ជនរងគ្រោះ​ម្នាក់​បកអាក្រាត​អំពើ​ពុករលួយ​របស់​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ

0
156
ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ប្រមាណ ៣០គ្រួសារ​លោក វង់ ដារា។ រូប៖ បណ្ដាញសង្គម
ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ប្រមាណ ៣០គ្រួសារ​លោក វង់ ដារា។ រូប៖ បណ្ដាញសង្គម

បុរស​ម្នាក់​ដែល​អះអាង​ថា ជា​ជន​រងគ្រោះ បាន​ចេញ​មុខ​បកអាក្រាត​ជា​សាធារណៈ​អំពើ​ពុក​រលួយ​របស់​ព្រះ​រាជអាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ច្រឹង ខ្មៅ និង​បក្ខពួក ព្រម​ទាំង​ការ​សូក​ប៉ាន់​ទិញ​តួនាទី​ចូល​បម្រើ​ការងារ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​មន្ត្រី​តុលាការ​ទាំង​មូល។ អ្នក​ឃ្លាំ​មើល​យល់​ថា ប្រទេស​កម្ពុជា នឹង​កាន់តែ​ចុះ​ទន់ខ្សោយ​ថែម​ទៀត ប្រសិនបើ​រដ្ឋាភិបាល​មិន​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឡើង​វិញ និង​លុប​បំបាត់​អំពើ​ពុក​រលួយ។

រយៈពេល​ជាយូរ​មក​ហើយ ដែល​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​រង​ការ​រិះគន់​ថា មាន​អំពើ​ពុក​រលួយ​ចាក់​ស្រេះ កាត់ក្តី​តាម​ទម្ងន់​ទឹកប្រាក់ ហើយ​ពលរដ្ឋ​ស្លូតត្រង់​រងភាព​អយុត្តិធម៌​ជាច្រើន។ ជន​រងគ្រោះ​ម្នាក់​បាន​ចេញ​មុខ​លាត​ត្រដាង​អំពើ​អយុត្តិធម៌​ដែល​ខ្លួន​ជួប​ប្រទះ និងការ​សូកប៉ាន់​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ទិញ​តួនាទី ចាប់​ពី​ថ្នាក់​ក្រោម ដល់​ថ្នាក់​កំពូល ដើម្បី​បាន​បម្រើការ​ក្នុង​ស្ថាប័ន​តុលាការ​នៅ​កម្ពុជា។

ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ប្រមាណ ៣០គ្រួសារ​ផ្សេងទៀត គឺ​លោក វង់ ដារា បាន​បង្ហោះ​វីដេអូ​ឃ្លីប​ប្រមាណ​ជាង១៣នាទី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ រៀបរាប់​ថា គ្រួសារ​របស់​លោក​ទទួល​រង​ភាព​អយុត្តិធម៌​ពី​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ គឺ​លោក ច្រឹង ខ្មៅ និង​បក្ខពួក បាន​ជំរិត​ទាប្រាក់ គាបស៊ី អស់​រយៈពេល​ជាង១០ឆ្នាំ​មក​ហើយ។ លោក​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ស៊ី​ជម្រៅ និង​ជា​ប្រព័ន្ធ ចាប់​តាំង​ពី​ក្រឡា​បញ្ចី​រហូត​ដល់​ព្រះ​រាជ​អាជ្ញា និង​មេធាវី ដែល​លោក​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​បញ្ជាក់​ថា ដោយសារ​តែ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​២នេះ​ហើយ ដែល​បាន​ប្រែក្លាយ​រឿង​ក្តី​របស់​គ្រួសារ​លោក និង​ជន​រងគ្រោះ​ជា​ច្រើន​ទៀត ពី​ជន​រងគ្រោះ មក​ជា​ជនល្មើស​វិញ។

លោក វង់ ដារា លើកឡើង​ពី​ការ​សូកប៉ាន់​លុយ​ទិញ​តួនាទី​នៅ​ទូទាំង​សាលា​ដំបូង​ខេត្ត​និង​រាជធានី​ភ្នំពេញ​ថា ប្រសិន​បើ​ចង់​បាន​តួនាទី​ជា​ក្រឡា​បញ្ជី គឺត្រូវ​សូកប៉ាន់​មន្ត្រី​នៅ​ក្រសួង​យុត្តិធម៌​ចំនួន​ចន្លោះ​ពី ២ម៉ឺន ៥ពាន់ទៅ ៤ម៉ឺនដុល្លារ តាម​កម្រិត​ភាព​ស្នឹទស្នាល​ជាមួយ​មន្ត្រី​ថ្នាក់​កំពូល។ តួនាទី​ជា​ចៅក្រម និង​ព្រះរាជ​អាជ្ញា ត្រូវ​បង់ប្រាក់​ចំនួន ១០ម៉ឺន​ដុល្លារ សម្រាប់​ប៉ុស្តិ៍​ឆ្ងាយៗ​នៅ​តាម​ខេត្ត​ដែល​មិន​អាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បាន​ច្រើន ហើយ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បង់​លើស​ពី១០ម៉ឺន​ដុល្លារ​សម្រាប់​ប៉ុស្តិ៍​ល្អៗ មានន័យ​ថា ជា​កន្លែង​ដែល​អាច​ប្រព្រឹត្ត​អំពើ​ពុករលួយ ជំរិត​ទារប្រាក់​ពី​ជន​រងគ្រោះ​បាន​ច្រើន សូម្បី​ការ​ជ្រើស​រើស​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ដោយ​ក្រសួង​យុត្តិធម៌​ផ្ទាល់​ក៏​ដូចគ្នា។ រីឯ តូនាទី​ជា​មេធាវី ត្រូវ​ចំណាយ​ប្រាក់​សូកប៉ាន់ ចន្លោះ​ពី ២ម៉ឺន ទៅ​៣ម៉ឺន​៥ពាន់​ដុល្លារ តាម​រយៈ​គណៈ​មេ​ធាវី​នៅកម្ពុជា។

លោក វង់ ដារា៖ «បងប្អូន គិត​មើល​ថា ប្រសិនបើ​បងប្អូន មាន​បញ្ហា ដើម្បី​ស្វែង​រកយុត្តិធម៌​ណាស់ ពេល​ដែល​យើង រង​ការ​អយុត្តិធម៌ តើ​ប្រព័ន្ធ​តុលាការ​មួយ​នេះ អាច​ផ្ដល់​យុត្តិធម៌​ឲ្យ​យើង​បាន​ទេ ប្រសិនបើ​តុលាការ​ទាំង​មូល ជា​ប្រព័ន្ធ​មួយ ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ យ៉ាង​ស៊ី​ជម្រៅ និង​ជា​ប្រព័ន្ធ​មួយ​វិញ​ទៀត? តាម​ដែល​ខ្ញុំ​ដឹង បាទ ក្រសួង​យុត្តិធម៌ ក៏​គាត់​ក៏​មាន បង្កើត​គណៈកម្មការ ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី នៅ​តាម​សាលា​ដំបូង​មួយៗ នៅ​តាម​បណ្តា​ខេត្ត ក៏​ដូចជា​រាជធានី​ភ្នំពេញ។ ប៉ុន្តែ សមាជិក​នៃ​គណៈកម្មការ​ទាំង​អស់​នោះ គឺ​មក​ពី​សាលា​ដំបូង នៃ​បណ្តា​ខេត្ត ក៏​ដូចជា​សាលា​ដំបូង​ពាក់ព័ន្ធ​ទាំង​អស់។ អញ្ចឹង មាន​ន័យ​ថា គាត់​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ ហើយ​ទៅ​ចាប់​ពុករលួយ​យ៉ាង​ម៉េច? ចាប់​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ម៉េច? ចាប់​ម៉េច​បាទ? មាន​ន័យ​ថា គាត់​គឺ ជា​ចោរ ហើយ​ទៅ​ចាប់​ចោរ ចាប់​មិន​បាន​ទេ បាទ។ ធ្វើ​ម៉េច​ចាប់​បាន​បាទ?»។

លោក វង់ ដារា ស្នើសុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បើកការ​ស៊ើប​អង្កេត​ទៅ​លើលោក ច្រឹង ខ្មៅ និង​បក្ខពួក ដោយ​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ទាំង​នោះ ទៅ​ជួយ​ពលរដ្ឋ​រងគ្រោះ និង​ទាហាន​ខ្មែរ​ដែល​កំពុង​ឈរជើង​នៅ​តាម​ព្រំដែន។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​ពិចារណា​កែ​ទម្រង់​ឲ្យ​បាន​ស៊ី​ជម្រៅ​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា កាត់​ផ្តាច់​ឬស​គល់​នៃ​អំពើ​ពុករលួយ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ដែល​លោក​យល់​ថា វាជា​ជំងឺ​មហារីក​ដែល​អាច​បង្ក​ឲ្យ​កម្ពុជា​វិនាស​ហិនហោច​ដោយសារ​បុគ្គល​ទាំង​នោះ។

មិន​តែ​ប៉ុណ្ណោះ លោក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ពាក្យ​ស្លោក​ថា «ខ្មែរ​ធ្វើ​បាន» ចេញ ដែល​លោក​ហាក់​ចង់​បង្ហាញ​ថា វាមិន​សាក​សម ព្រោះ​ពាក្យ​ស្លោក​នោះ ធ្វើ​ឲ្យ​លោក​ឈឺចាប់ និង​រងគ្រោះ​ពី​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​យកប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​ធ្វើ​ទុក្ខ​បុកម្នេញ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ ហ៊ាន​និយាយ​ការ​ពិត ខ្វាយ​ខ្វល់​ពី​ព្រំដែន អ្នក​ការពារ​ធនធាន​ធម្មជាតិ និង​អ្នក​ស្នេហា​ជាតិ​ទាំង​អស់​ផងដែរ។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សួរនាំ​ពី​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ តុលា នេះ។ ចំណែក អ្នកនាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក សយ ច័ន្ទវិចិត្រ មិន​លើក​ទូរស័ព្ទ។

កន្លង​មក ប្រជា​ពលរដ្ឋ អ្នកវិភាគ អង្គការ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​ក៏ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ និង​បង្ហាញ​ក្តី​បារម្ភ​ជុំវិញ​ការ​អនុវត្ត​ស្តង់ដារ​២នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នយោបាយ ដើម្បី​ការពារ​អំណាច ដូចជា​ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​នយោបាយ សកម្មជន​សង្គម សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិ​មនុស្ស​ជា​បន្ត​បន្ទាប់។ អ្នក​ជាប់ឃុំ​ដោយ​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​ជាង១០០នាក់​ហើយ តាម​ការ​ចងក្រង​របស់​អង្គការ​លីកាដូ ដែល​រងភាព​អយុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត មាន​ប្រសាសន៍​ថា អំពើ​ពុករលួយ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នេះ កើត​មាន​តាំង​ពី​ជំនាន់​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី ហើយ​បន្តមក​ដល់​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ទៀត។ លោក​ថា តុលាការ របប​មួយ​នេះ មិន​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​បាន​ឡើយ ផ្ទុយ​ទៅ​វិញ​ពួកគេ​ប្រើ​ប្រាស់​តុលាការ​នេះ ដើម្បី​កាត់​ទោស​ជន​ស្លូត​ត្រង់​ដែល​ហ៊ាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​គ្រួសារ​ត្រកូល​ហ៊ុន។ លោក​លើក​ឡើង​ថា អ្នក​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​មួយ​ចំនួន ទោះ​មាន​សមត្ថភាព ក៏​មិន​ប្រាកដ​ថា អាច​ចូល​បម្រើ​ការ​ក្នុង​តុលាការ​ដោយ​អព្យា​ក្រឹត្ត​បាន​ដែរ ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​ប្រើ​ប្រាស់​ខ្សែរ​ស្រឡាយ និង​ការ​សូក​ប៉ាន់​ទើប​អាច​ចូល​ធ្វើការ​បាន។

លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គួរ​បោស​សម្អាត​អំពើ​ពុករលួយ​នេះ​ចេញ ដើម្បី​កុំ​ឲ្យ​កម្ពុជា​ធ្លាក់​ដុនដាប​ជាង​នេះ និង​រងភាព​អាម៉ាស​នៅ​លើ​ឆាក​អន្តរជាតិ។

លោក ម៉ែន ណាត៖ «ហើយ​អាពួក​តុលាការ ពួក​ក្រឡា​បញ្ជី ពួក​ព្រះរាជ​អាជ្ញា ពួក​អី​អស់​ហ្នឹង គឺ​កោសរូស អ្នក​គ្នា​ជា​ជន​រងគ្រោះ ដែល​ជា​អតិថិជន​ហ្នឹង តាម​តែ​ខ្លួន​ឯង​ចង់​បាន ហើយ​ស៊ីលុយ​ទាំង​សងខាង។ ហើយ​អញ្ចឹងៗ​អីតើ ប្រជាពលរដ្ឋ​ដែល​គាត់​ទៅ​ពឹង​ ក្រសួង យុត្តិធម៌​មិច​បាន ហើយ​ទៅ​ពឹង​តុលាការ ឲ្យ​ផ្ដល់​យុត្តិធម៌​ឲ្យ​មិច​បាន វា​អញ្ចឹង​ហា៎ វា​ទៅ​ជា​រឿង​ស្អុយ​រលួយ​ពេញ​ស្ថាប័ន​យុត្តិធម៌​អស់​ទៅ។ រួច​តុលាការ​មិនមែន​កន្លែង​រកស៊ី​ទេ គឺ​កន្លែង​ដែល​បម្រើ​សេវា ផ្ដល់​យុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ។ តែ​ផ្ទុយ​ទៅ​វិញ តុលាការ​បច្ចុប្បន្ន​វា​ទៅ​ជា​កន្លែង ទីផ្សារ ដោះដូរ​ទំនិញ​ ផ្ដល់​លុយ អ្នក​ណា​ឲ្យ​លុយ​ច្រើន​កាត់​ឲ្យ​អ្នក​ហ្នឹង​ឈ្នះ អ្នក​ណា​ឲ្យ​លុយ​តិច​កាត់​ឲ្យ​ចាញ់ វា​ទៅ​ជា​កន្លែង​អញ្ចឹង​ទៅ»។

អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើប្រាស់​តុលាការ​ចោទ​ប្រកាន់​បទ​ព្រហ្ម​ទណ្ឌ ដូចជា បទ​ញុះញង់ ឬ​បទ​រួម​គំនិត​ក្បត់ ទៅ​លើ​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​បរិស្ថាន យុវជន និង​សមាជិក​បក្ស​ប្រឆាំង ដោយ​គ្រាន់តែ​ពួកគេ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋាន​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ ពួកគេ​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ជ្រៀត​ជ្រែក​លើ​ប្រព័ន្ធ​យុត្តិធម៌ លុប​បំបាត់​អំពើ​ពុករលួយ ពង្រឹង​ឯករាជ្យ​ភាព និង​តម្លាភាព​នៃ​ប្រព័ន្ធ​តុលាការ និង​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​ប្រជា​ធិបតេយ្យ​ឡើង​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ