងបណ្តឹងដែលប្តឹងមេដឹកនាំថៃ និងមេយោធាថៃ ពីបទឧក្រិដ្ឋកម្មសង្គ្រាម កាលពីខែកុម្ភៈ ឆ្នាំ២០២៦។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោកនឹងធ្វើដំណើរទៅទីក្រុងឡាអេ ប្រទេសហូឡង់ នៅចុងខែសីហានេះ ប៉ុន្តែលោកមិនចង់បង្ហាញកាលបរិច្ឆេទជាក់លាក់នៃការជួបជាមួយរដ្ឋអាជ្ញា ICC ទេ ដោយសារបារម្ភថា អាចមានការព្យាយាមរារាំងដំណើរការក្រុមការងាររបស់លោក ពីសំណាក់មន្ត្រីរបស់លោក ហ៊ុន ម៉ាណែត។
លោក អ៊ុំ សំអាន បន្ថែមថា កិច្ចប្រជុំនេះមានគោលបំណងបន្ថែមព័ត៌មាន និងភស្តុតាងទៅលើសំណុំរឿងដែលក្រុមរបស់លោកបានដាក់ជូន ICC កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ ភស្តុតាងដែលគ្រោងដាក់បន្ថែមរួមមានការចោទប្រកាន់អំពីការប្រើប្រាស់គ្រាប់បែកចង្កោម និងសារធាតុពុល ព្រមទាំងរបាយការណ៍របស់អង្គការលីកាដូការដែលបានលើកឡើងពីវាយប្រហារលើតំបន់ស៊ីវិលក្នុងអំឡុងជម្លោះកម្ពុជា-ថៃ មានជាង ៦០០ ខ្នងផ្ទះនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន។ ក្រុមរបស់លោក ក៏នឹងរាយការណ៍អំពីរបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដែលនិយាយថា ប្រជាពលរដ្ឋខ្មែរ ជនភៀសសឹកជាង ២ម៉ឺននាក់ មិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញ។
លោក អ៊ុំ សំអាន បាននិយាយថា លោកសង្ឃឹមថា បេសកកម្មទៅ ICC នឹងនាំឱ្យមានការស៊ើបអង្កេត និងការទទួលខុសត្រូវចំពោះអ្នកដែលពាក់ព័ន្ធនឹងការវាយប្រហារលើប្រជាពលរដ្ឋកម្ពុជា។ លោកក៏បានសម្ដែងក្តីសង្ឃឹមថា ដំណើរការនៅ ICC នឹងអាចនាំទៅរកការផ្តល់សំណងដល់ជនរងគ្រោះ ជាពិសេសប្រជាពលរដ្ឋដែលត្រូវបានបង្ខំឱ្យភៀសខ្លួនពីលំនៅឋានរបស់ពួកគេ។
លោក អ៊ុំ សំអាន៖ «យើងសង្ឃឹមថា បេសកកម្មនេះនឹងទទួលបានជោគជ័យ និងផ្លែផ្កា ហើយបន្ទាប់ពីជួបរដ្ឋអាជ្ញា ICC ហើយ យើងសង្ឃឹមថា អគ្គរដ្ឋអាជ្ញា ICC នឹងបើកការស៊ើបអង្កេត ហើយនឹងចោទប្រកាន់ ទៅលើមេដឹកនាំថៃ មេយោធាថៃ ហើយនឹងចេញដីកាចាប់ខ្លួន មេដឹកនាំថៃ និងមេយោធាថៃ មកកាត់ទោសនៅតុលាការ ICC។ ហើយសង្ឃឹមថានឹងទទួលបានសំណងទៅដល់ជនរងគ្រោះកម្ពុជា ជាពិសេសគឺសំណងទៅដល់ប្រជាពលរដ្ឋខ្មែរដែលជាជនភៀសសឹកនៅភូមិរង់ចាំផងដែរណា»។
ការលើកឡើងរបស់លោក អ៊ុំ សំអាន កើតឡើងស្របពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) បានរាយការណ៍អំពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសចេញពីតំបន់ព្រំដែន។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់ទស្សនកិច្ច លោកបានឱ្យដឹងថា លោកបានចុះទៅកាន់មជ្ឈមណ្ឌលស្នាក់នៅបណ្ដោះអាសន្ន និងបានជួបគ្រួសារជាច្រើនដែលបានរត់គេចពីការប្រយុទ្ធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ លោក បានស្តាប់រឿងរ៉ាវរបស់ពួកគេ អំពីអ្វីដែលបានកើតឡើង ការបាត់បង់ផ្ទះសម្បែង ការបំផ្លាញភូមិឋាន និងការមិនអាចវិលត្រឡប់ទៅផ្ទះវិញបាន។ លោកក៏បានឃើញផ្ទះ និងហាងដែលមានស្នាមគ្រាប់កាំភ្លើង ព្រមទាំងរបងលួសបន្លា និងកុងតឺន័ររបស់យោធាថៃ ដែលត្រូវបានប្រើជាឧបសគ្គរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរមួយចំនួន។
ចំណែកអង្គការលីកាដូបានបង្ហាញការវិភាគរូបភាពផ្កាយរណប ដែលបង្ហាញពីការបំផ្លាញផ្ទះ និងសំណង់ស៊ីវិលនៅតំបន់មួយចំនួនតាមបណ្តោយព្រំដែន ដូចជា ភូមិជោគជ័យ មានផ្ទះ និងសំណង់ប្រមាណ ២៧០ខ្នង ត្រូវបានបំផ្លាញ ភូមិបឹងត្រកួន មានប្រមាណ ២៩៩ខ្នង និងភូមិព្រៃចាន់ មានប្រមាណ ៥៨ខ្នង។ សរុបមានផ្ទះ និងសំណង់ស៊ីវិលប្រមាណ ៦២៧ខ្នង ដែលបានរងនូវការបំផ្លាញ បន្ទាប់ពីកម្ពុជា-ថៃមានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥។
មកទល់ពេលនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានត្រឹមតែបង្ហាញជំហរចង់ដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី និងតែងចេញលិខិតតវ៉ាទៅកាន់ភាគីថៃ ដែលកំពុងបន្តឈ្លានពានប្រទេសកម្ពុជាជាបន្តបន្ទាប់ ដូចជាការរាយបន្លាលួស តួកុងតឺន័រ សាងសង់ផ្លូវ សាងសង់របងជាឯកតោភាគី ចែកដីរបស់ខ្មែរឲ្យពលរដ្ឋថៃកាន់កាប់ ការអភិវឌ្ឍជម្លោះឲ្យទៅជាតំបន់ទេសចរណ៍ និងចុងក្រោយនេះ យោធាថៃ បានសាងសង់លេណដ្ឋានយោធាថ្មីនៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា និងផែនការពង្រីកបណ្ដាញអគ្គិសនីរបស់ថៃទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ ៣៥០ជាដើម។ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបាននាំយកបញ្ហានេះទៅកាន់តុលាការអន្តរជាតិ និងស្ថាប័នអន្តរជាតិធំៗឡើយ។
ជុំវិញបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ដំណើររបស់តំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា ទៅកាន់ទីក្រុងឡាអេ ដើម្បីដាក់ភស្តុតាងបន្ថែមទៅ ICC គឺជាសក្ខីភាពមួយទៀតដែលស្តែងឱ្យឃើញពីភាពបរាជ័យ និងការអសកម្មរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាពជាតិ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ហើយបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ខ្វះឆន្ទៈនយោបាយពិតប្រាកដ និងមិនហ៊ានប្រើប្រាស់យន្តការច្បាប់អន្តរជាតិដើម្បីតតាំង និងទាមទារសិទ្ធិស្របច្បាប់ជូនជាតិ និងរាស្ត្រនោះទេ។
លោក សេង វណ្ណលី បន្ថែមថា ការដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជៀសវាងមិនព្រមដាក់ពាក្យប្តឹង ឬប្រកាន់ជំហររឹងមាំនៅលើឆាកអន្តរជាតិ អាចបណ្តាលមកពីការបារម្ភពីផលប៉ះពាល់ដល់ផលប្រយោជន៍នយោបាយផ្ទៃក្នុង និងការរក្សាអំណាចក្រុមគ្រួសារ ជាជាងផលប្រយោជន៍ជាតិជាធំ។ លោកថា ការជ្រើសរើសយកការស្ងៀមស្ងាត់ ឬការដោះស្រាយបែបបិទបាំង និងទន់ជ្រាយ បានស្តែងឱ្យឃើញថា របៀបដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នៅតែបន្តដើរតាមគន្លងចាស់ដែលអសមត្ថភាពក្នុងការឆ្លើយតបទៅនឹងការរំលោភបំពាន។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា បាននិយាយថា ខ្លួនបានដាក់បណ្តឹងទៅ ICC កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយចោទប្រកាន់មេដឹកនាំថៃ និងមេដឹកនាំយោធាថៃពាក់ព័ន្ធនឹងអ្វីដែលខ្លួនចាត់ទុកថាជាបទឧក្រិដ្ឋកម្មសង្គ្រាម។ ក្នុងការចោទប្រកាន់របស់ខ្លួន បានលើកឡើងពីការវាយប្រហារលើគោលដៅស៊ីវិល រួមមានលំនៅឋាន សាលារៀន មន្ទីរពេទ្យ និងទីតាំងបុរាណ ព្រមទាំងការប្រើប្រាស់អាវុធដែលខ្លួនអះអាងថា ត្រូវបានហាមឃាត់ដោយច្បាប់អន្តរជាតិ។
អ្នកឃ្លាំមើលសង្គមអះអាងថា ការបន្តដាក់ភស្តុតាងនៅ ICC អាចជួយទាក់ទាញការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិមកលើបញ្ហាទំនាស់ព្រំដែន។ សកម្មភាពនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រនយោបាយដើម្បីបង្ហាញជូនសាធារណជននូវការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិផងដែរ៕









