តំណាង​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​គ្រោង​ជួប​រដ្ឋអាជ្ញា ICC នៅ​ឡាអេ ដើម្បី​ដាក់​ភស្តុតាង​បន្ថែម​ពាក់ព័ន្ធ​ជម្លោះ​កម្ពុជា​-​ថៃ

0
23
ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន។ Photo Courtesy of RFA
ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន។ Photo Courtesy of RFA

ប្រមុខ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា គ្រោង​ធ្វើដំណើរ​ទៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ នៅ​ចុងខែ​សីហា​នេះ ដើម្បី​ជួប​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) និង​ដាក់​ឯកសារ និង​ភស្តុតាង​បន្ថែម​ពាក់ព័ន្ធ​នឹង​បណ្តឹង​ដែល​ប្តឹង​មេដឹកនាំ​ថៃ និង​មេ​យោធា​ថៃ ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៦។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ នៅ​ចុងខែ​សីហា​នេះ ប៉ុន្តែ​លោក​មិន​ចង់​បង្ហាញ​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការ​ជួប​ជាមួយ​រដ្ឋអាជ្ញា ICC ទេ ដោយសារ​បារម្ភ​ថា អាច​មាន​ការ​ព្យាយាម​រារាំង​ដំណើរការ​ក្រុមការងារ​របស់​លោក ពី​សំណាក់​មន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត។

លោក អ៊ុំ សំអាន បន្ថែម​ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង​បន្ថែម​ព័ត៌មាន និង​ភស្តុតាង​ទៅលើ​សំណុំរឿង​ដែល​ក្រុម​របស់​លោក​បាន​ដាក់​ជូន ICC កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៦​។ ភស្តុតាង​ដែល​គ្រោង​ដាក់​បន្ថែម​រួមមាន​ការចោទប្រកាន់​អំពី​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម និង​សារធាតុពុល ព្រមទាំង​របាយការណ៍​របស់​អង្គការ​លីកាដូ​ការដែល​បាន​លើកឡើង​ពី​វាយប្រហារ​លើ​តំបន់​ស៊ីវិល​ក្នុង​អំឡុង​ជម្លោះ​កម្ពុជា​-​ថៃ មាន​ជាង ៦០០ ខ្នង​ផ្ទះ​នៅ​ភូមិ​ជោគជ័យ ភូមិ​ព្រៃ​ចាន់ និង​បឹង​ត្រកួន​។ ក្រុម​របស់​លោក ក៏​នឹង​រាយការណ៍​អំពី​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ដែល​និយាយ​ថា ប្រជាពលរដ្ឋ​ខ្មែរ ជនភៀសសឹក​ជាង ២​ម៉ឺន​នាក់ មិនទាន់​អាច​ត្រឡប់​ទៅកាន់​ផ្ទះសម្បែង​របស់​ពួកគាត់​វិញ។

លោក អ៊ុំ សំអាន បាន​និយាយ​ថា លោក​សង្ឃឹមថា បេសកកម្ម​ទៅ ICC នឹង​នាំ​ឱ្យ​មាន​ការស៊ើបអង្កេត និង​ការទទួលខុសត្រូវ​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​។ លោក​ក៏បាន​សម្ដែង​ក្តី​សង្ឃឹមថា ដំណើរការ​នៅ ICC នឹង​អាច​នាំទៅរក​ការ​ផ្តល់​សំណង​ដល់​ជនរងគ្រោះ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ភៀសខ្លួន​ពី​លំនៅឋាន​របស់​ពួកគេ។

លោក អ៊ុំ សំអាន៖ «យើង​សង្ឃឹមថា បេសកកម្ម​នេះ​នឹង​ទទួល​បាន​ជោគជ័យ និង​ផ្លែផ្កា ហើយ​បន្ទាប់ពី​ជួប​រដ្ឋអាជ្ញា ICC ហើយ យើង​សង្ឃឹមថា អគ្គ​រដ្ឋអាជ្ញា ICC នឹង​បើក​ការស៊ើបអង្កេត ហើយនឹង​ចោទប្រកាន់ ទៅលើ​មេដឹកនាំ​ថៃ មេ​យោធា​ថៃ ហើយនឹង​ចេញ​ដីកាចាប់ខ្លួន មេដឹកនាំ​ថៃ និង​មេ​យោធា​ថៃ មក​កាត់ទោស​នៅ​តុលាការ ICC​។ ហើយ​សង្ឃឹមថានឹង​ទទួល​បាន​សំណង​ទៅដល់​ជនរងគ្រោះ​កម្ពុជា ជាពិសេស​គឺ​សំណង​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ជនភៀសសឹក​នៅ​ភូមិ​រង់ចាំ​ផង​ដែរ​ណា»។

ការ​លើកឡើង​របស់​លោក អ៊ុំ សំអាន កើតឡើង​ស្របពេល​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) បាន​រាយការណ៍​អំពី​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញពី​តំបន់​ព្រំដែន។

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច លោក​បាន​ឱ្យ​ដឹង​ថា លោក​បាន​ចុះទៅ​កាន់​មជ្ឈមណ្ឌល​ស្នាក់នៅ​បណ្ដោះអាសន្ន និង​បាន​ជួប​គ្រួសារ​ជាច្រើន​ដែល​បាន​រត់គេច​ពី​ការ​ប្រយុទ្ធ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ លោក បាន​ស្តាប់​រឿងរ៉ាវ​របស់​ពួកគេ អំពី​អ្វី​ដែល​បាន​កើត​ឡើង ការបាត់បង់​ផ្ទះសម្បែង ការបំផ្លាញ​ភូមិឋាន និង​ការ​មិន​អាច​វិលត្រឡប់​ទៅផ្ទះ​វិញ​បាន​។ លោក​ក៏បាន​ឃើញ​ផ្ទះ និង​ហាង​ដែល​មាន​ស្នាម​គ្រាប់កាំភ្លើង ព្រមទាំង​របង​លួស​បន្លា និង​កុងតឺន័រ​របស់​យោធា​ថៃ ដែល​ត្រូវ​បាន​ប្រើ​ជា​ឧបសគ្គ​រារាំង​ការ​វិល​ត្រឡប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន។

ចំណែក​អង្គការ​លីកាដូ​បាន​បង្ហាញ​ការវិភាគ​រូបភាព​ផ្កាយរណប ដែល​បង្ហាញ​ពី​ការបំផ្លាញ​ផ្ទះ និង​សំណង់​ស៊ីវិល​នៅ​តំបន់​មួយចំនួន​តាម​បណ្តោយ​ព្រំដែន ដូចជា ភូមិ​ជោគជ័យ មានផ្ទះ និង​សំណង់​ប្រមាណ ២៧០​ខ្នង ត្រូវ​បាន​បំផ្លាញ ភូមិ​បឹង​ត្រកួន មាន​ប្រមាណ ២៩៩​ខ្នង និង​ភូមិ​ព្រៃ​ចាន់ មាន​ប្រមាណ ៥៨​ខ្នង​។ សរុប​មានផ្ទះ និង​សំណង់​ស៊ីវិល​ប្រមាណ ៦២៧​ខ្នង ដែល​បាន​រង​នូវ​ការបំផ្លាញ បន្ទាប់ពី​កម្ពុជា​-​ថៃ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់ កាលពី​ខែធ្នូ ឆ្នាំ​២០២៥។

មកទល់ពេលនេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែ​ត បាន​ត្រឹមតែ​បង្ហាញ​ជំហរ​ចង់​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ​ដោយ​សន្តិវិធី និង​តែង​ចេញ​លិខិតតវ៉ា​ទៅកាន់​ភាគី​ថៃ ដែល​កំពុង​បន្ត​ឈ្លានពាន​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ដូចជា​ការ​រាយ​បន្លា​លួស តួ​កុងតឺន័រ សាងសង់​ផ្លូវ សាងសង់​របង​ជា​ឯកតោភាគី ចែក​ដី​របស់​ខ្មែរ​ឲ្យ​ពលរដ្ឋ​ថៃ​កាន់កាប់ ការ​អភិវឌ្ឍ​ជម្លោះ​ឲ្យ​ទៅជា​តំបន់​ទេសចរណ៍ និង​ចុង​ក្រោយនេះ យោធា​ថៃ បាន​សាងសង់​លេណដ្ឋាន​យោធា​ថ្មី​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ថ្មដា និង​ផែនការ​ពង្រីក​បណ្ដាញ​អគ្គិសនី​របស់​ថៃ​ទៅកាន់​តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ ៣៥០​ជាដើម​។ ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត មិនបាន​នាំ​យក​បញ្ហា​នេះ​ទៅកាន់​តុលាការអន្តរជាតិ និង​ស្ថាប័ន​អន្តរជាតិ​ធំៗ​ឡើយ។

ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ដំណើរ​របស់​តំណាង​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា ទៅកាន់​ទីក្រុង​ឡាអេ ដើម្បី​ដាក់​ភស្តុតាង​បន្ថែម​ទៅ ICC គឺជា​សក្ខីភាព​មួយទៀត​ដែល​ស្តែង​ឱ្យ​ឃើញ​ពី​ភាព​បរាជ័យ និង​ការ​អសកម្ម​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ និង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។ ហើយ​បង្ហាញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ខ្វះ​ឆន្ទៈ​នយោបាយ​ពិតប្រាកដ និង​មិន​ហ៊ាន​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​ដើម្បី​តតាំង និង​ទាមទារ​សិទ្ធិ​ស្របច្បាប់​ជូន​ជាតិ និង​រាស្ត្រ​នោះ​ទេ។

លោក សេង វណ្ណលី បន្ថែម​ថា ការដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជៀសវាង​មិន​ព្រម​ដាក់ពាក្យ​ប្តឹង ឬ​ប្រកាន់​ជំហរ​រឹងមាំ​នៅ​លើ​ឆាក​អន្តរជាតិ អាច​បណ្តាល​មកពី​ការ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ផលប្រយោជន៍​នយោបាយ​ផ្ទៃក្នុង និង​ការ​រក្សា​អំណាច​ក្រុម​គ្រួសារ ជាជាង​ផលប្រយោជន៍​ជាតិ​ជាធំ​។ លោក​ថា ការ​ជ្រើសរើស​យក​ការ​ស្ងៀមស្ងាត់ ឬ​ការ​ដោះស្រាយ​បែប​បិទបាំង និង​ទន់ជ្រាយ បាន​ស្តែង​ឱ្យ​ឃើញ​ថា របៀប​ដឹកនាំ​របស់​លោក ហ៊ុន ម៉ា​ណែ​ត នៅតែ​បន្ត​ដើរ​តាម​គន្លង​ចាស់​ដែល​អសមត្ថភាព​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រំលោភបំពាន។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា បាន​និយាយ​ថា ខ្លួន​បាន​ដាក់​បណ្តឹង​ទៅ ICC កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​ចោទប្រកាន់​មេដឹកនាំ​ថៃ និង​មេដឹកនាំ​យោធា​ថៃ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ខ្លួន​ចាត់ទុកថា​ជា​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ ក្នុង​ការ​ចោទ​ប្រកាន់​របស់​ខ្លួន បាន​លើកឡើង​ពី​ការវាយប្រហារ​លើ​គោលដៅ​ស៊ីវិល រួមមាន​លំនៅឋាន សាលារៀន មន្ទីរពេទ្យ និង​ទីតាំង​បុរាណ ព្រមទាំង​ការប្រើប្រាស់​អាវុធ​ដែល​ខ្លួន​អះអាង​ថា ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​អន្តរជាតិ។

អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ការ​បន្ត​ដាក់​ភស្តុតាង​នៅ ICC អាច​ជួយ​ទាក់ទាញ​ការ​យកចិត្តទុកដាក់​ពី​សហគមន៍​អន្តរជាតិ​មក​លើ​បញ្ហា​ទំនាស់​ព្រំដែន​។ សកម្មភាព​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នយោបាយ​ដើម្បី​បង្ហាញ​ជូន​សាធារណជន​នូវ​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ